ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ និងចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 36

កម្ពុជា បានបញ្ជាក់ពីជំហររបស់ខ្លួន នៅក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេស្ទីន និងអ៉ីស្រាអែល នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយជំហរថា កម្ពុជាមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ និងចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត។

ក្នុងកិច្ចប្រជុំនេះ តំណាងកម្ពុជាបានបញ្ជាក់ទាំងស្រុងដូចតទៅ៖

1. ខ្ញុំមានកិត្តិយសបានឡើងមកធ្វើសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំនេះក្នុងនាមប្រទេសមួយ គឺកម្ពុជាដែលក្នុងពេលមិនយូរប៉ុន្មានកន្លងទៅ ត្រូវបានគ្របដណ្ដប់ដោយភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍ និងវាលពិឃាត ដែលក្នុងខណៈនោះ អ្នកដែលត្រូវចាត់ចូលជា ក្រុមជិះជាន់គេ និងក្រុមរងការជិះជាន់ ត្រូវ បានលេបត្របាក់ដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅ នៃការស្អប់ខ្ពើម ការសងសឹក និងភាពជ្រុលនិយម រហូតនាំទៅដល់ទង្វើឧក្រិដ្ឋកម្មដ៏សាហាវបំផុតប្រឆាំងនឹងមនុស្សជាតិ។

2. គណៈប្រតិភូរបស់ខ្ញុំសូមសម្តែងនូវមរណទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនស្លូតត្រង់ជាច្រើន រួមទាំងជនជាតិខ្មែរម្នាក់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតមកដល់បច្ចុប្បន្ន និងមុនពេលនេះផងដែរ ទាំងនៅក្នុងរដ្ឋប៉ាលេស្ទីន និងរដ្ឋអ៉ីស្រាអែល។ ជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ហេតុនេះកម្ពុជាសូមលើកឡើងនូវជំហរជាគោលការណ៍របស់ខ្លួនលើបញ្ហានេះ ដោយមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ។

3. កម្ពុជាថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា ទុក្ខវេទនា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះ បច្ចុប្បន្ន។

4. ការស្អប់ខ្ពើម និងការសងសឹក នឹងនាំទៅរកវដ្តថ្មីមួយទៀតនៃការស្អប់ខ្ពើម និងការសងសឹក។ សង្គ្រាម មិនអាចបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពយូរអង្វែង ក៏ដូចជាការរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមបាននោះទេ។ គណៈប្រតិភូរបស់ខ្ញុំយល់ច្បាស់ពីអារម្មណ៍ឆេះឆួលដោយភ្លើងកំហឹង ចុក ចាប់ឈឺផ្សា និងទុក្ខសោករបស់ទាំងគ្នា។ យើងបានត្រឹមតែសូមអំពាវនាវ និងសង្ឃឹមថា ការប្រកាន់ ស្មារតីដើរផ្លូវកណ្តាលមិននិយមជ្រុលនឹងឈ្នះ។ ឥឡូវនេះ សំខាន់ជាងពេលណាៗទាំងអស់ ត្រូវមានការដោះស្រាយឫសគល់នៃបញ្ហាជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល ដើម្បីអនុញ្ញាតឲ្យប្រជាជនទាំងពីរ អ៉ីស្រាអែល និងប៉ាឡេស្ទីនអាចរួមរស់នៅជាមួយគ្នាដោយភាពសុខដុម។

5. លោកប្រធានមហាសន្និបាត សូមអនុញ្ញាតឱ្យខ្ញុំលើកឡើងវិញនូវចំណុចចំនួនបី ដែលខ្ញុំបានលើករួច ហើយក្នុងអំឡុងកិច្ចពិភាក្សាបើកចំហរនាពេលថ្មីៗនេះ របស់ក្រុមប្រឹក្សាសន្តិសុខ

ទីមួយ. គួរឲ្យរន្ធត់ចិត្តបំផុត ដោយឃើញការកើនឡើងនូវចំនួនប្រជាជនស៊ីវិលដែលស្លាប់ និងរបួស ព្រមទាំងទុក្ខវេទនាដែលគេត្រូវស៊ូទ្រាំ គណៈប្រតិភូរបស់ខ្ញុំសូមជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ជាទីបំផុត គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ និងចូលរួមដោយស្មារតីស្ថាបនា ធ្វើកិច្ចសន្ទនា ដើម្បីបន្ធូស្ថានការណ៍កុំឲ្យកាន់តែធ្លាក់ដុនដាប ហើយសម្រេចនូវបទឈប់បាញ់ ឬការផ្អាកបាញ់គ្នាជា មនុស្សធម៌។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបញ្ចៀសការរីករាលដាលនៃសង្គ្រាម ហើយព្រមជាមួយគ្នានេះទទួលស្គាល់ចំពោះកង្វល់ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ភាគី ទាំងអស់ ដើម្បីអាចបញ្ចប់វដ្តនៃអំពើហិង្សា។

ទីពីរ. ជីវិត និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិលត្រូវតែទទួលបាននូវការការពារពីគ្រោះថ្នាក់នៅក្នុងជម្លោះ។ គណៈប្រតិភូរបស់ខ្ញុំសូមជំរុញឱ្យមានការដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង។ យើងសូមអំពាវនាវឱ្យភាគីទាំងអស់ ចៀសវាងការវាយប្រហារតម្រង់ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតការបើកច្រកដោយគ្មានឧបសគ្គសម្រាប់ផ្ដល់ជំនួយ មនុស្សធម៌សំខាន់ៗដូចជា អាហារ ទឹក និងថ្នាំពេទ្យ ដល់ប្រជាជនដែលត្រូវការជំនួយ ស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ។

ទីបី យើងខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យរួបរួមគ្នាក្នុងស្មារតីនៃសាមគ្គីភាព និងស្មោះស្ម័គ ពិតប្រាកដ ដើម្បីជំរុញឲ្យមានកិច្ចសន្ទនា និងការចរចាប្រកបដោយអត្ថន័យ នាំទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។

6. សូមមេត្តាបញ្ឈប់ការចង្អុលដៃចោទដាក់គ្នា សូមមេត្តាផ្ដល់ឱកាសឲ្យសន្តិភាព សូមអនុញ្ញាតឲ្យមាន សេចក្តីស្រលាញ់ចំពោះមនុស្សជាតិទាំងអស់នៅលើភពផែនដី ដោយគ្មានការប្រកាន់ពូជសាសន៍ និងជំនឿ។ សូមមេត្តាផ្ដល់អំណាចដល់កម្លាំងនៃស្មារតីដើរផ្លូវកណ្ដាលមិននិយមជ្រុល ដើម្បីអនុញ្ញាតឲ្យប្រជាជនអ៉ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរខាងគ្នាក្នុងសន្តិភាព សន្តិសុខ និងភាពសុខដុមរមនា ជានិរន្តរ៍។

7. ជាថ្មីម្តងទៀត គណៈប្រតិភូរបស់ខ្ញុំសូមកោតសរសើរចំពោះការលះបង់ និងពលីកម្មរបស់បុគ្គលិកអង្គការសហប្រជាជាតិ ព្រមទាំងបុគ្គលិកភ្នាក់ងារមនុស្សធម៌ទាំងឡាយ ដែលបានពុះពារប្រឈមមុខ ហានិភ័យ និងគ្រោះថ្នាក់ ក្នុងការនាំយកនូវជំនួយសង្គ្រោះដល់ប្រជាជនស៊ីវិលស្លូតត្រង់៕

Fresh News