ខ្មែរប៉ុស្ដិ៍ Close

ប្រព័ន្ធលូរំដោះទឹកក្នុងភូមិសាស្ត្រខណ្ឌដូនពេញ នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 50
ប្រព័ន្ធលូរំដោះទឹកក្នុងភូមិសាស្ត្រខណ្ឌដូនពេញ នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ប្រព័ន្ធលូរំដោះទឹកក្នុងភូមិសាស្ត្រខណ្ឌដូនពេញ នឹងដាក់ឱ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងការពារទឹកជំនន់ និងកែលំអប្រឡាយលូជំហានទី៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលគម្រោងសម្រេចលទ្ធផល បាន៩៨ភាគរយ ហើយនឹងដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះតទៅ។

ក្នុងការឱកាសអមដំណើរលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា ចុះពិនិត្យការដ្ឋានការពារទឹកជំនន់នេះ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធរំដោះទឹកភ្លៀងនេះ នឹងដោះស្រាយបញ្ហាទឹកលិច នៅតំបន់ជុំវិញ និងខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ ជាដើម។ លោកបានបន្តថា គម្រោងបាននិងអនុវត្តការដាក់លូមេជាលូមូល និងលូប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពីអង្កត់ផ្ចិត១,៥ម៉ែត្រ ដល់២,៣ម៉ែត្រ សាងសង់អាងក្រោមដីដែលស្តុកទឹកបាន៦ម៉ឺន៥ពាន់ម៉ែត្រគូប មានទំហំបណ្តោយ១៣៥ម៉ែត្រ ទទឹង១៣ម៉ែត្រ ជំរៅ៤ម៉ែត្រ និងសាងសង់ស្ថានីយបូមទឹកថ្មី មានសមត្ថភាពបូមទឹក១,៤ម៉ែត្រគូប ក្នុង១វិនាទី។

គម្រោងការពារ និងកែលំអប្រព័ន្ធប្រឡាយលូជំហានទី៤ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល មានទឹកប្រាក់សរុបប្រមាណ៣៦លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

គម្រោងនេះ មានទាំងការដាក់បណ្តាញលូមេ សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹក និងការតម្លើងរបាមេកានិកស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៃស្ថានីយបូមទឹក ជាដើម។

គម្រោង ត្រូវបានដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែងជាង៨គីឡូម៉ែត្រ និងការដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង៤,៤គីឡូម៉ែត្រ។ ទន្ទឹមគ្នានេះ ក៏មានការសាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយបូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការតម្លើងរបាមេកានិកស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគម្លង់១ ព្រះគម្លង់២ និងផ្សារចាស់ផងដែរ៕

អត្ថបទទាក់ទង