ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យនិងច្រកទ្វារអន្តរជាតិអូរស្មាច់

ដោយ៖សូ សែនឬទ្ធា | 3 ម៉ោងមុន ព័ត៌មានទូទៅ 30
កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យនិងច្រកទ្វារអន្តរជាតិអូរស្មាច់ កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យនិងច្រកទ្វារអន្តរជាតិអូរស្មាច់

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការ ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ព្រមទាំងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនៃព្រះរាជាណាចក្រកម្ពុជា។

តាមរបាយការណ៍ នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងបូព៌ាថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុមធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លីតាមបណ្តោយព្រំដែនចន្លោះបង្គោលព្រំដែន លេខ៤៥ និង៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ សកម្មភាពឯកតោភាគីរបស់ថៃនេះគឺជាការប៉ុនប៉ងខុសច្បាប់ដើម្បីបង្កើតការកាន់កាប់លើដីជាក់ស្តែង (Fait Accompli on the ground) និងការ សម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌ សីមាព្រំដែនដែលកំពុងអនុវត្ត ដោយគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក(JBC) នៃប្រទេសទាំងពីរនៅតាមបណ្តោយព្រំដែននៃផ្នែកនេះ។

លើសពីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន ២គ្រឿងត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា ដោយពួកគេបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃនោះដែរ កងកម្លាំងប្រដាប់អាវុធថៃបានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ (បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕