ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់ម្ហូបពិសេសទាំង ១០ របស់ប្រទេសក្នុងតំបន់អាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 169
មកស្គាល់ម្ហូបពិសេសទាំង ១០ របស់ប្រទេសក្នុងតំបន់អាស៊ាន មកស្គាល់ម្ហូបពិសេសទាំង ១០ របស់ប្រទេសក្នុងតំបន់អាស៊ាន

គ្រប់​បណ្ដា​ប្រទេស​នានា លើពិភពលោក សុទ្ធ​តែ​មាន​អាហារ​ប្រចាំ​ប្រទេស​របស់​ខ្លួន មាន​លក្ខណៈ​ប្លែកៗ និង​រសជាតិ​ខុសៗ​ពី​គ្នា។ ដោយ​ឡែក​ថ្ងៃ​នេះ សូម​លើក​យក​ពី​លក្ខណៈ​ពិសេស​នៃ​អាហារ​របស់​ជនជាតិ​ប៉ែក​អាស៊ី​អាគ្នេយ៍​ នៅ​ក្នុង​តំបន់អាស៊ាន ទាំង​១០​ប្រទេស​ដូច​ខាង​ក្រោម​នេះ៖

១.ប្រទេស​កម្ពុជា

ម្ហូប​ខ្មែរ​មាន​លក្ខណៈ​ស្រដៀង​នឹង​ម្ហូប ថៃ វៀតណាម ឥណ្ឌា ចិន និង​បារាំង។ ម្ហូប​ខ្មែរ​មាន​រសជាតិ​ហឹរ តែ​មិន​ហឹរ​ខ្លាំង​ប៉ុន្មាន​ទេ ប្រជាពលរដ្ឋ​ខ្មែរ​តាំង​ពី​បុរាណ​មក​ចូលចិត្ត​ប្រើ​ខ្ទិះ និង​គ្រឿង​ទេស​ជា​ច្រើន​មុខ​ក្នុង​មុខ​ម្ហូប​នីមួយៗ។ ម្ហូប​ពេញ​និយម​របស់​កម្ពុជា និង​តែង​តែ​មាន​វត្តមាន​ទទួល​ភ្ញៀវ​មក​ពី​ប្រទេស​នានា​មាន​ដូចជា៖ អាម៉ុក សម្ល​ការី​ដែល​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា។

ក្រៅ​ពី​នោះ​ជន​ជាតិ​ខ្មែរ​ក៏​ចូលចិត្ត​ទទួល​ទាន​គុយទាវ ដែល​មាន​ឥទ្ធិពល​មក​ពី​ប្រទេស​ចិន។ លក្ខណៈ​ពិសេស​នៃ​ម្ហូប​របស់​ខ្មែរ​មួយ​ទៀត​នោះ គឺ​មិន​ភ្លេច​ឡើយ​បង់​ប្រហុក ដែល​ចាស់​ៗ​តែង​និយាយ​ថា៖ «សម្លសម្លុក សម្លុក​បង់​ប្រហរ​សម្ល​បង់​ប្រហុក»។ ​


(អាម៉ុក)

២. ប្រទេស​ថៃ

អាហារ​ថៃ​ស្ទើរ​តែគ្រប់មុខ ផ្សំឡើង​ដោយ​គ្រឿង​ទេស និង​ឱសថ​រុក្ខជាតិ​ស្រស់ ដែល​មាន​គុណ​សម្បត្តិ​ខាង​ថ្នាំ និង​មាន​ក្លិន​ឈ្ងុយ​ពី​គ្រឿង​ទេស។ អាហារ​ថៃ មាន​ភាព​ខុស​គ្នា​ទៅ​តាម​តំបន់​នីមួយៗ និង​មាន​រសជាតិ​ច្រើន​យ៉ាង​ក្នុង​ចាន​តែ​មួយ ទាំង​ជូរ ផ្អែម ប្រៃ និង​ហឹរ តែ​មាន​រសជាតិ​ឆ្ងាញ់។ មិន​តែ​ប៉ុណ្ណោះ អាហារ​ថៃ​មាន​ពណ៌​ស្រស់​ស្អាត និង​ផ្ចិតផ្ចង់​ក្នុង​ការ​ធ្វើ​តុបតែង​ដោយ​យក​ចិត្ត​ទុក​ដាក់។ អាហារ​ដ៏​ពេញ​និយម​របស់​ថៃ គឺ​តុំយ៉ាំ​បង្កង ផាត់​ថៃ តុម​ខាកៃ ជា​ដើម។


(តុំយ៉ាំ​បង្កង)

៣. ប្រទេស​ម៉ាឡេស៊ី

អាហារ​ម៉ាឡេស៊ី មាន​លក្ខណៈ​ពិសេស គឺ​ប្រើ​ឱសថ​រុក្ខជាតិ គ្រឿង​ទេស ម្ទេស​ហឹរ និង​ចូលចិត្ត​ប្រើ​ម្សៅ​ការី ខ្ទិះ និង​កាពិ​ក្នុង​ការ​ផ្សំគ្រឿង។ អាហារ​ម៉ាឡេស៊ី ជា​អាហារ​មូស្ល៊ីម ប្រើ​សាច់​មាន់ សាច់​គោ សាច់​ចៀម សាច់​ពពែ និង​គ្រឿង​សមុទ្រ ទទួល​ទាន​បាយ​ជាអាហារ​គោល។ ម្ហូប​ពេញ​និយម​មាន​ដូចជា​៖ ណាស៊ី ឡឺម៉ាក (Nasi Lemak) ជា​បាយ​ដាំ​ជាមួយ​ខ្ទិះ និង​ស្លឹក​តើយ ទទួល​ទាន​ជាមួយ​ត្រី​ចៀន​ស្រួយ ត្រសក់​ចិត​ជា​ចំណិត ស៊ុត​ស្ងោ និង​សណ្ដែក​លីង ដែល​ខ្ចប់​ដោយ​ស្លឹក​ចេក ហើយ​តែង​ទទួល​ទាន​ជា​អាហារ​ពេល​ព្រឹក។


(Nasi Lemak)

៤. ប្រទេស​ហ្វីលីពីន

អាហារ​ហ្វីលីពីន​ទទួល​ឥទ្ធិពល ពី​សម័យ​អាណានិគម ទាំង​អេស្ប៉ាញ ព័រទុយហ្គាល ចិន អាមេរិក។ អាហារ​ពេញ​និយម​របស់​ហ្វីលីពីន គឺ ឡេសន (Lechon) ឬ​សាច់​ជ្រូក​អាំង អាដូបូ (Adobo) ជា​ដើម។


(ឡេសន (Lechon))

៥. ប្រទេស​សិង្ហបុរី

ម្ហូប​អាហារ​សិង្ហបុរី មាន​ជា​ច្រើន​មុខ ពី​ជនជាតិ​ជា​ច្រើន ដូចជា៖ ចិន​ដែល​មក​ពី​តំបន់​ហ្វូជៀន និង​ក្វាង​ទុង ម៉ាឡេ ឥណ្ឌា និង​អង់គ្លេស​សម័យ​អាណានិគម។ អាហារ​ពេញ​និយម​មាន​ដូចជា៖ បាយ​ហៃណាំ​ឡាក់​សា (Laksa) បាក់​គុតតេ (Bak Kut Teh) ឬ​ឆ្អឹង​ជំនី​ជ្រូក​ខ្ចី​ស្ងោរ ជាមួយ​ថ្នាំ​ចិន ជាដើម។ ​

៦. ប្រទេស​ឥណ្ឌូណេស៊ី

ជនជាតិ​ឥណ្ឌូណេស៊ី ចូលចិត្ត​ទទួល​ទាន​អាហារ ដែល​មាន​រសជាតិ​ខ្លាំង មាន​គ្រឿង​ទេស​ជា​ច្រើន​ប្រភេទ និង​មាន​ក្លិន​ធ្ងន់។ អាហារ​ពេញ​និយម​មាន​ដូចជា៖ មីកូរ៉េង (Bakmi goreng) ឬ​មីឆា និង​កាដូកាដូ (Gado Gado)។


(មីកូរ៉េង (Bakmi goreng))

៧. ប្រទេស​ប្រ៊ុយណេ

ម្ហូប​ប្រ៊ុយណេ​ស្រដៀង​នឹង​ម្ហូប​ម៉ាឡេស៊ី ដែល​តែងតែ​មាន​រសជាតិ​ហឹរ ហើយ​គេ​ចូលចិត្ត​ទទួល​បាយ និង​គុយទាវ។ ជនជាតិ​ប្រ៊ុយណេ ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម។ ដូច្នេះ​ហើយ​អាហារ​ដែល​ទទួល​ទាន​ជាអាហារ​ឡាល់ ដែល​មាន​រ៉េនដាំង​សាច់គោ (Beef rendang) និង​អាប៊ូ​យ៉ាត់ (Ambuyat)។


(Beef rendang)

៨. ប្រទេស​ឡាវ

ឡាវ​គ្មាន​ផ្លូវ​ទៅ​កាន់​សមុទ្រ ភាគច្រើន​ទទួល​ទាន​ត្រី សាច់​ជ្រូក បន្លែ​ផ្សេងៗ និង​បាយ​ដំណើប។ អាហារ​ពេញ​និយម​មាន​ដូចជា៖ បុកល្ហុង នំ​បញ្ចុក ស៊ុប​ទំពាំង ឡាប មាន់អាំង និង​បាយ​ដំណើប។

៩. ប្រទេស​មីយ៉ាន់ម៉ា

អាហារ​របស់​ភូមា ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា ចិន ឡាវ និង​ថៃ ដែល​ភាគ​ច្រើន​មាន​គ្រឿង​ផ្សំ​ពី​សណ្ដែក ល្ង និង​បន្លែ។ អាហារ​ពេញ​និយម របស់​ភូមាមាន​ដូចជា ឡាផេត (Lahpet) ដោយ​ទទួល​ទាន​តែ​ជ្រក់​ជាមួយ​ខ្ទឹម​បំពង សណ្ដែក​ប្រភេទ​ផ្សេងៗ ល្ង​លីង បង្គា​ក្រៀម ខ្ញី ដួង​លីង​ជាដើម។


(ឡាផេត (Lahpet))

១០. ប្រទេស​វៀតណាម

អាហារ​វៀតណាម មាន​លក្ខណៈ​ពិសេស​ជា​របស់​ខ្លួន និង​ខុស​ប្លែក​ពី​គ្នា​តាម​តំបន់។ អាហារ​វៀតណាម ទទួល​ឥទ្ធិពល​ពី​ចិន និង​បារាំង ដែល​គេ​និយម​ដាក់​បន្លែ​ជា​ច្រើន​ប្រភេទ ដូចជា៖ ស្លឹក​គ្រៃ ស្លឹក​ជីវ៉ាន់ស៊ុយ ជី​អង្កាម ជី​រណា ជា​ដើម។ អាហារ​ពេញ​និយម​របស់​វៀតណាម គឺ ហ្វឺ ណែម និង​បាញ់ឆែវ៕


(ហ្វឺ)