ខ្មែរប៉ុស្ដិ៍ Close

អ្នកអភិរក្ស បញ្ចប់ការជួសជុលខឿនប្រាង្គទី៧០ នៃរោងទងទិសឦសានខាងមុខប្រាសាទបាយ័ន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 35
អ្នកអភិរក្ស បញ្ចប់ការជួសជុលខឿនប្រាង្គទី៧០ នៃរោងទងទិសឦសានខាងមុខប្រាសាទបាយ័ន អ្នកអភិរក្ស បញ្ចប់ការជួសជុលខឿនប្រាង្គទី៧០ នៃរោងទងទិសឦសានខាងមុខប្រាសាទបាយ័ន

លោក នៅ សុភ័ក្ត្រ មន្ត្រីអភិរក្ស នៅការដ្ឋានបានឱ្យដឹងនៅថ្ងៃពុធ ទី២៤ ខែកុម្ភ: ឆ្នាំ២០២១ ដោយលោកបានជម្រាបជូនអស់លោក លោកស្រី អង្គភាពយើងក្នុងគម្រោងជួសជុលប្រាសាទបាយ័ន បានបញ្ចប់ការជួសជុល និងកែលម្អកម្រាលខឿនប្រាង្គទី៧០ នៃរោងទងទិសឦសាន ខាងមុខប្រាសាទបាយ័ន បាន ១០០ភាគរយហើយនៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១។

លោក នៅ សុភ័ក្ត្រ បន្តទៀតថា រោងទងមួយនេះ ដើមឡើយនៅមុនទសវត្សរ៍ទី៦០ មានសភាពល្អ ពុំសូវមានការខូចខាត និងបាក់ស្រុតខ្លាំងនោះទេ។ នៅក្នុង១៩៦៨ (របាយការ ណ៍សាលាបារាំងចុងបូពា៍ EFEO 1968) មានដើមឈើមួយដើមធំ បានបាក់ និងរលើងដួលរះសង្កត់មកលើប្រាង្គមួយនេះ ធ្វើឱ្យផ្នែកជញ្ជាំងរលំស្ទើរទាំងស្រុង កម្រាលខឿនបានបាក់ និងបាក់ខ្ទេច យូរទៅប្រែជាស្រុតគ្រឹះ និង សសរទាំង១៥ បានបាក់ និងបែកខ្ទេចនៃគល់សសរផងដែរ។ ក្នុងឆ្នាំនោះដដែល សាលាបារាំងក៏បានធ្វើការកាប់ដើមឈើនោះយកចេញ និងចាប់ផ្តើមរៀបផ្គុំឡើងវិញនូវថ្មដែលបានរលំ។

រហូតមកដល់ឆ្នាំ២០២០ អង្គភាពភាពយើងបានធ្វើការសិក្សាប្លង់ និងចាប់ផ្តើមរុះរើ ជួសជុល និង ស្ដារឡើងវិញនូវបញ្ហាខាងលើមកទល់ថ្ងៃនេះ ចំណាយពេលអស់ ២៤០ថ្ងៃ ក្នុងអាណត្តិទី៥នេះ។ ខឿងទាំង៧ជាន់ និង ជណ្តើរ៧កាំ និង កម្រាលបាក់ស្រុត ដួលរលំខូចទ្រង់ទ្រាយដើមនៃសំណង់រោងទី៧០នេះ ត្រូវបានរុះរើស្ទើរទាំងស្រុង និងបានរៀបផ្គុំតាមគំរូប្លង់ស្ថាបត្យកម្មបុរាណដដែល។ បច្ចុប្បន្ន ក្រុមពលករយើងកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីឱ្យគម្រោងជួសជុល និងលើកតម្លៃនៃប្រាសាទបាយ័ននេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុកនៃផែនការ និង ដើម្បីស្វាគមន៍ភ្ញៀវទេសចរចូលមក ទស្សនាឆាប់ៗខាងមុខ។

លោក នៅ សុភ័ក្ត្រ បន្តទៀថា ការងារបន្ទាប់របស់ពួកយើង នឹងបន្តរៀបផ្គុំនូវបង្កាន់ដៃនាគ និងបន្តជួសជុល និងរៀបជញ្ជាំងដែលបានរកឃើញពីថ្មរាយ ផ្ទាំងសិលាបាក់ធ្លាក់មកខាងក្រោមជាង ២៥០ដុំផងដែរ។ មួយវិញទៀត យើងកំពុងរៀបចំធ្វើការបន្តរុះរើ និងជួលជុលកំពូលប្រាង្គទី៦៩ នៃទិសឦសានដដែល ដែលមានការទ្រុឌទ្រោមយ៉ាងខ្លាំង ៕

អត្ថបទទាក់ទង