ខ្មែរប៉ុស្ដិ៍ Close

បណ្ឌិត កៅ គឹមហួន បំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នាសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 79
បណ្ឌិត កៅ គឹមហួន បំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នាសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេសបណ្ឌិត កៅ គឹមហួន បំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នាសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស

(ទីក្រុងឡុងដ៏-អង់គ្លេស)៖ តបតាមការអញ្ជើញរបស់ក្រសួងការបរទេសចក្រភពអង់គ្លេស លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅប្រទេសអង់គ្លេស ហើយនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងឡុងដ៏ លោកបានជួបពិភាក្សាការងារជាមួយតំណាងក្រសួងការបរទេស ព្រមទាំងក្រសួងធុរកិច្ច និងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស។

 

នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សាអំពីអាទិភាពរបស់លោកបណ្ឌិត កៅ គឹមហួន នៅក្នុងអាណត្តិជាអគ្គលេខាធិការអាស៊ាន ព្រមទាំងការត្រៀមរៀបចំធ្វើជាប្រធានអាស៊ានរបស់ប្រទេសឡាវនាពលេខាងមុខ។

 

ក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ គឹមហួន បានជួបទ្វេភាគីជាមួយអនុរដ្ឋមន្ត្រីក្រសួងធុរកិច្ច និងពាណិជ្ជកម្មអង់គ្លេស លោក Nigel Huddleston។

 

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-អង់គ្លេសនាពេលខាងមុខ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៅក្នុងវិស័យអាទិភាពសំខាន់ៗរបស់អាស៊ាន ដូចជា បរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង ច្រវាក់ផ្គត់ផ្គត់ប្រកបដោភាពធន់ និងសេវាហិរញ្ញវត្ថុជាដើម។

 

នៅថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាតុមូលវិស័យឯកជនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អង់គ្លេស។ នៅក្នុងកិច្ចពិភាក្សានោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អង់គ្លេស សម្រាប់ការចូលរួមចំណែកនៅក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចនៅក្នុងអាស៊ាន និងអង់គ្លេស ក៏ដូចជា៖ បានរិះរកកិច្ចសហការថ្មីៗទៀតដែលអាចធ្វើទៅបានរវាងអាស៊ាន និងអង់គ្លេស។

 

នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបសាស្ត្រាចារ្យ Sir Steve Smith ដែលជាជើងឯកសិក្សាធិការអន្តរជាតិរបស់រដ្ឋាភិបាលអង់គ្លេស។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សារិះរកវិធីដើម្បីចូលរួមបន្ថែមទៀតរវាងស្ថាប័នសិក្សាធិការរបស់អាស៊ាន និងអង់គ្លេស តាមរយៈអាហារូបករណ៍ ក៏ដូចជា ការផ្លាស់ប្តូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ។

 

ឆ្លៀតក្នុងឱកាសបំពេញទស្សនកិច្ចនេះ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា លោកបណ្ឌិត កៅ គឹមហួន បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Oliver Dowden ឧបនាយករដ្ឋមន្ត្រីអង់គ្លេស។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីភាពជាដៃគូអាស៊ាន-អង់គ្លេស និងបានរិះរកកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

 

បន្ថែមពីនេះ នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានធ្វើបាឋកថា នៅមហាវិទ្យាល័យ Divinity នៃសាកលវិទ្យាល័យ Oxford របស់ចក្រភពអង់គ្លេស នៅទីក្រុង Oxford

 

លោកអគ្គលេខាធិការអាស៊ាន ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយសាស្ត្រាចារ្យ Patrick Grant អធិការបតីរងនៃសាកលវិទ្យាល័យ Oxford ហើយក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស នៅក្នុងវិស័យអប់រំផងដែរ។ នៅក្នុងទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានក្លាយជា សមាជិកកិត្តិយសនៃក្រុមប្រឹក្សាផ្តល់យោបល់អន្តរជាតិ របស់វិទ្យាស្ថានសិក្សាអាស៊ាន នៃសាកលវិទ្យាល័យ Oxford តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ Oxford ផងដែរ។

 

នៅល្ងាចថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារពេលល្ងាចផ្លូវការ ដោយរៀបចំដោយ សាស្ត្រាចារ្យ Paul Chaisty ប្រធានមហាវិទ្យាល័យសិក្សាសកលរបស់សាកលវិទ្យាល័យ Oxford ដែលនាឱកាសនោះ លោកសាស្ត្រាចារ្យបានជម្រាបជូនអំពីផែនការរបស់សាកលវិទ្យាល័យ ក្នុងការបង្កើតវិទ្យាស្ថានសិក្សាអាស៊ាន (Institute of ASEAN Studies) ផងដែរ៕

Credit: Fresh News

អត្ថបទទាក់ទង