រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវពលរដ្ឋចូលរួមពិធីចាប់ត្រីតាមបែបបុរាណ ដើម្បីប្រកួតយករង្វាន់
រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវពលរដ្ឋចូលរួមពិធីចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមឲ្យបានច្រើនកុះករ ពិសេសអ្នកមានស្នាដៃចាប់ត្រីបានច្រើនជាងគេ នឹងទទួលប្រាក់រង្វាន់!!
(ត្បូងឃ្មុំ)៖ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភៈ ប្រជាពលរដ្ឋ ឃុំ ជាំក្រវៀន ស្រុកមេមត់ តែងតែប្រារព្ធពិធី ចាប់ត្រីនៅរមីណយដ្ឋានបឹងត្រពាំង ក្រម ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។ « ពិធី ចាប់ ត្រី » នេះ មាន រយៈពេល ៣ ថ្ងៃ គឺចាប់ពី ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ។
សូមរំលឹកថា កាលពីឆ្នាំ២០១៩កន្លងទៅ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមទាំងថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចូលរួមចាប់ត្រី ចំអិនពិសាររាំលេងកំសាន្តជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។
លោកអភិបាលខេត្ត ក្នុងគ្រាដែលចុះជួបសួរសុខទុក្ខជាមួយពលរដ្ឋតាមមូលដ្ឋានកន្លងមក តែងតែអំពាវនាវដល់ពលរដ្ឋមិនថានៅតំបន់នោះ ក្នុងខេត្ត ឫតាមបណ្តារាជធានីខេត្តនានា អញ្ជើញមកចូលរួមចាប់ត្រី ចំអិនពិសារសប្បាយជុំគ្នា ជាពិសេសឆ្នាំនេះ នឹងមានប្រាក់រង្វាន់សម្រាប់អ្នកមានស្នាដៃ ចាប់បានច្រើនជាងគេ ដោយមានលេខ១ លេខ២ លេខ៣ និងរង្វាន់លួងចិត្តផងដែរ។
ទាំងនេះគឺដូចដែរតាមសន្យា លោកថានឹងប្រារព្ធឲ្យមានពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីប្រជាពលរដ្ឋបានរីករាយជួបជុំ ក្រោមដំបូលសុខសន្តិភាព ក៍ដូចជាបន្តអនុវត្តបន្តនូវទំនៀមទំលាប់ប្រពៃណីដូនតាដែលបានធ្វើឡើងជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ននេះ។
បើតាមលោក អ៊ួច យឿន មេឃុំជាំក្រវៀន បានឲ្យដឹងថា ពិធីចាប់ត្រីតាមបែបប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋ ឃុំជាំក្រវៀន គឺបន្ទាប់ពីប្រមូលផលកសិកម្មរួចរាល់ និងជាកម្មវិធីកំសាន្តសប្បាយសម្រាប់ ប្រជាពលរដ្ឋ។
លោក មេឃុំ បន្តថា នាថ្ងៃទី១៣ ខែកុម្ភៈ ជាកម្មវិធីដើរលេងកម្សាន្តទស្សនាទេសភាពនៅជុំវិញតំបន់ បឹងត្រពាំងក្រម។ រីឯនៅរាត្រីថ្ងៃទី១៣ និង១៤ នឹងមាន កម្មវិធី រាំលេង កំសាន្តទល់ភ្លឺ។
ដោយឡែកនៅ ថ្ងៃទី១៥ គឺជាថ្ងៃប្រារព្ធពិធីចាប់ត្រីដោយចាប់ផ្តើមចុះចាប់វេលាម៉ោង ០៩ព្រឹក ក្រោមការចូលរួមជាអធិបតីភាព ពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំខេត្ត រួមជាមួយប្រជាពលរដ្ឋជិតឆ្ងាយ។
សូមជម្រាបថា មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រម នេះឡើយ ដើម្បីរក្សាវត្តមាន ត្រីទុកសម្រាប់ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ ។
ចំពោះការចាប់ត្រី ពលរដ្ឋអាច ប្រើប្រាស់ បានតែឧបករណ៍បុរាណ ប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង និង ត្រក ជាដើម ដើម្បី ចាប់ ត្រី ក្នុង ពិធី នេះដោយតំបន់បឹងក្រម មានផ្ទៃដី ប្រមាណ ៣០ ហិកតា និង ផ្ទៃ បឹងទំហំ១ ហិកតា៕