ខ្មែរប៉ុស្ដិ៍ Close

តើលោក Pita មានន័យយ៉ាងណាសម្រាប់ប្រទេសថៃ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 42
តើលោក Pita មានន័យយ៉ាងណាសម្រាប់ប្រទេសថៃ? មេដឹកនាំគណបក្ស Move Forward និងជាបេក្ខជននាយករដ្ឋមន្ត្រី លោក Pita Limjaroenrat បង្ហាញមុខនៅចំពោះអ្នកសារព័ត៌មាន ក្រោយពីសន្និសីទកាសែតនៅទីស្នាក់ការកណ្តាលគណបក្សក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។ មេដឹកនាំគណបក្សប្រឆាំងថៃ Pita Limjaroenrat បាននិយាយថា លោកបានត្រៀមខ្លួនធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់ពីលទ្ធផលបោះឆ្នោតបានបង្ហាញថា ​គណបក្ស​របស់លោកទទួលបានអាសនៈច្រើន​ជាង​គេ​នៅក្នុង​សភា។ (រូបថតដោយ JACK TAYLOR / AFP តាមរយៈ Getty Images)

លោក Pita Limjaroenrat កំពុងឈានចូលទៅក្នុងតំបន់នយោបាយដ៏គ្រោះថ្នាក់ដែលពោរពេញទៅដោយអ្នកនយោបាយ និងរដ្ឋាភិបាលដែលបរាជ័យ។ ជ័យជម្នះដ៏ខ្លាំងក្លារបស់លោក Pita ដែលជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅក្នុងការបោះឆ្នោតនៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រីដ៏វ័យក្មេងបំផុតម្នាក់របស់ប្រទេសថៃនោះ ពិតជាបានបង្ហាញអំពីការប្រឆាំងយ៉ាងធំធេងពីសំណាក់សង្គមថៃចំពោះការគ្រប់គ្រងនយោបាយ និងការធ្វើរដ្ឋប្រហាររបស់ក្រុមយោធា។

លោក Pita ដែលទើបមានអាយុ ៤២ ឆ្នាំ ឥឡូវនេះកំពុងព្យាយាមដើម្បីធ្វើឱ្យគណបក្ស Move Forward (MFP) របស់លោកអាចបង្កើតរដ្ឋាភិបាលចម្រុះមួយរួមគ្នាជាមួយនឹងគណបក្សតូចៗ។

ក្រោយទទួលបានជ័យជម្នះ លោក Pita បាននិយាយថា វាពិតជាមិនងាយស្រួលនោះទេក្នុងការដែលនរណាម្នាក់ចង់ប្រឆាំងនឹងជ័យជម្នះរបស់លោកនោះ។

លោក Pita បាននិយាយនៅក្នុងពិធីមួយថា «ជាមួយនិងលទ្ធផលដែលទទួលបានពីការបោះឆ្នោត វាពិតជារឿងដ៏ពិបាកសម្រាប់អ្នកដែលគិតចង់លុបចោលលទ្ធផលបោះឆ្នោត ឬចង់បង្កើតរដ្ឋាភិបាលភាគតិច»។

សន្លឹកឆ្នោតដែលទទួលបានពីការបោះឆ្នោតនៅថ្ងៃទី ១៤ ឧសភាសម្រាប់សមាជិកសភា ៥០០ នាក់ បានផ្តល់ឱ្យរូបលោក និងបក្ស MFP របស់លោក នូវសំឡេងភាគច្រើនបំផុត បើធៀបនឹងបេក្ខជន ឬគណបក្សផ្សេងៗទៀត។

នៅក្នុងខែកក្កដា ឬខែសីហាខាងមុខ សមាជិកព្រឹទ្ធសភាដែលចំនួន ២៥០ នាក់ ដែលត្រូវបានតែងតាំងដោយរបបយោធា នឹងត្រូវចូលរួមជាមួយសភាដែលទើបនឹងជាប់ឆ្នោតថ្មីដើម្បីធ្វើការតែងតាំងនាយករដ្ឋមន្ត្រី។

លោក Pita បាននិយាយថា «អារម្មណ៍នៃសម័យកាលបានផ្លាស់ប្តូរហើយ វាគឺជាពេលវេលាដ៏ត្រឹមត្រូវ។ ខ្ញុំសូមប្រកាសនៅទីនេះថា បក្ស Move Forward បានត្រៀមខ្លួនជាស្រេចដើម្បីដឹកនាំការបង្កើតរដ្ឋាភិបាលនៅពេលអនាគត»។

អ្នកនយោបាយប្រឆាំងពីមុនៗបានព្យាយាមធ្វើអ្វីដែលជាផែនការរបស់លោក Pita ហើយពួកគេត្រូវបានបញ្ចប់ដោយការរំលាយគណបក្ស និងត្រូវបានហាមឃាត់ដោយតុលាការធម្មនុញ្ញដោយសារតែជម្លោះហិរញ្ញវត្ថុ ឬត្រូវអនុញ្ញាតឱ្យក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែក្រោយមកត្រូវបានផ្តួលរំលំវិញដោយការធ្វើរដ្ឋប្រហារយោធា។

ដោយបានទទួលការអប់រំនៅសាកលវិទ្យាល័យ Harvard និង MIT បទពិសោធន៍នៅសហរដ្ឋអាមេរិករបស់លោក Pita អាចនឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនកាន់តែមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយទីក្រុងបាងកក ខណៈដែលប្រទេសថែតែងតែមានទំនាក់ទំនងល្អស្រាប់ជាមួយមន្ទីរបញ្ចកោណ។

យោងតាមសារព័ត៌មាន Australian Broadcasting Corp លោក Pita បាននិយាយថា «ប្រជាជនថៃបានបង្ហាញថា សន្លឹកឆ្នោតពិតជាខ្លាំងជាងគ្រាប់កាំភ្លើង ដូចអ្វីដែលប្រធានាធិបតីអាមេរិកលោក Abraham Lincoln បាននិយាយកាលពី ២០០ ឆ្នាំមុនអ៊ីចឹង ហើយឥឡូវនេះវាបានកើតឡើងនៅក្នុងប្រទេសថៃហើយនៅក្នុងឆ្នាំនេះ»។

មូលដ្ឋាននយោបាយរបស់លោក Pita នៅក្នុងចំណោមក្រុមមនុស្សវ័យក្មេង ដែលមានភាពស្វាហាប់ មានកម្លាំង និងមានការស្រមើលស្រមៃ បានពង្រីកកាន់តែធំនៅពេលដែលពួកគេបានបញ្ចុះបញ្ចូលសាច់ញាតិចាស់ៗរបស់ពួកគេឱ្យបោះឆ្នោតឲ្យបក្ស MFP។

លោក Pita និងអ្នកគាំទ្រជាច្រើនពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងបាងកកកាលពីថ្ងៃទី ១៥ ឧសភាជុំវិញវិមានប្រជាធិបតេយ្យ ដែលជាទីកន្លែងដែលត្រូវបានគេប្រើប្រាស់ជាញឹកញាប់សម្រាប់ការតវ៉ាដើម្បីគាំទ្រដល់លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងនឹងការធ្វើរដ្ឋប្រហារ។

លោក Pita បានបង្ហាញខ្លួនឯងថា ជាអ្នកប្រឆាំងនឹងមេដឹកនាំយោធាដែលបានដណ្តើមអំណាចតាមរយៈការធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០០៦ និងឆ្នាំ ២០១៤ ហើយបានធ្វើឱ្យប្រជាជាតិកាន់ព្រះពុទ្ធសាសនាភាគច្រើនមួយនេះ ពោរពេញទៅដោយការប៉ះទង្គិចគ្នានៅតាមដងផ្លូវ ការបះបោរនិងការរំខានផ្សេងៗទៀត។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដែលជាអ្នកធ្វើរដ្ឋប្រហារយោធា បង្ហាញមុខនៅចំពោះមុខអ្នកនយោបាយស៊ីវិល។ រូបថត៖ Agencies

ឪពុករបស់លោក គឺជាទីប្រឹក្សាក្រសួងកសិកម្ម ហើយពូរបស់លោកគឺជាជំនួយការរបស់អតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ដែលត្រូវបានគេបណ្តេញចេញពីតំណែងដោយការធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០០៦។

បន្ទាប់ពីចំណាយពេលនៃកុមារភាពមួយផ្នែកនៅប្រទេសនូវែលសេឡង់ លោក Pita បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ Harvard ជាមួយនឹងអនុបណ្ឌិតផ្នែកគោលនយោបាយសាធារណៈ និងពីវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ជាមួយនឹងសញ្ញាបត្រ MBA ។

លោកបានយកគំនិតទាំងនោះទៅអនុវត្តនៅក្នុងក្រុមហ៊ុនប្រេងកន្ទក់របស់ឪពុកលោក និងអាជីវកម្មផ្សេងៗទៀត មុនពេលលែងលះជាមួយភរិយាដែលជាតារាសម្ដែង និងហក់ចូលមកក្នុងឆាកនយោបាយ។

នៅក្នុងចំណោមកម្មវិធីនិយាយពីនេះពីនោះរបស់ប្រទេសថៃដែលមានឈ្មោះថា «hi-so» លោក Pita ទទួលបានការចាប់អារម្មណ៍ថា ជា «កម្លោះដែលគួរឱ្យចាប់អារម្មណ៍» ដែលកំពុងចិញ្ចឹមកូនស្រីវ័យជំទង់ម្នាក់។

បន្ទាប់មកលោក Pita បានចូលរួមជាមួយបក្ស Future Forward (FFP) ថ្មី ដែលមានលក្ខណៈសេរីនិយម និងប្រឆាំងជាមួយរបបយោធា ដែលក្រោយមកក៏ត្រូវបានរំលាយចោលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទទួលបានអាសនៈចំនួន ៨១ និងទទួលបានចំណាត់ថ្នាក់លេខ៣ នៅក្នុងការ បោះឆ្នោតឆ្នាំ ២០១៩។

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ មេដឹកនាំដែលជាមហាសេដ្ឋីរបស់បក្ស FFP គឺ លោក Thanathorn Juangroongruangkit ត្រូវបានតុលាការធម្មនុញ្ញកាត់ទោសពីបទជម្លោះផលប្រយោជន៍ហិរញ្ញវត្ថុ ដែលបានធ្វើឱ្យលោកលែងអាចធ្វើនយោបាយទៀតបាន។

តុលាការបានរំលាយបក្ស FFP ទាំងស្រុងនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ហើយមិនយូរប៉ុន្មានក្រោយមក បក្ស Move Forward បានក្លាយជាការចាប់បដិសន្ធិថ្មីរបស់គណបក្សចាស់ ខណៈលោក Pita បានធ្វើជាអ្នកដឹកនាំជំនួសឱ្យលោក Thanathorn ។

ទោះជាយ៉ាងណាក៏ដោយ អ្នកខ្លះបានសង្ស័យថា លោក Pita មានចេតនាជាអ្នកចេញមុខដើម្បីផ្តល់ឱ្យបក្ស MFP នូវរូបភាព «កណ្តាល» ដែលប្រជាជនអាចទទួលយកបានកាន់តែច្រើន ខណៈដែលសមាជិកខ្លឹមៗជាច្រើនទៀតកំពុងលាក់ខ្លួននៅក្រោយឆាក។

ប្រសិនបើលោកក្លាយជានាយករដ្ឋមន្ត្រី លោក Pita ចង់ធ្វើការបែងចែកឡើងវិញនូវអំណាចនយោបាយនិងហិរញ្ញវត្ថុ និងផ្តល់ជំនួយដល់សហគមន៍នៅទូទាំងប្រទេស ជំនួសឱ្យការផ្តល់អាទិភាព និងការរក្សាអំណាចកណ្តាលនៅក្នុងតែរដ្ឋធានីបាងកក។

លោកក៏មានគម្រោងក្នុងការប្រកួតប្រជែងជាមួយសាជីវកម្មផ្តាច់មុខដែលគ្រប់គ្រងដោយគ្រួសារធំៗរបស់ប្រទេសថៃ ដើម្បីអនុញ្ញាតឱ្យមានការធ្វើពិពិធកម្មកាន់តែច្រើនសម្រាប់អាជីវកម្មខ្នាតតូច និងសហគ្រិនផងដែរ។

អ្វីដែលពិបាកជាងនេះទៅទៀតនោះ គឺលោកចង់បញ្ចប់នូវឥទ្ធិពលរបស់រដ្ឋប្រហារយោធាមកលើព្រឹទ្ធសភាដែលមានអាសនៈចំនួន ២៥០ ដែលត្រូវបានគេបង្កើតឡើងដើម្បីតាមដាន និងគ្រប់គ្រងទៅលើអ្នលនយោបាយដែលជាប់ឆ្នោតនៅក្នុងសភាតំណាងរាស្រ្ត។ លោក Pita ចង់ឱ្យមានការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាឡើងវិញ។

លោកនិងបក្សរបស់លោកក៏ចង់បញ្ចប់ការកេណ្ឌទ័ព និងបានទទូចយ៉ាងក្លាហានឱ្យមានការបើករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដ៏មានឥទ្ធិពលរបស់ប្រទេសថៃឡើងវិញ និងបានទទួចឱ្យមានការត្រួតពិនិត្យជាសាធារណៈ និងការធ្វើកំណែទម្រង់បន្ថែមទៀត។

មេដឹកនាំ​បាតុករ​ម្នាក់​ កំពុងនិយាយ​ទៅកាន់​ហ្វូង​មនុស្ស​ក្នុង​ការ​ជួប​ជុំ​គ្នា ទាមទារ​ឱ្យមានកំណែទម្រង់​របបរាជានិយម​ នៅ​ខាង​ក្រៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ Siam Commercial Bank កាលពី​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។ រូបថត៖ AFP / Vachira Vachira / NurPhoto

យុវជនរាប់ពាន់នាក់បានចេញមកប្រឆាំងជាមួយនឹងក្រុមប៉ូលីសនៅតាមដងផ្លូវនៅក្នុងទីក្រុងបាងកកកាលពីឆ្នាំ ២០២០ តាមរយៈការដើរដង្ហែក្បួនធ្វើការតិះដៀល ឈ្លោះប្រកែកគ្នា ដុតបំផ្លាញ និងធ្វើសកម្មភាពផ្សេងៗទៀតដើម្បីអំពាវនាវឱ្យមានការធ្វើកំណែទម្រង់រាជវង្ស។

លោក Pita បានដឹងថា ការទាមទារនៅតាមដងផ្លូវទាំងនោះបានបណ្តាលឱ្យមានការចាប់ខ្លួនដាក់ពន្ធនាគារ ធ្វើឱ្យមនុស្សរបួសនិងបង្កឱ្យមានការបំភិតបំភ័យ ដែលរួមមានទាំងការកាត់ទោសដាក់ពន្ធនាគារអតិបរមា ១៥ ឆ្នាំសម្រាប់ជនណាម្នាក់ដែលបានប្រព្រឹត្តិលើ្មសនឹងច្បាប់ប្រមាថព្រះមហាក្សត្រ មាត្រា ១១២ ដែលបានការពាររបបរាជានិយមពីការរិះគន់។

សហការីជិតស្និទ្ធបំផុតរបស់លោក Pita នៅក្នុងបក្ស MFP ពិតជាបានចូលរួមយ៉ាងសកម្មនៅក្នុងការតវ៉ាទាំងនោះ។ ឥឡូវនេះលោកចង់ធ្វើឱ្យការជជែកដេញដោលទាំងនោះមានភាពប្រសើរឡើង ដោយប្រែក្លាយពីការជជែកដេញដោលតាមផ្លូវថ្នល់ មកជាការជជែកគ្នានៅក្នុងសភាវិញ។

ប្រធានបទនៃរាជាធិបតេយ្យ គឺជាអ្វីដែលសមាជិកសភាភាគច្រើនទំនងជាមិនចង់ពិភាក្សាក្នុងន័យណាមួយឡើយ ដើម្បីចៀសវាងបង្កឱ្យមានបញ្ហាផ្លូវច្បាប់ ឬដោយសារតែពួកគេពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ន។

លោក Pita បាននិយាយនៅថ្ងៃទី ១៥ ខែឧសភាថា «យើងនឹងប្រើប្រាស់សភាដើម្បីធ្វើឱ្យប្រាកដថា វាគឺជាការពិភាក្សាដ៏ទូលំទូលាយប្រកបដោយភាពចាស់ទុំ និងមានតម្លាភាពនៅក្នុងរបៀបដែលយើងគួរឆ្ពោះទៅមុខនៅក្នុងទំនាក់ទំនងរវាងរាជានិយមនិងមហាជន»។

នៅថ្ងៃបោះឆ្នោត លោក Pita បានប្រាប់ Bangkok Post ថា «មិនថាមានរឿងអ្វីទេ យើងនឹងជំរុញឱ្យមានកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ»។

លោក Pita និងគណបក្ស MFP បច្ចុប្បន្នកំពុងទាញយកការគ្រប់គ្រងទៅលើក្រសួងសំខាន់ៗ បើតាមសេចក្តីរាយការណ៍ ក៏រួមមានទាំងក្រសួងការពារជាតិទៀតផង។ ការប្រឆាំងចំពោះអំណាចយោធានិងរាជវង្ស បានជំរុញឲ្យមានការពិភាក្សាអំពីការធ្វើរដ្ឋប្រហាររួចទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋប្រហារដើម្បីបញ្ឈប់លោក Pita ទំនងជាមិនអាចកើតឡើងនៅក្នុងពេលឆាប់ៗនេះទេ ព្រោះគូប្រជែងអភិរក្សនិយមរបស់លោកមានមធ្យោបាយងាយស្រួលជាងនេះ ដើម្បីសាកល្បងសិន។

លោក Pita កំពុងព្យាយាមបដិសេធចំពោះការចោទប្រកាន់ដែលថាលោកមានជាប់ពាក់ព័ន្ធនៅក្នុងជម្លោះផលប្រយោជន៍ហិរញ្ញវត្ថុ ដោយសារលោកត្រូវបានគេចោទប្រកាន់ថាបានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលសកម្មភាពនេះមិនត្រូវបានគេអនុញ្ញាតនោះទេសម្រាប់អ្នកនយោបាយ នៅក្រោមច្បាប់បោះឆ្នោតរបស់ប្រទេសថៃ។

លោក Pita Limjaroenrat ដែលអាចឬមិនអាចក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ។ រូបភាព៖ Facebook

លោក Pita បាននិយាយថា លោកគ្មានកំហុសទេ ប៉ុន្តែលោកអាចនឹងប្រឈមមុខនឹងការកាត់ទោសនៅតុលាការធម្មនុញ្ញ។ ដៃគូប្រជែងនយោបាយមួយរូបរបស់លោកបានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយដើម្បីឱ្យមានការត្រួតពិនិត្យមើលហិរញ្ញវត្ថុរបស់លោក Pita និងស្នើឱ្យលើកសំណុំរឿងរបស់លោកទៅតុលាការ។

សំណួរដ៏សំខាន់មួយត្រូវបានផ្តោតទៅលើឪពុករបស់លោក Pita ដែលជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ ហើយក្រោយពេលដែលលោកស្លាប់បែបនេះ តើលោក Pita នឹងទទួលបានមរតកភាគហ៊ុនទាំងនោះឬទេ។

ថ្មីៗនេះ លោក Pita បានបង្ហោះសារនៅលើ Twitter ថា «ខ្ញុំមិនព្រួយបារម្ភអំពីករណីនេះទេ ព្រោះភាគហ៊ុនទាំងនោះមិនមែនជារបស់ខ្ញុំ។ វាជាមរតកគ្រួសារ ហើយខ្ញុំជាអ្នកចាត់ចែងរឿងនោះ។ ខ្ញុំបានជម្រាបដល់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយឱ្យដឹងអំពីរឿងនេះជាយូរមកហើយ»៕

Asia Times

អត្ថបទទាក់ទង