មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាពរាជធានីភ្នំពេញ បើកដំណើរការសាងសង់ជាផ្លូវការ
នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានបើកដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាពរាជធានីភ្នំពេញ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតំរូវឱ្យធ្វើការសាងសង់ឱ្យរួចរាល់ក្នុងរយះពេលមួយឆ្នាំ។
ពិធីក្រុងពាលីតាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាពរាជធានីភ្នំពេញនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។ តាមការឱ្យដឹងពីមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាពរាជធានីភ្នំពេញនេះ ត្រូវសាងសង់ចំនួន១១អាគារ លើផ្ទៃដីជាង៧ហិកតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលនឹងត្រូវសាងសង់ឱ្យបានរួចរាល់ក្នុងរយះពេលរវាង១ឆ្នាំ។
ក្រោមអនុសាសន៦របស់សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ពិសេសក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលជំងឺផ្លូវដង្ហើមដ៏កាចសាហាវនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សចូលក្នុងសហគមន៍ ដោយបានបំប្លែងខ្លួនជាអូមីក្រុង និងមានការឆ្លងលឿនទៀតផង។
ការចាប់ផ្តើមដំណើរការសាងសង់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ នាពេលនេះ បានបង្ហាញឱ្យឃើញពីការគិតគូរបស់អាជ្ញាធររាជធានីភ្នំពេញ តាមការណែនាំរបស់សម្តេចតេជោនាយមន្ត្រី ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋយើងក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលយើងមិនដឹងថាវានឹងបញ្ចប់នៅពេលណា។ ដូច្នេះយើងត្រូវរៀនរស់តាមរបត់ថ្មីនៃសម័យកូវីដ ហើយអាគារមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នេះក៏ជាសមិទ្ធិផលថ្មីដែលនឹងកើតចេញជារូបរាងនៅដើមឆ្នាំ២០២២នេះក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ៕ វិទ្យុជាតិកម្ពុជា







