កម្ពុជារកចំណូលបាន ជាង៥៣៧លានដុល្លារក្នុងឆ្នាំ២០២៣ ពីការលក់ផលិតផលកៅស៊ូ កើនឡើង១.២%
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលបានជាង៥៣៧លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើង១.២% បើធៀបនឹងឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ លោក ហ៊ឹម អូន បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២៣ ចំណូលសរុបទទួលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២»។
លោក ហ៊ឹម អូន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការនាំចេញកៅស៊ូ សម្រេចបានចំនួន ៣៦៨,០៤៨តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៤៩០.៦លានដុល្លារអាមេរិក ថយចុះប្រមាណចំនួន ៤,៨៥៥តោន ស្មើនឹង-១.៣% ធៀបឆ្នាំ២០២២ និងប្រាក់ចំណូល ពីការនាំចេញកៅស៊ូថយ ចុះប្រមាណចំនួន ៣៧លានដុល្លារសហរដ្ឋអាមេរិក ស្មើនឹង-៧% ដោយសារមានការប្រើប្រាស់ផលិតផលកៅស៊ូនៅក្នុងស្រុក។
ដោយឡែក ចំពោះការនាំចេញឈើកៅស៊ូ មានចំនួន ៩,៤១១ម៉ែត្រគូប គិតជាទឹកប្រាក់ប្រមាណចំនួន ១.៦លានដុល្លារអាមេរិក និង ការប្រើប្រាស់ផលិតផលកៅស៊ូក្នុងស្រុកចំនួន ៣០,៤៥២តោន គិតជាទឹកប្រាក់ប្រមាណចំនួន៤៥.៧លានដុល្លារអាមេរិក។ នេះជាការបញ្ជាក់បន្ថែម របស់លោក ហ៊ឹម អូន។
អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងទៀតថា ថ្លៃលក់កៅស៊ូសម្រាប់ការនាំចេញជាមធ្យម ១,៣៣៣ដុល្លារអាមេរិក ក្នុងមួយតោន ថយចុះ ៨២ដុល្លារអាមេរិក ស្នើនឹង-៥.៧% ធៀបឆ្នាំ២០២២។ ថ្លៃលក់ឈើកៅស៊ូសម្រាប់ការនំាចេញជាមធ្យម ១៦៩ដុល្លារអាមេរិក ក្នុងមួយម៉ែត្រគូប កើនឡើង១៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រគូប ស្មើនឹង៩.៧% ធៀបឆ្នាំ២០២២។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន៣២០ ១៨៤ហិកតា ស្មើនឹង៧៩% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១%។
ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕
Credit: Fresh News