ខ្មែរប៉ុស្ដិ៍ Close

សាលា Ecole 42 របស់បារាំង ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា កំពុងរៀបចំបើកការបណ្តុះបណ្តាលនៅកម្ពុជា

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 100
សាលា Ecole 42 របស់បារាំង ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា កំពុងរៀបចំបើកការបណ្តុះបណ្តាលនៅកម្ពុជា សាលា Ecole 42 របស់បារាំង ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា កំពុងរៀបចំបើកការបណ្តុះបណ្តាលនៅកម្ពុជា

សាលា Ecole 42 របស់បារាំង កំពុងរៀបចំបើកការបណ្តុះបណ្តាលនៅកម្ពុជា។ ព័ត៌មាននេះ ត្រូវបានបញ្ជាក់ដោយលោកស្រី Sophie Viger នាយិកាសាលា Ecole 42 ពេលចូលជួបពិភាក្សាការងារជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងជំនួបនោះ លោកស្រីនាយិកា បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីសកម្មភាព​បណ្តុះ​បណ្តាលរបស់សាលា Ecole 42 ដែលជាស្ថាប័នអប់រំមានភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យា ដែលផ្តល់​នូវ​ការសិក្សាដោយឥតគិតថ្លៃ ជាមួយគោលបំណងផ្តល់ឱ្យសិស្សានុសិស្សនូវជំនាញ និងចំណេះដឹង​សម្រាប់​អាជីពផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍកម្មវិធីកុំព្យូទ័រ។ គម្រូនៃកម្មវិធីអប់រំរបស់សាលា Ecole 42 គឺផ្តោត​លើ​ការរៀនសូត្របន្ត និងជាមួយមិត្តភក្តិ ដែលជាសិស្សានុសិស្សដូចគ្នា ដោយមានកិច្ចសហការ និងការជួយ​គ្នា​ទៅវិញទៅមកក្នុងការសិក្សារៀនសូត្រ។ ដោយឡែកនៅកម្ពុជា សាលា Ecole 42 បាននិងកំពុង​សហ​ការ​ជាមួយដៃគូក្នុងស្រុក ដើម្បីរៀបចំដំណើរការនៃកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញក្តីរីករាយ និងស្វាគមន៍ចំពោះវត្តមានរបស់សាលា Ecole 42 នៅកម្ពុជា ព្រមទាំងបានលេីកទឹកចិត្តឱ្យសាលាខិតខំជំរុញ និងលើកកម្ពស់បន្ថែមទៀតនូវ​ដំណើរ​ការនៃការអប់រំ និងបណ្តុះបណ្តាលរបស់ខ្លួន សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅ​ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមដំណើរវិវឌ្ឍជឿនលឿននៃបច្ចេកវិទ្យាក្នុងសម័យកាលបច្ចុប្បន្ន និងតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារនៅកម្ពុជា៕

អត្ថបទទាក់ទង