ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាលពេលនេះគឺជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះដោយទឹកជំនន់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1393
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាលពេលនេះគឺជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះដោយទឹកជំនន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាលពេលនេះគឺជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះដោយទឹកជំនន់

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចុះទៅពិនិត្យជាក់ស្តែងនៅតំបន់រងគ្រោះដោយទឹកជំនន់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រកាសថា ការងារអាទិភាពរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះដោយទឹកជំនន់។ លោក បានធ្វើការប្រកាសឡើងដូចនេះក្នុងឱកាសដែលលោកបានចុះជួបប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខណ្ឌដង្កោ ដែលជាតំបន់ប្រឈមខ្លាំង ជាមួយនឹងគ្រោះទឹកជំនន់ ហើយដែលត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីតាំងបណ្តោះអាសន្នបុរីពិភពថ្មី គួរស្រូវ២ របស់ឧកញ៉ា ហុង ពីវ នាព្រលប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការខូចខាតនៅពុំទាន់បូកសរុបនៅឡើយទេ ព្រោះការងារអទិភាពរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពេលនេះ ត្រូវសង្គ្រោះប្រជាពលរដ្ឋឲ្យចេញផុតពីតំបន់រងគ្រោះសិន នេះជាបញ្ហាសំខាន់ ហើយសារនេះមិនមែនសម្រាប់តែរាជធានីភ្នំពេញ និងខេត្តកណ្ដាលទេ ក៏ប៉ុន្តែសារនេះបញ្ជូនទៅកាន់គ្រប់ខេត្តនៅទូទាំងប្រទេស»។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តទៀតថា «ទោះបីថាឥឡូវនេះមានត្រឹមតែ១០ខេត្ត ប៉ុណ្ណោះ ដែលខ្ញុំបានផ្ដល់ថវិកាសម្រាប់សង្គ្រោះ ប៉ុន្តែបើយោងតាមអ្វីដែលជាការព្យាករណ៍នៃក្រសួងធនធានទឹក នឹងអាចមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនទៀត ដែលយើងត្រូវត្រៀមបម្រុងឲ្យគ្រប់ខេត្តទាំងអស់នៅគ្រប់ទីកន្លែងប្រុងប្រៀបផ្ដល់អទិភាពនៃការជម្លៀសប្រជាជនចេញពីតំបន់រងគ្រោះ ហើយក៏សុំចិត្តចំពោះប្រជាពលរដ្ឋនៅពេលដែលអាជ្ញាធរស្នើសុំឲ្យមានការចាកចេញ សូមមេត្តាចាកចេញទៅតាមសំណូមពរអាជ្ញាធរ»។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចេញប្រតិបត្តិការព្រមៗគ្នាសង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព ដែលកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងកងទ័ពស្រួច ទាំងកងទ័ពតំបន់ក៏ដូចជាកងរាជអាវុធហត្ថ កងកម្លាំងនគរបាលបានធ្វើកិច្ចការបានល្អ និងគ្រប់ទីកន្លែងដើម្បីសង្គ្រោះប្រជាពលរដ្ឋរបស់យើង៕

    អត្ថបទទាក់ទង