ខ្មែរប៉ុស្ដិ៍ Close

ចក្រភពអង់គ្លេស ប្រកាសថា មិនអនុវត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA លើប្រទេសកម្ពុជានោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 48
ចក្រភពអង់គ្លេស ប្រកាសថា មិនអនុវត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA លើប្រទេសកម្ពុជានោះទេ ចក្រភពអង់គ្លេស ប្រកាសថា មិនអនុវត្តព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ EBA លើប្រទេសកម្ពុជានោះទេ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ និងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធ​លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ក្រោយជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ​និងលោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេស និងអៀឡង់ខាងជើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខណ្ឌ័ប្រព័ន្ធអនុគ្រោះពន្ធ​លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺ Covid-19 មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។

លើសពីនេះ លោកស្រីឯកអគ្គរាជទូតបានមានប្រសាសន៍ថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថាការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ ពីមហន្តរាយនៃជំងឺ Covid-19។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕

អត្ថបទទាក់ទង