ខ្មែរប៉ុស្ដិ៍ Close

    ក្រុមប្រតិភូ-អត្តពលិកកម្ពុជា បានចេញដំណើរ ទៅចូលរួមអូឡាំពិកហ្គេម នៅប្រទេសជប៉ុន

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 583
    ក្រុមប្រតិភូ-អត្តពលិកកម្ពុជា បានចេញដំណើរ ទៅចូលរួមអូឡាំពិកហ្គេម នៅប្រទេសជប៉ុនក្រុមប្រតិភូ-អត្តពលិកកម្ពុជា បានចេញដំណើរ ទៅចូលរួមអូឡាំពិកហ្គេម នៅប្រទេសជប៉ុន

    ក្រុមប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាលើពីរប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹក បានចេញដំណើរហើយ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ឆ្ពោះទៅកាន់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលគ្រោងនឹងដំណើរការជាផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្ម បានគូសបញ្ជាក់មុនពេលចេញដំណើរថា ក្រុមប្រតិភូ កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានមកជួបជុំគ្នា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចេញដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០។ មុនពេលចេញដំណើរនេះ ក្រុមប្រតិភូកម្ពុជាយើងទទួលបានការលើកទឹកចិត្តពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា កាលពីម្សិលមិញ ដែលយើងចងចាំជានិច្ចនូវអនុសាសន៍ផ្តាំផ្ញើ ក្រើនរម្លឹកដើម្បីធ្វើដំណើរចូលរួមប្រកួតនេះទទួលបាននូវសុខសុវត្ថិភាពទាំងទៅទាំងមកពីជំងឺកូវីដ-១៩។

    ជាមួយគ្នានោះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានយកចិត្តទុកដាក់ដល់ដំណើរការប្រកួតរបស់ក្រុមប្រតិភូអត្តពលិកកម្ពុជា ក្នុងបេសកកម្មអូឡាំពិកហ្គេម លើកនេះផងដែរ។

    លោកបន្ថែមថា បច្ចុប្បន្ន ទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងដំណើរការប្រកួតប្រភេទកីឡាមួយចំនួនហើយៗនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការ ដែលក្រុមប្រតិភូ អត្តពលិកកម្ពុជា យើងនឹងដង្ហែទង់ជាតិកម្ពុជា នៅក្នុងពីធីបើកនេះ ដើម្បីបង្ហាញពីការចូលរួមរបស់កម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តង របស់ពិភពលោកនេះផងដែរ។

    លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការប្រកួតឈ្នះចាញ់ គឺជារឿងមួយ ប៉ុន្តែរឿងដែលសំខាន់បំផុតក្នុងអូឡាំពិកហ្គេម គឺការចូលរួម ដែលការប្រកួតកីឡាអូឡាំពិកនេះ ធ្វើឱ្យពិភពលោកមានមិត្តភាព សាមគ្គីភាព និងសន្តិភាព ហើយស្របគ្នានឹងគោលការណ៍នេះដែរ កម្ពុជាដាក់ពាក្យស្លោកសម្រាប់ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺ «កីឡារស់ក្នុងសន្តិភាព»។

    លោកបានបន្តថា ដូច្នេះការទៅចូលរួមប្រកួតកីឡាអូឡាំពិកនេះ គឺទៅដើម្បីសន្តិភាព ទៅដើម្បីលើកទឹកចិត្តម្ចាស់ផ្ទះ ទៅដើម្បីបំពេញកាតព្វកិច្ចនៃចលនាអូឡាំពិក។ អ្វីដែលយើងចង់បានត្រឡប់មកវិញ គឺសេចក្តីថ្លៃថ្នូ កិត្តិយសជាតិ ដែលកីឡាករ កីឡាការិនីកម្ពុជារបស់យើង ខិតខំប្រកួតប្រជែងប្រកបដោយមោទនភាពជាតិ ប្រកួតដោយគោរពបាននូវគោលការណ៍យុត្តិធម៌ ក្រមសីលធម៌ល្អ ដោយមិនចូលរួមដោយរំលោភលើបទបញ្ជាការប្រកួត និងមិនមានសារធាតុហាមឃាត់ក្នុងកីឡា។

    លោកបានបន្តទៀតថា ជារួម គឺយើងទាំងអស់គ្នាមានសេចក្តីត្រេកអរណាស់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែយកចិត្តទុកដាក់អភិវឌ្ឍន៍លើគ្រប់ប្រភេទកីឡាទាំងអស់ ព្រមទាំងទទួលបានការគាំទ្រពីមហាជន ដែលទាំងអស់នេះគឺជាការជំរុញទឹកចិត្ត ក្នុងចិត្តសាស្ត្រកីឡាសម្រាប់យើងទាំងអស់គ្នា៕

    អត្ថបទទាក់ទង