សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦
សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំទៅអង្គភាពមូលដ្ឋានដើម្បីរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ឱ្យមានប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។
នៅក្នុងសារាចរស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំកម្មវិធី និងសកម្មភាពផ្សព្វផ្សាយវប្បធម៌នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់រំមហាជនជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែមុតមាំថែមទៀតនៅក្នុងការចូលរួមថែរក្សាការពារលើកស្ទួយនិងអភិវឌ្ឍវប្បធម៌ជាតិ។
នៅក្នុងខ្លឹមសារនៃសារាចរដដែលនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរនៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធីនិងសកម្មភាពនានាដើម្បីប្រារព្ធទិវាវប្បធម៌ជាតិនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត៕




