ខ្មែរប៉ុស្ដិ៍ Close

កូនស្រីលោក កឹម សុខា និងអ្នកគាំទ្រអាមេរិក ខឹងសម្បារចំពោះលោក សម រង្ស៉ី ដែលយកជោគវាសនារបស់ឪពុកនាង ធ្វើជាល្បែងភ្នាល់ជាមួយសម្តេច ហ៊ុន សែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 52
កូនស្រីលោក កឹម សុខា និងអ្នកគាំទ្រអាមេរិក ខឹងសម្បារចំពោះលោក សម រង្ស៉ី ដែលយកជោគវាសនារបស់ឪពុកនាង ធ្វើជាល្បែងភ្នាល់ជាមួយសម្តេច ហ៊ុន សែន កូនស្រីលោក កឹម សុខា និងអ្នកគាំទ្រអាមេរិក ខឹងសម្បារចំពោះលោក សម រង្ស៉ី ដែលយកជោគវាសនារបស់ឪពុកនាង ធ្វើជាល្បែងភ្នាល់ជាមួយសម្តេច ហ៊ុន សែន

កូនស្រីរបស់លោក កឹម សុខា និងអ្នកគាំទ្រអតីតមេបក្សប្រឆាំងនេះមួយចំនួន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានខឹងសម្បារចំពោះលោក សម រង្ស៊ី ដែលយកជោគវាសនារបស់ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ធ្វើជាល្បែងភ្នាល់ដើម្បីសម្លាប់ជីវិតនយោបាយរបស់លោក ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

កូនស្រីពៅរបស់លោក កឹម សុខា គឺកញ្ញា កឹម សម្មាធីតា រួមទាំងអ្នកគាំទ្រជាច្រើន បានផ្សព្វផ្សាយនូវសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយសម្តែងការខកចិត្តយ៉ាងក្រៃលែង បន្ទាប់ពីបានឃើញទំព័រ Facebook របស់លោក សម រង្ស៉ី ដែលផ្តួចផ្តើមភ្នាល់គ្នាលើករណីដោះលែង ឬមិនដោះលែង លោក កឹម សុខា។ ជាមួយគ្នានេះ ពួកគេក៏បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្កាចំពោះ អាកប្បកិរិយាប្រមាថ អគុណធម៌ និងគ្មានសីលធម៌ម្តងហើយម្តងទៀតរបស់ សម រង្ស៉ី ដែលធ្វើឱ្យប៉ះពាល់ដល់ជីវិតនយោបាយ លោក កឹម សុខា ផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមគាំទ្រគណបក្សសង្រ្គោះជាតិប្រចាំសហរដ្ឋអាមេរិក (CNRP-USA) សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះអាកប្បកិរិយាប្រមាថម្តងហើយម្តងទៀតដ៏អគុណធម៌ និងគ្មានសីលធម៌ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការលះបង់របស់ លោក កឹម សុខា និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានតស៊ូដើម្បីសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»

ដោយឡែកនៅលើទំព័រ Facebook របស់លោក កឹម សុខា នៅថ្ងៃនេះ ក៏បានសម្តែងការប្រតិកម្មចំពោះការយកសិទ្ធិសេរីភាពរបស់ លោក កឹម សុខា ធ្វើជាល្បែងភ្នាល់នយោបាយដែលផ្តួចផ្តើមឡើង ដោយ លោក សម រង្ស៉ី នាពេលនេះផងដែរ។ ទំព័រ Facebook របស់លោក កឹម សុខា បានប្រតិកម្មយ៉ាងដូច្នេះថា៖ «គាត់មិនមានសេរីភាពមែន តែគាត់មានសម្បជញ្ញ: ដឹងថាអ្នកកំពុងធ្វើអ្វីមកលើរូបគាត់និងប្រទេសជាតិ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ លោក សម រង្ស៊ី ដែលធ្លាប់ត្រូវបានសមាជិកខ្លួនរិះគន់ថាជាជនកំសាកនោះ បានប្រកាសតាមរយៈ Facebook របស់ខ្លួនដោយបបួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ភ្នាល់គ្នាលើករណីការដោះលែងលោក កឹម សុខា។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនោះ សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើសិនមិនមានការដោះលែងទេ លោក សម រង្ស៊ី នឹងស្ម័គ្រចិត្តប្រឈមចំពោះមុខច្បាប់ដោយចូលឲ្យសមត្ថកិច្ចចាប់ខ្លួន ដើម្បីអនុវត្តទោសនៅក្នុងពន្ធនាគារ»

ភ្លាមៗឆ្លើយតបនឹងការបបួលនេះ នៅព្រលប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសម្រេចភ្នាល់ជាមួយលោក សម រង្ស៊ី។ សម្តេចតេជោបានកំណត់ថា ប្រសិនសម រង្ស៊ី ចាញ់ក្នុងការភ្នាល់លើកនេះ ត្រូវហ៊ានចូលឲ្យចាប់ខ្លួនដើម្បីអនវុត្តទោស បន្ទាប់ពីបញ្ចប់ការភ្នាល់ភ្លាមៗតែម្តង។

សម្តេចតេជោ ហ៊ុន សែន បានអះអាងបញ្ជាក់ប្រាប់ក្នុងកិច្ចសម្ភាសន៍ជាមួយ លោក​ លឹម ជាវុត្ថា នាយកប្រតិបត្តិ Fresh News យ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ានភ្នាល់ជាមួយលោក សម រង្ស៊ី បើសិនមានការដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់ សម រង្ស៊ី, ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ទេ, លោក សម រង្ស៊ី ត្រូវហ៊ានចុះចាញ់ទទួលស្គាល់ការភ្នាល់របស់ខ្លួន ដោយចូលមកឲ្យចាប់ខ្លួនភ្លាមៗបន្ទាប់ពីបញ្ចប់ការភ្នាល់»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមប្រើប្រាស់សារព័ត៌មាន Fresh News ជាសាក្សី និងឆ្លើយតបជាមួយនឹង Facebook របស់ សម រង្ស៊ី សម្រាប់ការភ្នាល់គ្នានេះ និងសូមប្រកាសឲ្យសាធារណជនជាតិ និងអន្តរជាតិ ជួយធ្វើសាក្សី​ ហើយការភ្នាល់នេះចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ តាមការបបួលភ្នាល់របស់ សម រង្ស៊ី»

នេះមិនមែនជាលើកទី១ទេ ដែលលោក សម រង្ស៉ី បង្កើតល្បែងភ្នាល់ជាមួយ បុរសខ្លាំងនៅកម្ពុជា ដោយយកជោគវាសនារបស់ អ្នកដទៃធ្វើជាដើមទុន ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្នុងការចាញ់ភ្នាល់សម្តេចតេជោ ហ៊ុន សែន កន្លងទៅ​ លោក សម រង្ស៉ី ពុំដែលហ៊ានទទួលយកនោះទេ ដែលធ្វើឱ្យសមាជិកអ្នកគាំទ្ររបស់លោក រិះគន់ថា លោកជាជនកំសាក «ខ្លាចជាប់គុក»

ប្រភព៖ Fresh News