ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ អង្គការពាណិជ្ជកម្មពិភពលោក នៅប្រទេសកាម៉េរូន ប្រកបដោយផ្លែផ្កា

ដោយ៖សូ សែនឬទ្ធា | 4 ម៉ោងមុន ព័ត៌មានទូទៅ 35
ឯកឧត្តមទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ អង្គការពាណិជ្ជកម្មពិភពលោក នៅប្រទេសកាម៉េរូន ប្រកបដោយផ្លែផ្កា ឯកឧត្តមទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា បានអញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ អង្គការពាណិជ្ជកម្មពិភពលោក នៅប្រទេសកាម៉េរូន ប្រកបដោយផ្លែផ្កា

 

យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចូលរួមរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី សុក ស៊ីផាន់ណា ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ អង្គការពាណិជ្ជកម្មពិភពលោកបានឲ្យដឹងថា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៤ (MC14) នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងយុនដេ ប្រទេសកាម៉េរូន។ សន្និសីទ MC14 គឺជាយន្តការសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការ WTO ដែលប្រជុំជារៀងរាល់ពីរឆ្នាំម្តងក្រោមវត្តមានចូលរួមពីសំណាក់រដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតនិងមន្ត្រីជាន់ខ្ពស់ក៏ដូចជាតំណាងមកពីរដ្ឋាភិបាល អង្គការអន្តរជាតិនិងវិស័យឯកជនដើម្បីដោះស្រាយជាបន្ទាន់នូវការកែទម្រង់អង្គការ WTO។

បន្ទាប់ពីការចូលរួមក្នុងសន្និសីទ MC14 រដ្ឋមន្ត្រីដែលមានវត្តមានទាំងអស់ត្រូវបានជំរុញឱ្យផ្តល់នូវទិសដៅនយោបាយច្បាស់លាស់និងសម្រេចឱ្យបាននូវការឯកភាពលើផែនការកែទម្រង់ជាក់លាក់។ កិច្ចពិភាក្សាសំខាន់ៗបានផ្តោតលើអនាគតនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកិច្ចចរចាអាទិភាពនានា រួមមាន កសិកម្ម ពាណិជ្ជកម្មនិងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការឧបត្ថម្ភធនក្នុងវិស័យជលផល ការសម្របសម្រួលវិនិយោគសម្រាប់ការអភិវឌ្ឍន៍និងកម្មសិទ្ធិបញ្ញា។

នៅថ្ងៃទី២៥ ខែមីនា ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមក្នុងព្រឹត្តិការណ៍អមដែលរៀបចំដោយអង្គការ WTO និងក្រុមធនាគារពិភពលោក (World Bank Group) ស្តីពីពាណិជ្ជកម្មសេវាកម្មសម្រាប់ការអភិវឌ្ឍ (TS4D)” ដែលផ្តោតលើការពង្រឹងសមត្ថភាពប្រកួត ប្រជែងក្នុងវិស័យសេវាកម្មសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងបានចូលរួមក្នុងវេទិកាធុរកិច្ចសន្និសិទ MC14 ដែលរៀបចំរួមគ្នាដោយអង្គការ WTO និងសភា ពាណិជ្ជកម្មអន្តរជាតិ (ICC) ដែលក្នុងនោះថ្នាក់ដឹកនាំមកពីវិស័យសាធារណៈ និងឯកជនបានពិភាក្សាអំពីបញ្ហា ប្រឈមនៃពាណិជ្ជកម្មសកលក្នុងអំឡុងពេលមានវិបត្តិបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា។

នៅថ្ងៃទី២៦ ខែមីនា ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមក្នុងពិធីបើកជាផ្លូវការនៃសន្និសីទ MC14 ដែលមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូប រួមមានលោក Joseph Dion Ngute នាយករដ្ឋមន្ត្រីកាម៉េរូន លោកស្រីបណ្ឌិត Ngozi Okonjo-Iweala អគ្គនាយិកាអង្គការ WTO លោក Muhammed B.S. Jallow អនុប្រធានាធិបតីហ្គាំប៊ី លោក Teodoro Nguema Obiang Mangue អនុប្រធានាធិបតីហ្គីណេអេក្វាទ័រ ព្រមទាំងរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឯកអគ្គរដ្ឋទូតជាច្រើនរូបទៀត។

នៅថ្ងៃទី២៧ ខែមីនា ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមក្នុងសម័យប្រជុំស្តីពីការកែទម្រង់អង្គការ WTO ដែលរៀបចំឡើងក្នុងទម្រង់ជាការផ្លាស់ប្តូរមតិកម្រិតរដ្ឋមន្ត្រីលើបញ្ហាឬសគល់ ដែលរួមមានគោលការណ៍ស្នូល របស់អង្គការ WTO មុននឹងឈានទៅសម័យប្រជុំពិភាក្សាតាមក្រុមតូចៗ (Breakout sessions)។

សម័យប្រជុំទាំងនេះបានផ្តោតសំខាន់លើយន្តការនៃដំណើរការធ្វើសេចក្តីសម្រេចចិត្ត ស្ថានភាពនៃការអនុវត្តអាណត្តិមុនៗ ទិដ្ឋភាពនៃការអភិវឌ្ឍ បញ្ហានៃការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) និងកិច្ចពិភាក្សាខ្លឹមសារដទៃទៀតលើទិសដៅអនាគតនៃការកែទម្រង់អង្គការ WTO និងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

ឆ្លៀតក្នុងឱកាសនៃសន្និសីទនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Manuel Tovar Rivera រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេសនៃកូស្តារីកា លោក César Llona អនុរដ្ឋ មន្ត្រីពាណិជ្ជកម្មក្រៅប្រទេសនៃប៉េរូ លោក Chris Bryant រដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្មនៃចក្រ ភពអង់គ្លេស និង ឯកអគ្គរដ្ឋទូត Victor Manuel Aguilar Pérez តំណាងអចិន្ត្រៃយ៍នៃម៉ិកស៊ិកប្រចាំអង្គការ WTO ដើម្បីស្វែងរកការគាំទ្រចំពោះដំណើរការចូលជាសមាជិកនៃកិច្ចព្រមព្រៀងទូលំទូលាយនិងរីកចម្រើនសម្រាប់ ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP-TPP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមានស្តង់ដារខ្ពស់បំផុត និងបានចូលជួបសម្តែងការគួរជាមួយ លោកស្រីបណ្ឌិត Ngozi Okonjo-Iweala ផងដែរ។

ទន្ទឹមនឹងគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជួប ពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Aissatou Diallo នាយិកាប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌសមាណហរណកម្ម (EIF) ដើម្បីបន្តពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាង គ.ផ.គ.ព. និង EIF ក៏ដូចជាបានពិភាក្សាការងារជាមួយលោក Escipion J. Oliverira-Gomez នាយកផ្នែកកម្មវិធីប្រទេសនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (ITC) និង លោក Quan Zhoa មន្ត្រីកម្មវិធីជាន់ខ្ពស់នៃផ្នែកគោល នយោបាយពាណិជ្ជកម្មនៃមជ្ឈមណ្ឌល ITC ដើម្បីផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយកម្ពុជា៕

អត្ថបទទាក់ទង