ប្រវត្តិឈ្មោះក្រុងកំពង់សោម ហើយក្រុង-ខេត្ត ព្រះសីហនុ
នាទីអារ្យធម៌ខ្មែរ ថ្ងៃព្រហស្បតិ៍ ទី៥សីហា វិទ្យុ RFI យើង សូមរៀបចំប្រវត្តិឈ្មោះក្រុង កំពង់សោម ហើយក្រុង-ខេត្ត ព្រះសីហនុ។ កាលពីដើម ក្រុងកំពង់សោម ដាក់ឈ្មោះដោយយកតាមឆកសមុទ្រកំពង់សោម។ ឆកនេះលាតសន្ធឹងពីកោះពស់ នៃក្រុងព្រះសីហនុ ទៅដល់ស្រុកស្រែអំបិល នៃខេត្តកោះកុង ។ នេះបើតាមឯកសារផ្លូវការរបស់រដ្ឋបាលខេត្ត។
អំលុងចុងទសវត្សរ៍១៩៥០ គឺមានការបង្កើតក្រុង «កំពង់សោម » តែត្រូវប្តូរនាមមកជា « ព្រះសីហនុ » នៅសម័យសង្គមរាស្ត្រនិយម ប៉ុន្តែនាសម័យលន់ នល់ ក៏ត្រូវប្តូរមកជា ក្រុងកំពង់សោម វិញ។ របត់នយោបាយស្រុកទេសផ្លាស់ប្តូរជាបន្តបន្ទាប់ តែ ក្រុងកំពង់សោម នៅរក្សាឈ្មោះបែបនេះដដែល នៅក្នុងសម័យខ្មែរក្រហម និងសម័យកម្ពុជាប្រជាមានិត ឬសម័យរដ្ឋកម្ពុជា។ ទីបំផុត កំពង់សោម ក៏ត្រូវផ្លាស់ប្តូរឈ្មោះ ជាថ្មីទៀត មកដាក់ជា ព្រះសីហនុ វិញ នៅគ្រាដែលគេហៅថា ព្រះរាជាណាចក្រទីពីរ នាអំឡុងឆ្នាំ១៩៩៣។
ចាប់ពីឆ្នាំ២០០៨ គឺក្រុងព្រះសីហនុ ត្រូវឡើងឋានៈជា ខេត្ត ហើយមានការផ្លាស់ប្តូររចនាសម្ព័ន្ធរដ្ឋាបាលខ្លះៗ មានការពង្រីងដែនដី និងកែទម្រង់មូលដ្ឋានមួយចំនួនៗ។
ចំពោះពលរដ្ឋសាមញ្ញ និងជាភាសាអ្នកស្រុក ក្នុងជីវភាពប្រចាំថ្ងៃ គេច្រើននិយមនិយាយថា កំពង់សោមៗ តាមទម្លាប់ស្រួលមាត់។ តែអ្នកខ្លះ បាននិយាយថា ខេត្តនិងក្រុងព្រះសីហនុ ដែរ ទៅតាមការចូលចិត្តរៀងៗខ្លួន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រុកកំពង់សោម និងអ្នកនិយមបទចម្រៀងចិន គឺបានផ្តល់ឈ្មោះមួយទៀតឲ្យខេត្តនេះ គឺ « ដែនដីនៃក្តីសុបិន » ឬ « ខេត្តនៃក្តីសង្ឃឹម »។
តាមផែនការចក្ខុវិស័យឆ្នាំ២០៣០ គឺ ខេត្តព្រះសីហនុ ជា «ប៉ូលអភិវឌ្ឍន៍នៅតំបន់ឆ្នេរ»។ ពោលគឺជា តំបន់សេដ្ឋកិច្ចពិសេសគំរូ ជាមជ្ឈមណ្ឌលអន្តរជាតិ ជាទីផ្សារអាស៊ាន និងទីផ្សារសកល ។
បច្ចុប្បន្ន ខេត្តព្រះសីហនុ ចែកចេញជា២ក្រុង ៣ស្រុក មានសង្កាត់ចំនួន៦ ឃុំចំនួន២៣ ស្មើ១១១ភូមិ។ ផ្ទៃក្រឡាសរុបប្រមាណ ២.៦៥៩ គីឡូម៉ែត្រក្រឡា។ កោះធំ-តូចចំនួន ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥,៨ គីឡូម៉ែត្រ។ តាមជំរឿនប្រជាជន ឆ្នាំ២០១៩ គឺប្រជាពលរដ្ឋសរុបចំនួន ៣០២.៨៨៧ នាក់ ស្រី១១១.៣១២ នាក់ ហើយដង់ស៊ីតេប្រជាជន ១១៣,៩១នាក់/គីឡូម៉ែត្រការ៉េ។ នេះបើតាមទិន្នន័យផ្លូវការរបស់ខេត្ត។
សូមអញ្ជើញស្តាប់ខ្សែអាត់សំឡេងទាំងស្រុង ដោយមានការពន្យល់បន្ថែមផង ពីសំណាក់លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ត៕ ហេង ឧត្តម / RFI