លិខិតមិត្តអ្នកអាន៖ ទៀន ជិតរលត់!
ការញុះញង់លាបពណ៌មួលបង្កាច់ការពិត គឺជាយុទ្ធសាស្រ្តពេញនិយមបំផុតដែលក្រុមអ្នកប្រឆាំងផ្កាប់មុខជ្រុលនិយម តែងតែយកមកប្រើប្រាស់ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ឱ្យងាកមកគាំទ្រខ្លួន និងដើម្បីដើរបោកប្រាស់អ្នកនៅក្រៅប្រទេសប្រមូលស្រោមសំបុត្រផងដែរ។ ដោយសារតែមហិច្ឆិតាអំណាច គណបក្សភ្លើងទៀន ក៏បានអនុវត្តតាមយុទ្ធសាស្រ្តនេះផងដែរ ប្រើប្រាស់សារនយោបាយញុះញង់ លាបពណ៌ សន្យាខ្យល់ និងបំផ្លិចបំផ្លាញជាតិ រហូតធ្វើឱ្យប្រជាជនម្ចាស់ឆ្នោត កាន់តែអស់ជំនឿទុកចិត្តឈប់គាំទ្រ។
មានកត្តាមួយចំនួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋ ទាំងក្នុងនិងក្រៅប្រទេស ប្រកាសឈប់គាំទ្រនយោបាយបោកប្រាស់របស់បក្សភ្លើងទៀន ដែលជាមូលហេតុធ្វើឱ្យបក្សនេះ ក៏ឈានដល់ជិតរលត់ ដោយសំអាងលើមូលហេតុមួយចំនួនដូចរួមមាន៖
ទី១- ការញុះញង់លាបពណ៌មួលបង្កាច់៖
ការធ្វើនយោបាយរបស់គណបក្សប្រឆាំងកន្លងមករួមទាំងបក្សភ្លើងទៀនពេលនេះ យើងឃើញមានតែការញុះញង់ លាបពណ៌មួលបង្កាច់គ្រប់រូបភាព ដែលចំណុចនេះ បានធ្វើឱ្យប្រជាពលរដ្ឋឃើញកាន់តែច្បាស់ឡើងៗថា ពួកប្រឆាំង មិនមែនប្រឆាំងរិះគន់ដើម្បីស្ថាបនានោះទេ ប៉ុន្តែជាការប្រឆាំងដើម្បីបំផ្លាញជាតិ និងបំផ្លាញផលប្រយោជន៍ប្រជាជនកម្ពុជាទៅវិញ។
ជាក់ស្តែង ពួកប្រឆាំង រួមទាំងបរិវាររបស់ខ្លួនរួមមាន អង្គការ សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង រួមទាំងពួកវិទ្យុប្រតិកិរិយាមួយចំនួន តែងតែញុះញង់លាបពណ៌មួលបង្កាច់លើបញ្ហាមួយចំនួនដូចជា៖ បញ្ហាព្រំដែន បញ្ហាជនអន្តោប្រវេសន៍ បញ្ហារើសអើងជាតិសាសន៍ បញ្ហាចំណាកស្រុក បញ្ហាអត់ការងារធ្វើ និងបញ្ហាកសិកម្មគ្មានទីផ្សារជាដើម។ ការមូលបង្កាច់បង្ខូចទាំងនេះហើយ ទើបធ្វើឱ្យពួកប្រឆាំងទាំងនោះ ត្រូវបានផ្តន្ទាទោសទៅតាមច្បាប់ ដូចពាក្យចាស់លោកពោលថា «ត្រីកំភ្លាញងាប់ព្រោះមាត់»។
ទី២- ការបោកប្រាស់សន្យាខ្យល់៖
ឱ្យតែជិតដល់រដូវកាលបោះឆ្នោតម្តងៗ ពួកប្រឆាំង រួមទាំងបក្សភ្លើងទៀន តែងតែដើរឃោសនាបោកប្រាស់ប្រជាជនខ្មែរទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស។ នៅក្រៅប្រទេស ពួកគេ ដើរឃោសនាលក់តំណែងខ្យល់ នៅពេលខ្លួនបានឈ្នះឆ្នោតដឹកនាំប្រទេស បើទោះបីជាពួកប្រឆាំងដឹងខ្លួនច្បាស់ថា មិនអាចឈ្នះគណបក្សប្រជាជនកម្ពុជាក៏ដោយ។ នេះគេហៅថា «ពួកសន្យាខ្យល់ប្រមូលស្រោមសំបុត្រ»។
ចំណែកនៅក្នុងស្រុកវិញ ពួកប្រឆាំង តែងតែដើរឃោសនាបោកប្រាស់ពេញៗមាត់ដើម្បីទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោតដូចជា៖ សន្យាដំឡើងប្រាក់ខែមន្រ្តីរាជការ គ្រូបង្រៀន សន្យារកការងារឱ្យប្រជាជនធ្វើ សន្យាផ្តល់ប្រាក់ខែឱ្យមនុស្សចាស់ជរា សន្យាធ្វើឱ្យស្រូវឡើងថ្លៃ សន្យាធ្វើឱ្យអង្ករចុះថោក និងសន្យាធ្វើឱ្យជីវភាពប្រជាជនធូរធាជាដើម។ នេះគេហៅថា «ពួកផ្ទះស្បូវ សន្យាឱ្យគេនៅផ្ទះក្បឿង»។
ទី៣-ការរិះគន់វាយប្រហារនៅពេលគេឈប់គាំទ្រខ្លួន
នយោបាយរបស់បក្សប្រឆាំង រួមទាំងបក្សភ្លើងទៀនផងដែរ តែងតែធ្វើការវាយរិះគន់វាយប្រហារ ទៅលើបុគ្គលទាំងឡាយណាដែលឈប់គាំទ្រខ្លួន ដោយចោទប្រកាន់ថា គេក្បត់ជាតិជាដើម។ ពូកប្រឆាំង មិនដែលគិតពីប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពបញ្ចេញមតិនិងសិទ្ធិក្នុងការសម្រេចចិត្តជ្រើសរើសរបស់ប្រជាពលរដ្ឋនោះទេ។ នេះគេហៅថា «ពួកប្រជាធិបតេយ្យក្លែងក្លាយ»។
ទី៤-ការប្រព្រឹត្តរឿងអាស្រូវពុករលួយនៅក្នុងបក្ស
ពួកនេះមិនទាន់បានកាន់អំណាចផង បក្សភ្លើងទៀន ចាប់ផ្តើមមានរឿងអាស្រូវផ្សេងៗ ពិសេសគឺរឿងអាស្រូវផ្លូវភេទរបស់ លី សុធារ៉ាយុទ្ធ អតីតអគ្គលេខាធិការបក្ស ដែលត្រូវបានបែកធ្លាយនិងចែកចាយពេញបណ្តាញសង្គមនៅពេលកន្លងមក រហូតត្រូវបានគេដកចេញពីតំណែងទៀតផង។ នេះគេហៅថា «ងាប់ព្រោះស្រី»។
វាក៏នៅមានរឿងអាស្រូវពុករលួយនៅក្នុងបក្សភ្លើងទៀនជាច្រើនផ្សេងទៀត ពាក់ព័ន្ធនឹងការឈរឈ្មោះបោះឆ្នោត និងការតែងតាំងនៅក្នុងបក្សជាដើម ដែលបង្ករការមិនពេញចិត្តពីសំណាក់ថ្នាក់ដឹកនាំ សកម្មជន និងសមាជិក សមាជិកាបក្សភ្លើងទៀននៅតាមបណ្តាខេត្តនានា ដែលធ្វើឱ្យពួកគេ បានសម្រេចចិត្តចាកចេញពីបក្សនេះជាបន្តបន្ទាប់។
សរុបមកវិញ យើងសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ ការគាំទ្រចំពោះបក្សភ្លើងទៀន កាន់តែធ្លាក់ចុះខ្លាំងឡើងៗ ហើយការធ្លាក់ចុះនេះដោយសារតែទង្វើអាក្រក់របស់ខ្លួនឯងតែប៉ុណ្ណោះ ដែលរួមមាន៖ ការញុះញង់លាបពណ៌មួលបង្កាច់ ការបោកប្រាស់សន្យាខ្យល់ ការរិះគន់វាយប្រហារពេលគេឈប់គាំទ្រខ្លួន និងការប្រព្រឹត្តរឿងអាស្រូវពុករលួយនៅក្នុងបក្សជាដើម។ល។ ដែលជាមូលហេតុចម្បងធ្វើឱ្យអ្នកគាំទ្រចាប់ផ្តើមចាកចេញជាបន្តបន្ទាប់។
ដូច្នេះ ពន្លឺភ្លើងទៀន នឹងជិតរលត់ហើយ ដោយសារតែ ក្រមួន កំពុងតែរលាយម្តងបន្តិចៗ ពោលគឺសមាជិកសមាជិការបស់ខ្លួន កំពុងតែចាកចេញជាបណ្តើរៗព្រោះតែការអស់ជំនឿចិត្ត ហើយចុងក្រោយពន្លឺភ្លើងទៀន នឹងរលត់ដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកផ្លុំ៕
ដោយ៖ តាំង ករុណា