ខ្មែរប៉ុស្ដិ៍ Close

    រាជរដ្ឋាភិបាល ចាប់ផ្តើមរៀបចំកម្មវិធីជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីស្ដារស្ថានភាពសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 723
    រាជរដ្ឋាភិបាល ចាប់ផ្តើមរៀបចំកម្មវិធីជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីស្ដារស្ថានភាពសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩រាជរដ្ឋាភិបាល ចាប់ផ្តើមរៀបចំកម្មវិធីជាតិដំណាក់កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីស្ដារស្ថានភាពសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩

    រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំកម្មវិធីជាតិដំណាក់កាលទី២ ឆ្នាំ២០២១ដល់ឆ្នាំ២០៣០ ដើម្បីស្ដារស្ថានភាព សេដ្ឋកិច្ចជាតិ ក្រោយវិបត្តិកូវីដ-១៩ និងជំរុញប្រទេសឲ្យមានចំណូលមធ្យមកម្រិតខ្ពស់នាពេលខាងមុខ។

    ថ្លែងក្នុងកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការអញ្ជើញចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បើទោះបីប្រទេសកម្ពុជា និងបណ្តាប្រទេសនានាលើពិភពលោក បាននិងកំពុងជួបស្ថានភាពលំបាក ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏កម្ពុជានៅតែបន្តរួមសហការគ្នាក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះផង ព្រមទាំងរក្សាបាននូវនិរន្តរភាព ការបំពេញការងារតាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញកិច្ចដំណើរការកំណែទម្រង់នានាផងដែរ។

    លោកបានបញ្ជាក់ថា ក្នុងគោលបំណងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានសម្រេចឲ្យរៀបចំកម្មវិធីជាតិដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្ថែមទៀត គឺចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ដើម្បីសំដៅបន្តពង្រឹងស្ថាប័នរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានសក្តានុពលក្នុងការចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នោះគឺការស្ដារស្ថានភាពសេដ្ឋកិច្ចជាតិក្រោយវិបត្តិកូវីដ-១៩ និងការបន្តជំរុញកម្ពុជាឲ្យក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាពេលឆាប់ៗខាងមុខនេះ។

    លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានរំលឹកឡើងវិញថា កម្ពុជាបានអនុវត្តបញ្ចប់កម្មវិធីជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ ២០១០-២០២០ ដោយជោគជ័យ និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងការរៀបចំ និងដាក់ឲ្យដំណើរការស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរួមជាមួយការផ្ទេរមុខងារ និងធនធានចាំបាច់នានាទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនប្រជាពលរដ្ឋ៕

    ប្រភព៖ វិទ្យុជាតិកម្ពុជា

    អត្ថបទទាក់ទង