រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិខាងមុខទឹកចូលស្ថានីយបូមទឹកទី៦ វត្តភ្នំ នៃគម្រោងការពារទឹកជំនន់ជំហានទី៤

រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិខាងមុខទឹកចូលស្ថានីយបូមទឹកទី៦ វត្តភ្នំ នៃគម្រោងការពារទឹកជំនន់ជំហានទី៤ ដើម្បីធ្វើឱ្យចរន្តទឹកហូរបានលឿនមិនប្រឈមការលិចលង់ទីក្រុងនារដូវវស្សា។
នៅព្រឹកថ្ងៃទី៤ ខែសីហាឆ្នាំ ២០២១ លោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការម៉ាស៊ីនត្រងសំរាមស្វ័យប្រវត្តិខាងមុខទឹកចូលស្ថានីយ៍បូមទឹកទី៦ វត្តភ្នំ ស្ថិតនៅសួនច្បារមាត់ទន្លេមុខ CDC នៃគម្រោងការពារទឹកជំនន់ជំហានទី៤ ដែលជាគម្រោងហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។
គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ គម្រោងការពារទឹកជំនន់ និងកែលម្អប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ សម្រេចបានស្ទើរ ១០០ភាគរយ។
គម្រោងបានដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត ១.៥ម៉ែត្រ ដល់ ២.៣ម៉ែត្រ សាងសង់អាងក្រោមដីដែលស្តុកទឹកបាន ៦៥០០០ម៉ែត្រ គូប មានបណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៣ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ និងសាងសង់ស្ថានីយ៍បូមទឹកថ្មី មានសមត្ថភាពបូមទឹក ១.៤ម៉ែត្រគូបក្នុង១វិនាទី។ គម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ ៤៧ ផ្លូវលេខ ៩០ ផ្លូវលេខ ៩២។
គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមីនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ របស់ JICA នេះ មានទឹកប្រាក់សរុបប្រមាណ ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសំរាមមេកានិចស្វ័យប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹក៕
ប្រភព៖ វិទ្យុជាតិកម្ពុជា