ខ្មែរប៉ុស្ដិ៍ Close

    សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជានិងបង្កើនការបញ្ជាទិញពីកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ មុខរបរ 895
    សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជានិងបង្កើនការបញ្ជាទិញពីកម្ពុជាសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជានិងបង្កើនការបញ្ជាទិញពីកម្ពុជា

    សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជា​ទិញ​ទំនិញពីកម្ពុជា។ នេះជាការលើកឡើងរបស់លោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេ​រិកប្រចាំកម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា នៅ​ក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

    ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតទាំងពីរខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ខណៈដែលរដ្ឋមន្រ្តីក្រសួងការងារ លោក អ៉ិត សំហេង បានទទួលជួបលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ព្រមគ្នាតែម្តង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។

    លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានឱ្យដឹងថា នៅក្នុងការជួបពិភាក្សានេះ ឯកអគ្គរដ្ឋទូតទាំង២រូប បានសាទរដល់កម្ពុជា ដែលទើបសម្រេចបានប្រាក់ ឈ្នួលអប្បបរមាឆ្នាំ​២០១៨ ចំនួន ១៧០ដុល្លារ ប្រកប ដោយរលូន និងកុងសង់ស៊ីសគ្នាពីគ្រប់ភាគីនាឆ្នាំនេះ។ លោក​ទាំងពីរក៏បានលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរពលក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឱ្យបានលឿន និងមានតម្លាភាព។

    លោកឯកអគ្គរដ្ឋទូតទាំងពីរ បានបញ្ជាក់ថា សហរដ្ឋ អាមេរិក និងសហភាពអ៊ឺរ៉ុប នឹងមិនភ្ជាប់កិច្ចខិតខំប្រឹង ប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។

    ជាការឆ្លើយតប លោក អ៉ិត សំហេង ក៏បានថ្លែងអំណរ គុណដល់ប្រទេសទាំងពីរ ដែលបានរួមចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ព្រមទាំងធានាថាកម្ពុជានឹងបន្តគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការជាមួយគម្រោង​រោង​ចក្រកាន់តែប្រសើរ របស់អង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គ​ការ​អន្តរជាតិផ្សេងទៀតដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕

    អត្ថបទទាក់ទង