ខ្មែរប៉ុស្ដិ៍ Close

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៥ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 7
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សាលើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនដល់ ក.ស.វ. ដោយរួមទាំងការរៀបចំក្រុមការងារ ដោយមានសមាសភាពដែលមានគុណវុឌ្ឍិខ្ពស់ និងការបង្កើនកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់គុណភាព ទាំងទម្រង់ និងទាំងជម្រៅខ្លឹមសារ នៃការងាររៀបចំសេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាការងារសិក្សាស្រាវជ្រាវលើប្រធានបទផ្សេងៗ ដើម្បីជាគុណប្រយោជន៍សម្រាប់ការតាក់តែង និងការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាការកែទម្រង់របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ ក.ស.វ. ឱ្យសម្រួចលើការសិក្សាស្រាវជ្រាវអនុវត្ត (Applied Research) ទាំងកម្រិតម៉ាក្រូ កម្រិតវិស័យ និងកម្រិតមីក្រូ លើបញ្ហារចនាសម្ព័ន្ធ ដោយផ្តោតការគិតគូរជាពិសេសទៅលើបរិយាកាសធុរកិច្ច បញ្ហាជំនាញ និងការទាក់ទាញការវិនិយោគបរទេស ហើយត្រូវផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវអនុវត្តខាងលើឱ្យបានទូលំទូលាយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានជំរុញការរៀបចំ និងអនុវត្តគម្រោងសហគមន៍អ្នកស្រាវជ្រាវនៅកម្ពុជាឱ្យបានឆាប់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការឡើងវិញ នូវគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment-RIA) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈការវាយតម្លៃលើផលប៉ះពាល់នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ មកលើដំណើរអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសមកលើធុរកិច្ច ការវិនិយោគ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដោយផ្តោតលើការបន្ថយចំណាយអនុលោមភាព (Compliance Cost) និងបន្ទុកដល់ធុរកិច្ច និងការវិនិយោគ ព្រមទាំងផលប៉ះពាល់អវិជ្ជមានមកលើភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាបរិស្ថាន និងសង្គមទាំងមូល តាមរយៈការធ្វើស្ថាប័នភាវូបនីយកម្ម នៃការត្រួតពិនិត្យការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅតាមអង្គភាពនីតិកម្មរបស់ក្រសួង-ស្ថាប័ននានា ហើយទីស្តីគណៈរដ្ឋមន្ត្រីបំពេញតួនាទីជាអ្នកសម្របសម្រួល និងផ្តល់ការបណ្តុះ
បណ្តាល ផ្សព្វផ្សាយ និងការគាំទ្រ។ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការសម្របសម្រួលជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការចូលរួមពិនិត្យនិងផ្តល់យោបល់លើ
សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរដល់ថ្នាក់ដឹកនាំនៃ ក.ស.វ. ដើម្បីពង្រឹងប្រព័ន្ធការងារ និងការប្រើប្រាស់ធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស តាមរយៈការរៀបចំផែនការអភិវឌ្ឍស្ថាប័ន និងផែនការយុទ្ធសាស្រ្តរបស់ ក.ស.វ.។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានមានប្រសាសន៏ផ្តល់ការលើកទឹកចិត្ត ឱ្យប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឱ្យអស់លទ្ធភាព ទន្ទឹមនឹងការកៀគរបញ្ញាវន្តដែលមានជំនាញបច្ចេកទេសកម្រ និងកម្រិតខ្ពស់ ទាំងពីក្នុង និងក្រៅប្រទេស ដើម្បីឱ្យ ក.ស.វ. អាចបំពេញនូវតួនាទីរបស់ខ្លួនជាធនាគារខួរក្បាលមួយរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃ ក.ស.វ. ឱ្យបន្តវប្បធម៌នៃការផ្លាស់ប្តូរ ចែករំលែក មតិយោបល់ ក្រោមស្មារតីវិជ្ជាជីវៈខ្ពស់ បើទោះបីជាពេលខ្លះមានការខ្វែងយោបល់ និងមតិក៏ដោយ ក្នុងគោលដៅបង្កើតវឌ្ឍនភាព និងការរីកចម្រើនជូនស្ថាប័ន និងប្រទេសជាតិ៕

អត្ថបទទាក់ទង