ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញភាពរឹងមាំផ្នែកសុខភាព បន្ទាប់ពីបានហាត់កីឡាជាប្រចាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញភាពរឹងមាំផ្នែកសុខភាព បន្ទាប់ពីបានហាត់កីឡាជាប្រចាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញភាពរឹងមាំផ្នែកសុខភាព បន្ទាប់ពីបានហាត់កីឡាជាប្រចាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារខ្លីលើទំព័រហ្វេសប៊ុក ដោយបង្ហាញរូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពីភាពរឹងមាំផ្នែកសុខភាព នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ថ្ងៃឈប់សម្រាក់ចុងសប្តាហ៍។ តាមសំណេរដើមរបស់លោកនាយករដ្ឋមន្ត្រីសរសេរថា «រីករាយថ្ងៃសម្រាកចុងសប្ដាហ៍។ សម្រាប់ខ្ញុំមានតែកីឡាកូនគោលមួយប៉ុណ្ណោះបន្ថែមលើការដើរហាត់ប្រាណដោយធម្មជាតិ ឬដើរលើម៉ាស៊ីន»។ លោកនាយករដ្ឋមន្ត្រី បានសុំជាយោបល់ពីប្រជាពលរដ្ឋ និងអ្នកគាំទ្រដោយចោទសួរថា សុំជួយសង្កេតមើលរូបថតទាំងនេះ តើមានចំណុចខុសគ្នាត្រង់កន្លែងណាខ្លះ ប្រៀបធៀបជាមួយរូបថតមុនៗ?

តាមការសង្កេត រូបថតដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញនោះ រូបកាលពីមុនមើលទៅហាក់ដូចជាមិនសូវរឹងមាំ សម្បុរហាក់ស្រអាប់ មិនតែប៉ុណ្ណោះនៅពេលលោកដើរដូចជាឆាប់ហត់ថែមទៀតផង។ ដោយឡែក ចំពោះរូបភាពនាពេលបច្ចុប្បន្ននេះវិញ ឃើញថា លោកនាយករដ្ឋមន្ត្រី មានកម្លាំងពលំរឹងមាំ សម្បុរភ្លឺថ្លា ដំណើរស្វាហាប់ ហើយកាន់តែសង្ហាជាងមុនថែមទៀត។

នៅខាងក្រោមរូបថត ដែលលោកនាយករដ្ឋមន្ត្រីបង្ហោះនោះ ក៏មានការឆ្លើយតបខមិនពីប្រជាពលរដ្ឋ ជាមួយលោកនាយករដ្ឋមន្ត្រីផងដែរ អ្នកខ្លះបានហៅលោកថា លោកអុំ ហើយនិយាយថា តាមដែរក្មួយសង្កេត លោកអុំ ដូចជាស្រក ក្បាលពោះបានច្រើនខ្លាំងណាស់។ ចំណែកអ្នកខ្លះទៀតលើកឡើងថា តាមរយៈរូបថតនេះ សម្តេចនៅតែមានសុខភាពល្អ និងសង្ហារ។ ចង្កេះខោ ជ្រួញជាងមុន! គឺបញ្ជាក់ថា ខ្លាញ់ក្បាលពោះត្រូវបានស្រក។ ចំណែកអ្នកខ្លះទៀត បានសរសើរលោកនាយករដ្ឋមន្ត្រីដែលបានហាត់ប្រាណជាទៀតទាត់។

ក្រៅតែពីការបង្ហាញទស្សនៈ ទាក់ទិនរូបថតពីមុន និងពេលបច្ចុប្បន្នរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីសំណាក់ពលរដ្ឋហើយ ពួកគាត់ក៏បានបង្ហាញពីការគោរពស្រឡាញ់ចំពោះលោកនាយករដ្ឋមន្ត្រី យ៉ាងជ្រាលជ្រៅផងដែរ ដោយពួកគាត់បានសរសេរថា បុរសម្នាក់នេះ មិនចេះនឿយហត់ឡើយ ដើម្បីសុខសន្តិភាព ជូនជាតិ មាតុភូមិ រួមទាំងកសាងមាតុភូមិ ឲ្យមានការចម្រើនជឿនលឿនរហូតដល់បច្ចុប្បន្ន។

យ៉ាងណាបើយើងពិនិត្យឲ្យមែនទែនទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមែនចង់បង្ហាញតែពីភាពខុសប្លែករបស់លោកនៅមុនពេលហាត់កីឡា និងក្រោយពេលហាត់កីឡាប៉ុណ្ណោះទេ តែលោកក៏ទំនងជាចង់ផ្ញើសារដល់បងប្អូនជនរួមជាតិឲ្យគិតគូពីសុខភាពផង បើទោះជារវល់យ៉ាងណាក៏ដោយ ក៏គួរតែចំណាយពេល ដើម្បីហាត់កីឡា ពីព្រោះមានតែសុខភាពរឹងមាំទេ ទើបយើងអាចប្រកបដោយការទៅដោយរលូន៕

អត្ថបទទាក់ទង