ខ្មែរប៉ុស្ដិ៍ Close

កម្ពុជារំពឹងនាំចេញដូងស្រស់ទៅកាន់ទីផ្សារចិនលើកដំបូងនៅឆ្នាំ២០២៤នេះ

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 168

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងថា បច្ចុប្បន្ន ចម្ការដូងនិងទីតាំងវេចខ្ចប់ដែលទទួលបានការចុះបញ្ជីពីអគ្គរដ្ឋបាលគយចិន កំពុងតែមមាញឹកក្នុងការរៀបចំនាំចេញផ្លែដូងស្រស់របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លោកជំទាវ រំពឹងថា ការនាំចេញជើងដំបូងរបស់កម្ពុជាអាចសម្រេចបាននៅក្នុងឆ្នាំ២០២៤នេះ។

គិតមកទល់ពេលនេះ អគ្គរដ្ឋបាលគយចិន បានអនុម័តទទួលស្គាល់ជាផ្លូវការចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅចិន។ ក្នុងចំណោមក្រុមហ៊ុនវេចខ្ចប់៥នោះ មានក្រុមហ៊ុនមួយបានចរចា និងស្វែងរកអតិថិជននៅចិនបានហើយ និងឈានដល់ការនាំចេញក្នុងពេលដ៏ឆាប់ៗ។ លោកជំទាវ អ៊ឹម រចនា បានបន្ថែមយ៉ាងដូច្នេះថា «យើងទើបតែបានចុះបញ្ជីក្រុមហ៊ុនដែលអនុវត្តតាមស្ដង់ដារ និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៅឡើយ ដូច្នេះក្រុមហ៊ុនទាំងនោះមិនទាន់អាចនាំចេញដូងស្រស់ទៅចិនបានទេ»។

លោក សួង ណយ ប្រធានសហគមន៍កសិកម្មដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានមើលឃើញថា ការនាំចេញដូងស្រស់ទៅកាន់ចិន នឹងផ្ដល់ក្ដីសង្ឃឹមផ្នែកទីផ្សារ និងតម្លៃ កាន់តែខ្ពស់ដល់កសិករ។ ជាមួយគ្នានេះដែរ លោកក៏សង្ឃឹមថា ការនាំចេញនេះនឹងមាននិរន្តរភាព។

បើតាម លោក សួង ណយ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមិនទាន់មានដូងគ្រប់គ្រាន់សម្រាប់ការនាំចេញនោះទេ ព្រោះតែកម្ពុជាកំពុងនាំចូលពីថៃនិងវៀតណាមដើម្បីបង្គ្រប់តម្រូវការនៅឡើយ។ ក្នុងមួយថ្ងៃៗ កម្ពុជាបាននាំចូលដូងទុំនិងខ្ចីយ៉ាងតិច៥ម៉ឺនផ្លែពីថៃនិងវៀតណាម។ កម្ពុជាត្រូវការពេល ៣-៥ឆ្នាំទៀត ដើម្បីជំរុញការដាំដុះ ដោយធ្វើយ៉ាងណាឱ្យបាន២លានដើម ទើបអាចបំពេញតម្រូវការក្នុងស្រុកបាន។ បច្ចុប្បន្ន កម្ពុជាមានដូងក្រអូបប្រហែល១លានដើមប៉ុណ្ណោះ៕

អត្ថបទទាក់ទង