ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ដាក់ចេញអនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តជាបន្ទាន់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ដាក់ចេញអនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តជាបន្ទាន់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ដាក់ចេញអនុសាសន៍សំខាន់ៗ ៨ចំណុច ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តជាបន្ទាន់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញអនុសាសន៍សំខាន់ៗ ចំនួន៨ចំណុច ឲ្យស្ថាប័នពាក់ព័ន្ធ ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុគណៈកម្មការពាក់ព័ន្ធ និងជាពិសេសប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

អនុសាសន៍សំខាន់ៗ ទាំង៨ចំណុច ដែលលោកឧបនាយករដ្ឋមន្រ្ដី ស ខេង ដាក់ចេញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ រួមមាន៖

ទី១៖ ត្រូវពង្រឹងយន្តការនៅថ្នាក់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយត្រូវកែលម្អផែនការសកម្មភាព របៀបរបបការងារ និងការបែងចែកភារកិច្ចស្របតាម ដែនសមត្ថកិច្ចឲ្យបានច្បាស់លាស់។

ទី២៖ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ ស៊ីជម្រៅដល់គ្រប់គោលដៅ ទាំងក្នុងអង្គភាពកងកម្លាំងស្ថាប័នរដ្ឋ ឯកជន និងសហគមន៍ ឲ្យបានជ្រួតជ្រាបយល់ដឹងអំពី ច្បាប់ចរាចរណ៍ផ្លូវគោក ចូលរួមគោរព និងអនុវត្តច្បាប់ បង្កើតជាចលនាគោរពច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ នៅតាមគ្រប់អង្គភាពកងកម្លាំង ស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតឲ្យមានបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ស្មារតីអនុវត្តច្បាប់ចរាចរណ៍ និងធ្វើជាគំរូដល់ប្រជាពលរដ្ឋ។

ទី៣៖ ត្រូវពង្រឹងវិធានការរឹតបន្ដឹងច្បាប់ ចំពោះអ្នកជិះទោចក្រយានយន្ត អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ ដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជាពិសេសតម្រូវឲ្យពាក់មួកសុវត្ថិភាព តម្រូវឲ្យមានបណ្ណបើកបររថយន្ត ការដឹកជញ្ជូនមិនលើសកម្រិតកំណត់ និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត។

ទី៤៖ ត្រូវពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយផ្តោតលើការបន្តកសាង និងជួសជុលផ្លូវស្ពាន ការត្រួតពិនិត្យកែសម្រួលប្រព័ន្ធផ្លូវ និងទិសចរាចរណ៍ ការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ ការបង្កើតចំណតសាធារណៈ និងឯកជន ការបំពាក់កាមេរ៉ា សុវត្ថិភាពចរាចរណ៍តាមគោលដៅអាទិភាព ការបំពាក់ភ្លើង សញ្ញា គំនូសសញ្ញា និងបរិក្ខាសុវត្ថិភាពចរាចរណ៍ឲ្យបានគ្រប់គ្រាន់។
ថ្នាក់រាជធានី-ខេត្ត ត្រូវបង្កើតបណ្តាញស្ម័គ្រចិត្តជំនួយដល់សមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ នៅតាមតំបន់ទីប្រជុំជន សាលារៀន ចំណត។ល។ ចាប់ពីឆ្នាំនេះតទៅ យើងនឹងទទួលរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលទាមទារឲ្យមានការរៀបរយសណ្តាប់ធ្នាប់ចរាចរណ៍ និងមានការចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប សំដៅបង្ហាញនូវវប្បធម៌ប្រពៃណីថ្លៃថ្នូរ សាងកិត្យានុភាពខ្ពង់ខ្ពស់ ដល់ជាតិរបស់យើង។

ទី៥៖ ត្រូវជំរុញការងារប្រឡងប្រណាំង «តំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដោយយកក្រុង ស្រុក ខណ្ឌ មួយធ្វើជាគោលដៅប្រឡងប្រណាំងគំរូ ក្នុងការដកស្រង់បទពិសោធន៍ ដើម្បីឈានទៅអនុវត្តបន្តនៅក្រុង ស្រុក ខណ្ឌ ផ្សេងទៀតនាឆ្នាំខាងមុខ។

ទី៦៖ បន្តលើកកម្ពស់សមត្ថភាព និងគុណភាពរបស់កងកម្លាំងអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាល បំប៉នច្បាប់ ជំនាញឯកទេស ព្រមទាំងធ្វើការសិក្សា ផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាប្រទេសនានា និងបំពាក់បន្ថែមនូវមធ្យោបាយ ឧបករណ៍ សម្ភារបម្រើឲ្យប្រតិបត្តិការ។ ជាមួយគ្នានេះ ត្រូវអប់រំកែលម្អអំពី អាកប្បកិរិយា សីលធម៌ វិន័យ ឲ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។

ទី៧៖ ត្រូវជំរុញការសិក្សាស្រាវជ្រាវក្នុងប្រទេស និងពីបរទេសអំពីបទពិសោធន៍ល្អៗ នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីផ្តើមស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងធានាអនុវត្តមានប្រសិទ្ធភាព។ ជាមួយនេះ ត្រូវជំរុញការអនុវត្តច្បាប់ដែលពាក់ព័ន្ធ ឲ្យបានម៉ឺងម៉ាត់ ដើម្បីគាំទ្រដល់ប្រសិទ្ធភាពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ទី៨៖ អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី ខេត្ត អគ្គលេខាធិការដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវកសាងផែនការសកម្មភាពលម្អិត ចាត់អនុវត្តផែនការ និងទិសដៅរបស់ គ.ស.ច.គ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ជាមួយនឹងការអប់រំផ្សព្វផ្សាយរំលឹកជាប្រចាំដល់មន្ត្រី បុគ្គលិកនិយោជិតឲ្យគោរពចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ៕

អត្ថបទទាក់ទង