ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ស្វាគមន៍គ្រប់ស្ថាប័នដើម្បីចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០ នគរគំនិត 26
អាជ្ញាធរជាតិអប្សរា ស្វាគមន៍គ្រប់ស្ថាប័នដើម្បីចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា ស្វាគមន៍គ្រប់ស្ថាប័នដើម្បីចូលរួមដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។

មានវត្តមានក្នុងពិធីនោះ រួមមាន៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក ប៊ុន យីន នាយកប្រតិបត្តិនៃធនាគារ CIMB លោក ឈិត បូរ៉ាវុធ ប្រធានក្រុមមេធាវីអាជ្ញាធរជាតិអប្សរា ព្រមទាំងព្រះសង្ឃ បុគ្គលិកធនាគារ CIMB និងមន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរាសរុបទាំងអស់ប្រមាណជាង ៦០០អង្គ/នាក់។

ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថាស្ថាប័នសាធារណៈពាក់ព័ន្ធ និងស្ថាប័នឯកជនដទៃទៀតបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ ព្រោះថាកិច្ចការថែទាំបេតិកភណ្ឌមិនមែនជាភារកិច្ចអាជ្ញាធរជាតិអប្សរាតែម្នាក់ឯងនោះទេ ប៉ុន្តែជាភារកិច្ចសម្រាប់កូនខ្មែរគ្រប់រូប។

លោកបានបន្តលើកទឹកចិត្តដល់សាធារណជន ស្ថាប័នរដ្ឋ និងឯកជននានា ដែលមានបំណងរៀបចំពិធីដាំកូនឈើក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកលើកិច្ចការអភិរក្សប្រាង្គប្រាសាទក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ព្រោះព្រៃឈើបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការការពារ និងអភិរក្សបាង្គប្រាសាទ។

បន្ថែមពីនេះ លោក ឡុង កុសល ក៏បានជម្រាបជូនអំពីគម្រោង «ដើមឈើខ្ញុំនៅអង្គរ» ដែលគ្រោងនឹងរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរា ក្នុងស្មារតីលើកទឹកចិត្តសាធារណជនគ្រប់រូប មានចំណែកអភិរក្សប្រាសាទបុរាណខ្មែរ តាមរយៈការដាំកូនឈើក្រោមរូបភាពចូលរួមធ្វើ ចូលរួមគិត និងចូលរួមថែរក្សា។

គួរបញ្ជាក់ថា កូនឈើដែលដាំក្នុងពិធីខាងលើសរុបចំនួន ១,៥០០ដើម ដែលរួមមានគ្រញូង ៣០០ដើម ធ្នង់ ២០៥ដើម បេង ១០០ដើម នាងនួន ២០ដើម ស្រឡៅ ១៥០ដើម ឈើទាល ៣០០ដើម កកោះ ៥០ដើម ពពាល ៥០ដើម និងសុក្រំ ៥០ដើម៕

អត្ថបទទាក់ទង