លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្រុមប្រឆាំងមិនកោតសរសើរពីការរីកចម្រើនរបស់កម្ពុជាឡើយ រួមទាំងសិស្សដែលជាប់និទ្ទេស A ផងដែរ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កន្លងមកក្រុមប្រឆាំងមិនដែលនិយាយសរសើរមួយម៉ាត់សោះឡើយ ពីការរីកចម្រើនរបស់កម្ពុជា សូម្បីតែសិស្សបាក់ឌុបដែលប្រឡងជាប់និទ្ទេស A ក៏មិនដែលធ្វើការសរសើរលើកទឹកចិត្តសោះឡើយ។
លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលទទួលបាននិទ្ទេស A ចំនួន៤០៨នាក់ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា មិនត្រឹមតែមិនសរសើរសិស្សជាប់និទ្ទេស A នោះទេ ពួកក្រុមប្រឆាំងក៏មិនដែលអបអរសាទរចំពោះកីឡាករ កីឡាការិនីកម្ពុជា ដែលបានទទួលបានមេដាយមាសពិភពលោក ក្នុងនាមប្រទេសកម្ពុជា ហើយពួកគេក៏មិនដែលអបអរសាទរ ការដាក់បញ្ចូលប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនោះដែរ។
គួរបញ្ជាក់ថា មិនត្រឹមតែគ្មានការកោតសរសើរពីក្រុមប្រឆាំងចំពោះសិស្សដែលប្រឡងជាប់និន្ទេស A ប៉ុណ្ណោះទេ កន្លងមកក្រុមប្រឆាំង ជាពិសេសអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ថែមទាំងបានម៉ាក់ងាយដល់ប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាថែមទៀតផង។
ប៉ុន្តែទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅតែលើកទឹកចិត្ត និងថ្លែងការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាលារៀន លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សគ្រប់រូប ដែលបានចូលរួមចំណែកក្នុងមោទនភាពរបស់សិស្សទាំងអស់នៅក្នុងថ្ងៃនេះ៕