ខ្មែរប៉ុស្ដិ៍ Close

តើនេះគឺជាចំណុចចាប់ផ្តើមនៃទីបញ្ចប់របស់លោក Kishida មែនឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 57
តើនេះគឺជាចំណុចចាប់ផ្តើមនៃទីបញ្ចប់របស់លោក Kishida មែនឬទេ? តើនេះគឺជាចំណុចចាប់ផ្តើមនៃទីបញ្ចប់របស់លោក Kishida មែនឬទេ?

អ្នកជំនាញធ្លាប់បានលើកឡើងហើយថា ជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យសេរីនៅសភាជាន់ខ្ពស់កាលពីដើមឆ្នាំនេះ នឹងក្លាយជាការបើកច្រកដល់ «រយៈពេលមាស ៣ ឆ្នាំ» សម្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio។ រយៈពេល ៣ ឆ្នាំនោះ នឹងមានលក្ខណៈរលូន ខណៈដែលរដ្ឋការលោក Kishida បានឈានចូលដល់ដំណាក់កាលមួយដែលពួកគេមិនចាំបាច់រៀបចំការបោះឆ្នោតជាតិនោះទេ លុះត្រាតែពួកគេត្រូវរៀបចំការបោះឆ្នោតមុនអាណត្តិ ឬក៏ពួកគេទទួលបានការបោះឆ្នោតមិនទុកចិត្តពីរដ្ឋសភា។

អវត្តមាននៃការបោះឆ្នោតជាតិសម្រាប់ពេល ៣ ឆ្នាំបានផ្តល់ឱកាសឱ្យលោក Kishida នូវឱកាសក្នុងការចូលរួមទៅក្នុងកិច្ចការគោលនយោបាយ ដោយពុំចាប់បាច់បារម្ភអំពីការប្រឆាំងត្រឡប់មកវិញ ពីសំណាក់ សាធារណជន និងក្រុមអ្នកប្រឆាំងនៅក្នុងបក្សគាត់នោះទេ។ ទោះជាបែបនោះក្តី ភាពសុទិដ្ឋិនិយមដែលលោក Kishida ទទួលបាននៅក្រោយជ័យជន្នះដ៏ត្រចះត្រចង់របស់ពួកគេ នៅក្នុងការបោះឆ្នោតកាលពី ៥ ខែ មុននោះ ស្ទើរត្រូវបានសាបសូន្យទៅវិញអស់ភ្លាមៗ។

សូមអាន លោក Kishida បានងាកចេញពីរបបមូលធនថ្មី

ព្រឹត្តិការណ៍មួយ ដែលបានបណ្តាលការងារនយោបាយលោក Kashida ដាំក្បាលចុះនោះ គឺបញ្ហាវិហារគ្រីស្តសាសនា Unification Church។ ការលួចធ្វើឃាត លោក Shinzo Abe និងអរិភាពរវាងអ្នកធ្វើឃាតរូបនោះ ជាមួយព្រះវិហារ Unification Church ដោយជននោះបានចោទប្រកាន់ថា ព្រះវិហារនេះបានបំផ្លាញដល់ជីវិតគាត់ តាមរយៈការប្រមូលប្រាក់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមគ្រួសាររបស់គាត់នោះ បានបញ្ឆេះឱ្យមានការឃ្លាំមើលយ៉ាងខ្លាំងពីសំណាក់បណ្តាញផ្សព្វផ្សាយ ទៅលើទំនាក់ទំនងរបស់ព្រះវិហារនេះជាមួយគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច។

នៅក្រោយការលួចធ្វើឃាតនោះ មានរបាយការណ៍ជាច្រើនត្រូវបានផ្សព្វផ្សាយអំពីជនរងគ្រោះដោយសារព្រះវិហារគ្រីស្តសាសនា និងឥទ្ធិពលរបស់ព្រះវិហារនោះមកលើគណបក្សប្រជាធិបតេយ្យសេរី។ ករណីនេះ បានធ្វើឱ្យរង្គ្រោះរង្គើដល់មនសិការជាតិដែលបានធ្វើឱ្យសាធារណជន ៦៩% បានទាមទារឱ្យរដ្ឋាភិបាលដកហូតសិទ្ធិពិសេសរបស់ព្រះវិហារគ្រីស្តសាសនានោះចេញពីស្ថាប័នសាសនាវិញ។

ដោយប្រឈមនឹងសម្ពាធខ្លាំងពីសំណាក់សាធារណជន លោក Kishida បានរុះរើគណៈរដ្ឋមន្ត្រីរបស់គាត់ ដោយបានផាត់ចេញនូវសមាជិកគណៈរដ្ឋមន្ត្រីរូបណាដែលបានទទួលរងការរិះគន់ថាមានទំនាក់ទំនងជាមួយព្រះវិហារនោះ។ ថ្មីៗនេះ គាត់បានបណ្តេញចេញលោក Daishiro Yamagiwa គឺក្រោយអង្គប្រជុំសភាបានរកឃើញថា គាត់បានចូលរួមនៅក្នុងព្រឹត្តិការណ៍ដែលពាក់ព័ន្ធនឹងព្រះវិហារគ្រីស្តសាសនានោះ។

លើសពីនេះ លោក Kishida បានប្រកាសថា គាត់នឹងចាប់ផ្តើមស៊ើបអង្គេតទៅលើព្រះវិហារនោះ ហើយក៏ចាប់ផ្តើមដំណើរការជាផ្លូវការដើម្បីដកព្រះវិហារនោះចេញពីស្ថាប័នសាសនាស្របច្បាប់របស់ប្រទេសជប៉ុន។

នៅមុនពេលរឿងចម្រូងចម្រាសរបស់ព្រះវិហារនោះទទួលបានការចាប់អារម្មណ៍ពីសាធារណជន លោក Kishida ទទួលបានប្រជាប្រិយភាពយ៉ាងខ្ពស់ បើប្រៀបធៀបនឹងអ្នកកាន់តំណែងមុនៗគាត់។

នៅពេលចាប់ផ្តើមកាន់តំណែង គាត់ត្រូវបានគេសរសើរអំពីការបង្ហាញចេញនូវភាពជាអ្នកដឹកនាំ ជាពិសេសនៅក្នុងគោលនយោបាយកូវីដ-១៩ របស់ប្រទេសជប៉ុន។ ទោះជាបែបនោះក្តី អសមត្ថភាពក្នុងការគ្រប់គ្រង និងឆ្លើយតបឱ្យមានប្រសិទ្ធភាពចំពោះបញ្ហាថ្មីៗ មិនត្រឹមតែបញ្ហាព្រះវិហារខាងលើនោះទេ គឺរាប់បញ្ចូលទាំងពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Abe និងការលាលែងពីតំណែងរបស់សមាជិកគណៈរដ្ឋមន្ត្រីគាត់ផងនោះ បានរុញគាត់ឱ្យឈានដល់ផ្លូវទាល់ច្រក។

សូមអាន កេរ្តិ៍ដំណែលពិសេសរបស់លោក Shinzo Abe

ចាប់ពីខែកក្កដាមក កម្រិតប្រជាប្រិយភាពរបស់លោក Kishida បានដាំក្បាលចុះដល់ 22% នេះបើយោងតាមការស្ទង់មតិនៅពេលថ្មីនេះរបស់ក្រុមហ៊ុន Morning Consult។

ប្រសិនបើការបោះឆ្នោតស្ថិតនៅកៀកនេះវិញ វានឹងកាន់តែពិបាកក្នុងការគិតថា លោក Kishida នឹងអាចឈ្នះការបោះឆ្នោត។ អ្នកកាន់តំណែងមុនគាត់ គឺនាយករដ្ឋមន្ត្រី លោក Suga Yoshihide ដែលបានប្រឈមមុខនឹងចំនួនអ្នកឆ្លងកូវីដ-19 យ៉ាងច្រើននោះ ត្រូវបានទាញទម្លាក់ចេញពីការដឹកនាំដោយក្រុមអ្នកប្រឆាំងនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ហើយក្នុងចំណោមអ្នកប្រឆាំងទាំងនោះ ក៏មានលោក Kishida ម្នាក់ដែរ ដោយសារតែមតិជាឯកច្ឆន្ទនៅក្នុងគណបក្សនៅពេលនោះបានលើកឡើងថា លោក Suga នឹងដឹកនាំគណបក្សឱ្យឈានទៅបរាជ័យក្នុងការបោះឆ្នោត។

មកដល់ចំណុចនេះ គេអាចមើលឃើញថា អវត្តមាននៃការបោះឆ្នោតថ្នាក់ជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត និងភាពបរាជ័យរបស់គណបក្សប្រឆាំងក្នុងការបង្កើតសម្ព័ន្ធភាពទៅប្រឆាំង គណបក្សប្រជាធិបតេយ្យសេរីនោះ គឺជាខែលការពារខ្លះដែលបានជួយដល់លោក Kishida ពីការបាត់បង់ជីវិតនយោបាយភ្លាមៗបាន។

ទន្ទឹមគ្នានេះ ការបះបោរជាចំហចេញពីគណបក្សប្រជាធិបតេយ្យសេរីដើម្បីប្រឆាំងនឹងមេដឹកនាំដែលគ្មានប្រជាប្រិយភាពខាងលើ ហាក់ដូចជាកំពុងស្ថិតនៅឆ្ងាយនៅឡើយ។ ទោះជាបែបនោះក្តី ការបោះឆ្នោតថ្នាក់តំបន់នៅទូទាំងប្រទេសដែលត្រូវគេរំពឹងថានឹងប្រព្រឹត្តឡើងនៅខែមេសាខាងមុខ អាចនឹងត្រូវបង្ខំឱ្យគូប្រជែងរបស់លោក Kishida នៅក្នុងបក្ស ចាប់ផ្តើមដាក់ចេញនូវវិធានការប្រឆាំង។

បើទោះបីជាការបោះឆ្នោតថ្នាក់តំបន់មិនមានឥទ្ធិពលភ្លាមៗទៅលើគណបក្សកាន់អំណាចជប៉ុនក៏ពិតមែនក្តី ប្រសិនបើអាសនៈសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យសេរីត្រូវបានបាត់បង់នៅក្នុងការបោះឆ្នោត នោះ វានឹងនៅតែបង្កបញ្ហាដល់លោក Kishida ដដែល។

ជាធម្មតា នៅពេលការបោះឆ្នោតថ្នាក់ជាតិត្រូវបានគេរៀបចំឡើង អ្នកធ្វើគោលនយោបាយនៅថ្នាក់តំបន់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធនាការបោះឆ្នោត ដោយប្រើប្រាស់ទំនាក់ទំនងដែលមានកន្លងមកជាមួយមណ្ឌលបោះឆ្នោតតាមតំបន់របស់ពួកគេដើម្បីប្រមូលការគាំទ្រសម្រាប់បេក្ខជនជាប់ឆ្នោតថ្នាក់ជាតិ។ ប៉ុន្តែប្រសិនបើអាសនៈរបស់គណបក្សប្រជាធិបតេយ្យសេរីទាំងនោះត្រូវបានបាត់បង់នៅក្នុងការបោះឆ្នោតថ្នាក់តំបន់នៅពេលខាងមុខនេះ វានឹងបង្ហាញនូវហានិភ័យនៅចំពោះមុខសម្រាប់សមាជិកសភារបស់គណបក្សប្រជាធិបតេយ្យសេរីដែលនឹងត្រូវបាត់បង់កម្លាំងរបស់គេនៅក្នុងយុទ្ធនាការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអនាគតដែលនេះគឺជាការរួមចំណែកដល់ការដាំក្បាលចុះបន្ថែមទៀតសម្រាប់ឱកាសក្នុងការទទួលបានជោគជ័យក្នុងការបោះឆ្នោត។

សូមអាន តើអ្វីជាគោលនយោបាយ Kishidanomics?

វាពិតជាមានបេក្ខជនដែលកំពុងតែប្រកួតប្រជែងនៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ហើយជាក់ស្តែងគឺនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក Kishida តែម្តងដែលកំពុងសម្លឹងមកកាន់មុខតំណែងរបស់គាត់។ រដ្ឋមន្ត្រីក្រសួងឌីជីថល លោក Kono Taro និងរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច លោក Takaichi Sanae លោកទាំងពីរនាក់បានឈរឈ្មោះប្រជែងជាមួយលោក Kishida នៅក្នុងការប្រកួតយកតំណែងប្រធានបក្សប្រជាធិបតេយ្យសេរីនៅឆ្នាំ ២០២១ ហើយវាជាសញ្ញាបង្ហាញថា ពួកគេចង់ស្នងតំណែងបន្តពីលោក Kishida នៅថ្ងៃណាមួយ។

នៅចំពោះមុខអ្នកគាំទ្រ អគ្គលេខាធិការបក្សប្រជាធិបតេយ្យសេរី លោក Motegi Toshimitsu បានបង្ហើបថា រូបគាត់នឹងឈរឈ្មោះធ្វើជាប្រធានបក្សប្រជាធិបតេយ្យសេរីនៅពេលណាមួយផងដែរ។

អ្នកខ្លះទៀតថែមទាំងបានសង្ឃឹមទៀតថា លោក Suga ដែលកំពុងតែមានជំហរល្អនៅក្នុងគណបក្សនៅក្រោយការលាលែងពីតំណែងជាប្រធានគណបក្សនោះ អាចនឹងត្រូវបានគេតែងតាំងជានាយករដ្ឋមន្ត្រីឡើងវិញ។ ទោះជាបែបនោះក្តី លោក Suga បានបដិសេធថាមិនមានបំណងត្រឡប់មកកាន់មុខតំណែងនោះវិញទេ។

ពេលវេលានៅតែអំណោយផលសម្រាប់លោក Kishida។ ទោះបីជាគណបក្សប្រជាធិបតេយ្យសេរីទទួលបានសម្លេងធ្លាក់ចុះខ្លាំងនៅក្នុងការបោះឆ្នោតថ្នាក់តំបន់នៅពេលខាង មុខនេះក្តី ក៏លោក Kishida នៅតែមានពេល ១ ឆ្នាំទៀត ដើម្បីទាញយកឥទ្ធិពលរបស់គាត់ត្រឡប់មកវិញ នៅមុនពេលដែលគាត់ត្រូវប្រឈមមុខនឹងសមាជិកថ្នាក់ក្រោមរបស់បក្សនៅក្នុងការបោះឆ្នោតជាប្រធានបក្សប្រជាធិបតេយ្យសេរី ដែលគ្រោងនឹងប្រព្រឹត្តធ្វើនៅខែកញ្ញា ឆ្នាំ ២០២៤ ដែលមានរយៈពេល ១ ឆ្នាំមុនពេលការ បោះឆ្នោតថ្នាក់ជាតិ។ បើទោះបីជាគាត់នៅតែមានគុណសម្បត្តិក៏ពិតមែនក្តី ក៏កម្លាំងនយោបាយរបស់លោក Kishida មិនបានបង្ហាញសញ្ញាណាមួយនៃការងើបឡើងវិញនៅឡើយនោះទេ ហើយប្រជាប្រិយភាពដែលកំពុងតែដាំក្បាលចុះរបស់គាត់ចាប់ពីខែកក្កដាមកនោះ គឺមើលទៅដូចជាចំណុចចាប់ផ្តើមនៃទីបញ្ចប់តែប៉ុណ្ណោះ៕

The Diplomat