ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 41

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួប សំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបជាង១ពាន់នាក់។ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ការប្រលងមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន ៩០,៩៥០នាក់ ស្មើនឹងប្រមាណ ៧២.៣៣% នៃបេក្ខជនសរុប។

បេក្ខជនទទួលបាននិទ្ទេស A មានចំនួន ១,០៤៩នាក់, និទ្ទេស B មានចំនួន ៧,២៣២នាក់, និទ្ទេស C មានចំនួន ១៩,០៥៣នាក់, និទ្ទេស D មានចំនួន ៣១,១៦៦នាក់ និងនិទ្ទេស E មានចំនួន ៣២, ៤៥០នាក់។

នៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយសិស្សនិទ្ទេស A រយៈពេលប្រមាណជាង២ម៉ោង, ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់សម្តេចតេជោ៖

  1. សម្តេចតេជោ ហ៊ុន សែន ចូលរួមសម្តែងការរីករាយជាមួយសិស្សានុសិស្សនិទ្ទេស A ទាំងអស់។
  2. សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីលោកគ្រូ អ្នកគ្រូ ចំពោះការលើកពេលប្រលង ព្រោះការប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
  3. សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីលោកគ្រូ អ្នកគ្រូ និងសិស្ស ចំពោះការយឺតយ៉ាវនៃជំនួបសំណេះសំណាល ព្រោះរង់ចាំការផលិត IPad ពីរោងចក្រ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តចំពោះការធ្វើកំណែទម្រង់ប្រលងបាក់ឌុប ព្រោះធ្វើឱ្យផ្លាស់ប្តូរឥរិយាបថលើការរៀនសូត្រ និងការប្រលង។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណែទម្រង់ប្រលងបាក់ឌុបរយៈពេលជិត ១០ឆ្នាំនេះ បានបញ្ចប់នូវវប្បធម៌អន្តរាគមន៍។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណែទម្រង់បាក់ឌុប បានក្លាយទៅជាចលនាប្រកួតប្រជែងនៃការអប់រំ និងសិក្សារៀនសូត្រនៅតាមខេត្តនីមួយៗ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណែទម្រង់ប្រលងបាក់ឌុប នឹងបន្តជារៀងរហូត។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សិស្សនិទ្ទេស A បានបង្កើតឱកាស និងកសាងកិត្តិយសជូនគ្រួសារប្រកបដោយមោទនភាព។
  9. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អាណាព្យាបាល អាជ្ញាធរ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាជ្រោមជ្រែងការសិក្សារបស់សិស្ស។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពមិនអាចមើលរំលងនោះទេ មានសន្តិភាពទើបមានឱកាសសម្រាប់ការអប់រំដូចពេលបច្ចុប្បន្ន។
  11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភ្លើងសង្គ្រាម បានធ្វើឱ្យយុវជនសម័យមុនបាត់បង់ឱកាសសិក្សារៀនសូត្រ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចំណាយថវិកាប្រមាណ ៤០០លានដុល្លារ សម្រាប់សាងសង់សាលាពេលសម្តេចធ្វើដំណើរចុះតាមខេត្ត កាលពីឆ្នាំ២០១៦។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ជាឧបសគ្គសម័យថ្មី សម្រាប់សិស្ស។
  14. សម្តេចតេជោ ហ៊ុន សែន បង្ហាញការព្រួយបារម្ភចំពោះអត្រាជាប់បាក់ឌុបរបស់សិស្សប្រុស ដែលមានកម្រិតទាបជាងសិស្សជានារី។
  15. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិស្សនិទ្ទេស A បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត។
  16. សម្តេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចជូនអភិបាលរាជធានី រៀបចំកន្លែងស្នាក់នៅសម្រាប់សិស្សក្រីក្រមកពីតាមបណ្តាខេត្ត។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមុនមានអតុល្យភាពរវាងសេចក្តីត្រូវការ និងការខ្វះសាលា ខ្វះគ្រូបង្រៀន។ តែបច្ចុប្បន្នអតុល្យភាពត្រូវបានកាត់បន្ថយ សាលាកាន់តែច្រើន បានទៅជិតផ្ទះប្រជាពលរដ្ឋ។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្តេចតេជោ នឹងប្រកាសពីនយោបាយកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។
  19. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្តេចតេជោ បានបញ្ជាក់ថា ការបណ្តុះបណ្តាលវិជ្ជាជីវៈ អាចនឹងចាប់ផ្តើមក្រោយបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី។
  20. សម្តេចតេជោ ហ៊ុន សែន រំពឹងថា ឆ្នាំ២០២៣ អាចទទួលអ្នកទេសចរបរទេសចន្លោះពី ៣លាន ទៅ៤លាននាក់។
  21. សម្តេចតេជោ ហ៊ុន សែន អញ្ជើញខ្មែរនៅបរទេសចូលមកលេងស្រុក ដើម្បីចៀសវាងការឃោសនាបោកប្រាស់។
  22. សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនប្រកាន់ទោសអូសដំណើរ ចំពោះអ្នកគាំទ្របក្សប្រឆាំង ដែលធ្លាប់បានប្រមាថសម្តេចនោះឡើយ។
  23. សម្តេចតេជោ ហ៊ុន សែន អំពាវនាវខ្មែរនៅក្រៅប្រទេស ឱ្យឈប់ចាញ់បោកការឃោសនារបស់ក្រុមប្រឆាំង។

Fresh News

អត្ថបទទាក់ទង