ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈអ្នកអាន ៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយដើម្បីសងលុយជំពាក់គេទេ»!

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 28
ទស្សនៈអ្នកអាន ៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយដើម្បីសងលុយជំពាក់គេទេ»! ទស្សនៈអ្នកអាន ៖ «ច្បាប់នៅលើលោកនេះគ្មានការអត់ឱនចំពោះអ្នកដែលចេញសែកស្អុយដើម្បីសងលុយជំពាក់គេទេ»!

លោក ថាច់ សេដ្ឋា គឺជាអ្នកនយោបាយ ប៉ុន្តែរឿងរ៉ាវដែលកើតឡើងចំពោះគាត់ពេលនេះគឺជារឿងផ្ទាល់ខ្លួន មិនមែនជារឿងនយោបាយនោះឡើយ។

អ្នកដែលចូលចិត្តលេងល្បែងហើយជំពាក់លុយគេ មិនមែនជារឿងចម្លែក ចំណែកអ្នកចេញសែកស្អុយ (សែកគ្មានលុយ) ដើម្បីសងថ្លៃជំពាក់គេហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលាការ ក៏មិនមែនជារឿងថ្មីថ្មោងនោះដែរ។

មិនថាតែនៅកម្ពុជាទេ សូម្បីតែប្រទេសផ្សេងណាក៏ដោយ ក៏គេត្រូវចាត់វិធានការបែបនេះ ដោយមិនលើកលែងឡើយចំពោះជនបោកប្រាស់ដែលចេញសែកស្អុយដើម្បីសងលុយជំពាក់​ ពីព្រោះនេះជាអំពើបោកប្រាស់។

នៅកម្ពុជា ករណីបែបនេះធ្លាប់បានកើតឡើងជាច្រើនលើកច្រើនសាររួចមកហើយ ចំពោះបុគ្គលជាច្រើនដែលជាអ្នករកស៊ី រឺមន្ត្រីគ្រាក់ៗពាក់ផ្កាយ ។ល។ ​រឿងបែបនេះរឹតតែមិនមែនជារឿងនយោបាយទាល់តែសោះ ដូច្នេះសូមអ្នកនយោបាយមួយចំនួន និងតំណាងអង្គការសង្គមស៊ីវិលមួយក្តាប់តូច ក៏ដូចជាអ្នកដែលតាំងខ្លួនថាជាអ្នកវិភាគឯករាជ្យទាំងឡាយ «មើលឲ្យជាក់ សឹមញាក់ចិញ្ចឹម» នេះប្រសិនបើចង់ឲ្យសម្តីរបស់ខ្លួនមានតម្លៃ ដែលគេអាចស្តាប់បាន។ ការនិយាយទាំងទទឹងទិសដោយមិនបានដឹងសាច់រឿង និងមិនបានស៊ើបអង្កេតសូម្បីតែបន្តិច គឺជាពាក្យសម្តីមុសារដែលនិយាយដើម្បីតែស៊ីអារម្មណ៍ និងបម្រើឲ្យរបៀបវារៈនយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។

នៅកម្ពុជា ពិតជាសម្បូរណាស់អ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគឯករាជ្យដែលផ្អៀងផ្កាប់មុខ ហើយចូលចិត្តនិយាយតាមការយល់ឃើញរបស់ខ្លួន ដោយមិនបានផ្អែកលើការស្រាវជ្រាវដើម្បីរកព័ត៌មានពិត យកមកធ្វើជាមូលដ្ឋានសោះឡើយ។ ក្រុមអ្នកនយោបាយ សង្គមស៊ីវិល និងអ្នកវិភាគផ្កាប់មុខ ទាំងអស់នោះ គឺជាប្រភពបំពុលសង្គមដ៏គួរឲ្យខ្លាច។ ពួកគេមិនបាននាំព័ត៌មានពិតដើម្បីឲ្យប្រជាពលរដ្ឋយល់សាច់រឿង
នោះទេ ប៉ុន្តែពួកគេចូលចិត្តនិយាយឲ្យមនុស្សយល់ច្រឡំ ច្របូកច្របល់ ដោយគ្មានមូលដ្ឋានសំអាងច្បាស់លាស់។

ឲ្យតែមានរឿងអ្វីកើតឡើងចំពោះអ្នកនយោបាយប្រឆាំង ពួកគេក៏ផ្តើមសន្និដ្ឋានភ្លាមថាជារឿងនយោបាយ មិនថារឿងនោះជារឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី រឿងផឹកស៊ីវ៉ៃតប់គ្នា ឬសូម្បីតែគ្រោះថ្នាក់ចរាចរណ៍ ក៏ពួកគេអាចអូសចូលក្នុងរឿងនយោបាយបានដែរ។

តើនៅក្នុងប្រទេសណាមួយដែលអ្នកនយោបាយមានអភ័យឯកសិទ្ធិអាចរួចផុតពីសំណាញ់ច្បាប់? តើនៅប្រទេសណាដែលអ្នកចេញសែកស្អុយដើម្បីសងលុយជំពាក់គេត្រូវរួចខ្លួន រាប់ទាំងអ្នកនយោបាយផង?

គឺប្រាកដជាគ្មានឡើយនៅលើលោកីយ៍យើងនេះ។ ប៉ុន្តែចម្លែកអីតែនៅកម្ពុជា ក្រុមអង្គការសង្គមស៊ីវិលដែលជ្រកក្រោមស្លាកការពារសិទ្ធិមនុស្សមួយចំនួន បែរជាការពារអ្នកនយោបាយប្រព្រឹត្តល្មើសច្បាប់ទៅវិញ ដោយខិតខំទាញរឿងរ៉ាវគ្រប់បែបយ៉ាងឲ្យចូលក្នុងរឿងនយោបាយដើម្បីទម្លាក់កំហុសទៅលើរដ្ឋាភិបាលគណបក្សកាន់អំណាច។

មហាជនទូទៅតែងតែកត់សម្គាល់ឃើញាក្រុមនេះតែងអនុវត្តនូវស្តង់ដាពីរក្នុងគ្រប់បញ្ហា៖

«នៅម្ខាង គេអំពាវនាវឲ្យមាននីតិរដ្ឋ និងចង់ឲ្យគ្រប់គ្នាស្មើភាពចំពោះមុខច្បាប់ ប៉ុន្តែនៅម្ខាងទៀតពួកគេចេញមុខកាងអ្នកនយោបាយ និងសកម្មជនប្រព្រឹត្តខុសច្បាប់ ព្រោះតែអ្នកនោះជាគូកនរបស់ខ្លួន»។

«នៅម្ខាង ពួកគេអំពាវនាវឲ្យអាជ្ញាធរអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះជនល្មើស ប៉ុន្តែនៅម្ខាងទៀតពួកគេចង់ឲ្យបន្ធូរបន្ថយ ឬលើកលែងទោសចំពោះបក្ខពួក និងគូកនរបស់ខ្លួនដែលប្រព្រឹត្តខុសច្បាប់»។

«នៅម្ខាង ពួកគេអំពាវនាវឲ្យមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថិតនៅអព្យាក្រឹត្យ ប៉ុន្តែពួកគេខ្លួនឯងដែលជាសង្គមស៊ីវិល ឬជាអ្នកវិភាគឯករាជ្យ បែរជាផ្អៀងក្រឡាប់មេឃ»។

«នៅម្ខាង ពួកគេតាំងខ្លួនជាអ្នកការពារសិទ្ធិមនុស្ស និងចង់ឲ្យគេគោរពសិទ្ធិរបស់ខ្លួនគ្រប់បែបយ៉ាង ប៉ុន្តែនៅម្ខាងទៀត ពួកគេចេញមុខការពារអ្នកបញ្ចេញមតិបំពាន ឬប្រមាថដល់អ្នកដទៃយ៉ាងកម្រោល ឬពួកគេខ្លួនឯងនិយាយសន្និដ្ឋានទម្លាក់កំហុសលើគេដោយគ្មានភស្តុតាង»។

ដោយហេតុតែបេសកកម្មរបស់ពួកគេគឺដើម្បីតែទម្លាក់កំហុសមកលើអាជ្ញាធររដ្ឋាភិបាល ពួកគេពិតជាបានបង្ហាញនូវភាពទុច្ចរិតយ៉ាងចំហ និងឥតអៀនខ្មាសបែបនេះហើយ ទើបបានជាសម្តីរបស់ពួកគេចេះតែបន្តសាបដូចទឹកទន្លេ ដោយមនុស្សកាន់តែតិចទៅៗឲ្យតម្លៃ និងយកត្រចៀកស្តាប់។

ងាកមកនិយាយពីករណី ថាច់ សេដ្ឋា វិញ ! នរណាក៏ដឹងដែរថា គាត់ជាអ្នកញៀនល្បែងមិនចាញ់ អេង ឆៃអ៊ាង ឡើយ។ ​ គេអាចស្រមៃឃើញថា មនុស្សដែលញៀនល្បែង យកកាស៊ីណូជាផ្ទះសម្បែង តើជាមនុស្សប្រភេទណា?

នៅពេលដែលចាញ់ល្បែងអស់ពីខ្លួន មធ្យោបាយមានតែមួយគឺខ្ចីប្រាក់ពីប្រភពណាក៏ដោយឲ្យតែអាចខ្ចីបាន។ ​អេង ឆៃអ៊ាង និង ថាច់ សេដ្ឋា អាចមានសំណាងជាងអ្នកញៀនល្បែងដទៃ ដោយសារតែខ្លួនជ្រកក្រោមស្លាកបក្សប្រឆាំង ដែលអាចប្រមូលលុយបានពីអ្នកគាំទ្រក្រោមបុព្វហេតុនយោនបាយ។ ប៉ុន្តែតាមការពិត លុយដែលប្រមូលបានភាគច្រើនគឺយកទៅលេងល្បែង។

ទោះជាយ៉ាងណា លុយដែលបានមកពីការបោកប្រាស់អ្នកគាំទ្រនៅតែមិនគ្រប់គ្រាន់សម្រាប់ចាយទៅលើកាស៊ីណូឡើយ។ ហេតុដូច្នេះហើយបានជា ថាច់ សេដ្ឋ លង់ខ្លួននឹងបំណុលវ័ណ្ឌករហូតដល់ចេញសែកស្អុយឲ្យម្ចាស់បំណុល។

នៅពេលតុលាការកោះហៅម្តងជាពីរដងតាមពាក្យបណ្តឹងរបស់ម្ចាស់បំណុល ឱ្យតែមិនព្រមចូលខ្លួនទៅបំភ្លឺ ជម្រើសខាងផ្លូវច្បាប់នៅសល់តែមួយគត់ គឺដីកានាំខ្លួន ហើយនេះគឺជានីតិវិធីស្របច្បាប់របស់តុលាការ។

នៅពេលដែលជាប់ផុងក្នុងសំណាញ់ច្បាប់ ថាច់ សេដ្ឋា ក៏ដូចជាបក្សប្រឆាំងនិងគូកន ក៏ខំប្រឹងកាឡៃថាជារឿងនយោបាយ ដើម្បីបង្វែរចំណាប់អារម្មណ៍មហាជនអោយមានការយល់ច្រឡំថា «បក្សប្រឆាំងមិនមែនជាជំរកសុវត្តិភាពរបស់ជនល្មើសច្បាប់ ឬជនញៀនល្បែងស៊ីសង។ល។

ចំណែកឯគូកនរបស់គេដែលជ្រកក្រោមស្លាកសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ រួមទាំងសារព័ត៌មានក្បត់វិជ្ជាជីវៈមួយចំនួន ក៏នាំគ្នាបំពងសំឡេងបន្ថែម ដើម្បីកាឡៃឱ្យទៅជារឿងនយោបាយ ក្នុងគោលបំណងទាក់ទាញក្តីអាណិតអាសូរពីអ្នកដែលមិនដឹងសាច់រឿងពិត។ ប៉ុន្តែល្បិចកលដដែលៗនេះ ពិតជាគ្មានប្រសិទ្ធភាពទៀតឡើយ ពីព្រោះសម័យនេះប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ដោយម្នាក់ៗចេះពិចារណា ចេះស្រាវជ្រាវ និងចេះផ្ទៀងផ្ទាត់ព័ត៌មានច្រើនជាងមុន។

សូមចងចាំថា បច្ចុប្បន្នប្រជាពលរដ្ឋយល់ច្បាស់ណាស់ថា អ្វីដែលកើតឡើងចំពោះអ្នកនយោបាយ មិនមែនសុទ្ធតែជារឿងនយោបាយឡើយ។ ម្យ៉ាងទៀត អ្នកនយោបាយដែលប្រព្រឹត្តខុសក៏មិនអាចគេចផុតពីសំណាញ់ច្បាប់បានដែរ ជាពិសេសជនណាក៏ដោយ ទោះនៅក្នុងប្រទេសណាក៏ដោយ ឲ្យតែប្រព្រឹត្តអំពើបោកប្រាស់តាមរយៈការចេញសែកស្អុយដើម្បីសងលុយជំពាក់គេ គឺត្រូវតែទទួលទោសដោយចៀសមិនផុតឡើយ។ នេះគឺជាក្រឹតក្រមដែលគេបាននិងកំពុងអនុវត្តនៅជុំវិញពិភពលោករាប់ទាំងក្នុងបណ្តាប្រទេសប្រជាធិបតេយ្យធំៗផងដែរ។

ដូច្នេះ ថាច់ សេដ្ឋា ដែលចាញ់ល្បែងអស់ពីខ្លួន ហើយជំពាក់លុយគេគ្មានអ្វីសង រហូតដល់ចេញសែកស្អុយ ប្រាកដណាស់ថា ត្រូវតែទទួលការកាត់ទោសជាកំហិត ហើយបើមិនដូច្នោះទេ វាជាគំរូដ៏អាក្រក់ ដល់អ្នកដទៃ៕

ដោយ: អ្នកនយោបាយតុកាហ្វេ