ខ្មែរប៉ុស្ដិ៍ Close

សត្វស្លាប៣ប្រភេទចំនួន១៨ក្បាល និងទោចមកុដ១គូ បានដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 42

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដោះលែងសត្វស្លាប៣ប្រភេទផ្សេងទៀតសរុបចំនួន១៤ក្បាលរួមមាន សត្វក្ងោក(Peafowl)ចំនួន៤ក្បាល(ឈ្មោល៣ ញី១) សត្វកេងកងធំ(Great Hornbill) ចំនួន៦ក្បាល(ឈ្មោល៥ ញី១) និងសត្វព្វាំង(Wreathed Hornbill) ចំនួន៤ក្បាល(ឈ្មោល) ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ បានយកមកផ្សាំងក្នុងទ្រុងកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ចំណែកសត្វទោចមកុដ១គូ(Pileated Gibbon) ដែលជាគូចុងក្រោយ និងបានយកមកផ្សាំងក្នុងទ្រុងកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ក៍ត្រូវបានដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរដែរ។ ក្នុងពេលជាមួយគ្នានោះ អង្គការ ACCB ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា និងអង្គការ Wildlife Alliance ក៍បាននាំយកសត្វក្ងោក៤ក្បាល មកដោះលែងក្នុងពេលនោះដែរ(Hard releasing)។

ចាប់តាំងពីឆ្នាំ២០១៣ មកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរមានដូចជា សត្វទោចមកុដ(Pileated Gibbon) ចំនួន១៣ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red Muntjac)ចំនួន៤ក្បាល សត្វស្វាព្រាម(Silvered Langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm Civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated Otter) ចំនួន៥ក្បាល(កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ។

អត្ថបទ៖ លោក ជូ រ៉ាឌីណា
រូបភាព៖ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ

អត្ថបទទាក់ទង