ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១.៧% នៅត្រឹម ឆ្នាំ២០៣០

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 15
កម្ពុជាប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១.៧% នៅត្រឹម ឆ្នាំ២០៣០ កម្ពុជាប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១.៧% នៅត្រឹម ឆ្នាំ២០៣០

(សៀមរាប)៖ លោក អ៊ាង សុផល្លែត ក្រសួងបរិស្ថានកម្ពុជា បានលើកឡើងថា កម្ពុជាបានប្តេជ្ញាសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៤១.៧% នៅត្រឹម ឆ្នាំ២០៣០ ហើយរាជរដ្ឋាភិបាលបានចាត់វិធានការ និងយុទ្ធសាស្ត្រជាច្រើន ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្រ្ត ការប្រែប្រួលអាកាសធាតុ រួមទាំងការអនុម័តក្រមបរិស្ថាន និងធនធានធម្មជាតិ និងការដាក់ឱ្យដំណើរ នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលដំណាក់កាលទី៧។

ក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៣ (CCCS23) ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា វាច្បាស់ណាស់ថា ការប្រែប្រួលអាកាស ធាតុ គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះពិភពលោក។

លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រកាសអំពីយុទ្ធសាស្រ្តចក្រាបរិស្ថានថ្មី ២០២៣-២០២៨ ដែលនឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា៖ «យើងត្រូវតែផ្តោតការយកចិត្តទុកដាក់មិនត្រឹមតែលើការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវការសកម្មភាពជាក់ស្តែងផងដែរ ដើម្បីគាំទ្រដល់តម្រូវការរបស់ពលរដ្ឋដែលរងផលប៉ះពាល់ដោយ ការប្រែប្រួលអាកាសធាតុ។ យើងត្រូវធ្វើការរួមគ្នាដើម្បីការពារបរិស្ថានរបស់យើង និងធានាអនាគតប្រកប ដោយនិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាទាំងអស់»

លោក ចាស្ទីន វ៉ាយអាត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ការប្រែប្រួលអាកាស ធាតុគឺជាការគំរាមកំហែងដ៏ធំបំផុតមួយ ដែលយើងកំពុងប្រឈម។ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសមួយដើម្បីពិភាក្សាអំពីសកម្មភាពជាក់ស្តែង ដើម្បីសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និង សម្រេចបាននូវអាព្យាក្រឹតកាបូន ត្រឹមឆ្នាំ២០៥០»

លោកបានបន្ថែមថា ប្រទេសអូស្ត្រាលី កំពុងបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពលើបញ្ហាបម្រែបម្រួលអាកាស ធាតុនៅក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធី CAPRED យើងនឹងតភ្ជាប់ភ្លើងអគ្គិសនីស្អាតទៅកាន់ភូមិដែល មិនមានថាមពលអគ្គិសនីប្រើប្រាស់បង្កើនសុវត្ថិភាពទឹកតាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនៅតាមជនបទកម្ពុជា និងគាំទ្រគំរូអាជីវកម្មគ្មានកាកសំណល់ក្នុងវិស័យកសិកម្ម។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះនៅពេលដែលកម្ពុជា និងពិភពលោកកំពុងរៀបចំសម្រាប់ សន្និសីទ អាកាសធាតុពិភពលោក COP លើកទី២៨ នៅទីក្រុងឌូបៃ។

លោកថា «យើងធ្វើការរួមគ្នាដើម្បីធ្វើឱ្យប្រសើរឡើងលើកិច្ចការសម្របសម្រួលរបស់យើង និងកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រយុទ្ធសាស្ត្ររបស់កម្ពុជា ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន»

ឯកអគ្គរដ្ឋទូត Murphy បានបន្ថែមថា «សហរដ្ឋអាមេរិកបានវិនិយោគទឹកប្រាក់ជាង ១០០លានដុល្លារ នៃជំនួយអន្តរជាតិដោយផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការសម្របសម្រួលការលក់ឥណទានកាបូនជាង ៤០លានដុល្លារទៅឱ្យក្រុមហ៊ុនអាមេរិកដូចជា ក្រុមហ៊ុន Disney និង Delt»

អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សានៃអង្គការ MFI បានលើកឡើងថា កិច្ចប្រជុំកំពូលបានគូសបញ្ជាក់ពីការយល់ដឹងរួមគ្នាថា ការដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ គឺមិនអាចកាត់ផ្តាច់ពីការគិតគូពីអនាគតរបស់មនុស្សជំនាន់ក្រោយ ប្រទេសជាតិ និងពិភពលោកបានទេ។

លោកលោកថា៖ «អង្គការ MFI បានពិនិត្យ មើលលើបញ្ហាទាំងនេះ ហើយបានរកឃើញថា ការប្រែប្រួលអាកាសធាតុ គឺពិតជាបញ្ហាដ៏សំខាន់បំផុត ជាពិសេសសម្រាប់អ្នកដែលងាយរងគ្រោះបំផុត»

លោក Allen Tan អគ្គនាយកនៃអង្គការ MFI បានថ្លែងថា កិច្ចប្រជុំកំពូលនៅឆ្នាំនេះបានទទួលជោគជ័យយ៉ាងខ្លាំង ដោយមានអ្នកចូលរួមជាង ៣៣០នាក់ រួមមានអ្នកជំនាញអាកាសធាតុ និងអ្នកពាក់ព័ន្ធមកពីរដ្ឋាភិបាល វិស័យឯកជន និងទីភ្នាក់ងារអភិវឌ្ឍន៍ ក៏ដូចជាតំណាងយុវជនដ៏លេចធ្លោផងដែរ។

លោក Markus Bürli នាយក SDC នៅកម្ពុជា បានថ្លែងថា «យើងត្រូវធ្វើឱ្យប្រាកដថា បច្ចេកវិទ្យា និងសេវាកម្មដែលបានបង្កើតឡើង អាចជួយកាត់បន្ថយ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់ឱ្យអនុវត្ត»

Credit: Fresh News

អត្ថបទទាក់ទង