ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ការចោទប្រកាន់អំពីការរឹតត្បិតសិទ្ធិសេរីភាពនិងសិទ្ធិបញ្ចេញមតិ ត្រូវបានលាតត្រដាង!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 471
ទស្សនៈមិត្តអ្នកអាន៖ ការចោទប្រកាន់អំពីការរឹតត្បិតសិទ្ធិសេរីភាពនិងសិទ្ធិបញ្ចេញមតិ ត្រូវបានលាតត្រដាង!ទស្សនៈមិត្តអ្នកអាន៖ ការចោទប្រកាន់អំពីការរឹតត្បិតសិទ្ធិសេរីភាពនិងសិទ្ធិបញ្ចេញមតិ ត្រូវបានលាតត្រដាង!

ក្នុងគោលបំណងដើម្បីបំផ្លាញភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ជនបរទេសមួយក្តាប់តូចដែលជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សនៅតែចិញ្ចឹមចិត្តបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ មួលបង្កាច់ស្ថានភាពពិតនៅកម្ពុជា ថាមានការរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ។ រឿងពិតនៃការចាប់ខ្លួនជនសង្ស័យជាសមាជិកចលនាមាតាធម្មជាតិខុសច្បាប់ចំនួន០៣នាក់ នាពេលថ្មីៗនេះ គឺពាក់ព័ន្ធនឹងបទប្រមាថអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ជាតិ ឃុបឃិតជាមួយជនបរទេសទទួលផែនការ និងថវិកាដើម្បីញុះញង់ឲ្យយុវជនមានការងើបបះបោរប្រឆាំង ហើយឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះ។

ភស្តុតាងដែលរឹបអូសបានដោយសមត្ថកិច្ច និងព័ត៌មានដែលលេចធ្លាយជាបន្តបន្ទាប់រួមទាំងឯកសារ និងវីដេអូ បានបង្ហាញថាក្រុមជនសង្ស័យទាំងនេះ មិនមែនជាអ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិពិតប្រាកដនោះទេ តែពួកគេ បានយកលេសរឿងបរិស្ថាន និងធនធានធម្មជាតិមកធ្វើជាប្រធានបទដើម្បីធ្វើសកម្មភាពឈានទៅសម្រេចគោលដៅនយោបាយដែលជនបរទេសមួយក្តាប់តូចនោះបានកំណត់គឺការធ្វើបដិវត្តន៍ពណ៌ ដើម្បីឱ្យមានការផ្លាស់ប្តូរនៅកម្ពុជាដោយមិនប្រើផ្លូវប្រជាធិបតេយ្យ។

ភស្តុតាងជាវីដេអូ ដែលរឹងមាំបំផុតគឺជនបរទេសឈ្មោះ អាឡិចសិនដ្រូ ហ្គុងហ្សាលេស ដេវីដសុន (Alexandro Gonzalez Davidson) សញ្ញាតិអេស្ប៉ាញ ដែលជាអ្នករៀបចំផែនការ និងលួចផ្តល់ថវិកាឱ្យធ្វើសកម្មភាពជាសំងាត់បានដឹកនាំកិច្ចប្រជុំជាមួយសកម្មជនរបស់ខ្លួន៣នាក់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដោយក្នុងកិច្ចប្រជុំនោះពួកគេបានប្រើពាក្យពេជន៍ប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអង្គព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំង០៣នាក់ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តច្បាប់ ចំពោះបណ្តាញសកម្មជនខុសច្បាប់ជ្រកក្រោមស្លាកនៃអង្គការមាតាធម្មជាតិ ហើយសកម្មជនទាំងនោះក៏បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាព ជ្រកក្រោមស្លាកអង្គការមាតាធម្មជាតិ ចង់ឱ្យមានការបះបោរផ្តួលរំលំរាជរដ្ឋាភិបាលប្រាកដមែន។ ក្រសួងមហាផ្ទៃក៏បានបញ្ជាក់ផងដែរថាតាមពិតអង្គការមាតាធម្មជាតិនេះ ត្រូវបានរំលាយអង្គការរបស់ខ្លួនចេញពីអង្គការមិនមែនរដ្ឋាភិបាលតាំងពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ មកម្ល៉េះ ដោយប្រធានអង្គការនេះផ្ទាល់រួចទៅហើយ ដូច្នេះ អង្គការមាតាធម្មជាតិពុំមានអត្ថិភាព និងលែងមាននីតិសម្បទាផ្លូវច្បាប់ក្នុងការបំពេញការងាររបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជាទៀតឡើយ។

ភស្តុតាងខាងលើបញ្ជាក់ច្បាស់ថា ការចាប់ខ្លួនយុវជនទាំង០៣នាក់នោះមិនពាក់ព័ន្ធទាល់តែសោះទៅនឹង «ការរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ» ដូចអ្វីដែលក្រុមសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំង និងជនបរទេសមួយក្តាប់តូចបាន និងកំពុងចោទប្រកាន់ និងព្យាយាមគាំទ្រក្រុមជនសង្ស័យក្បត់ជាតិទាំងនេះក្នុងន័យដើម្បីបំភ្លៃការពិតអំពីកម្ពុជានោះឡើយ។

នរណា ក៏បានដឹងដែរថានៅកម្ពុជាមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសិទ្ធិសេរីភាព និងសិទ្ធិនៃការបញ្ចេញមតិសម្រាប់ពលរដ្ឋគ្រប់រូប រហូតពេលខ្លះសេរីភាពនៃការបញ្ចេញមតិនេះបានហៀរដល់កែងជើងដែលធ្វើឱ្យពួកគេហ៊ានបញ្ចេញមតិដោយមិនខ្លាចញញើតច្បាប់សោះឡើយ។ បើកម្ពុជាពិតជាមានការរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិមែននោះ ហេតុអ្វីក៏រាជរដ្ឋាភិបាលអនុញ្ញាតឱ្យមានការបង្កើតសមាគម អង្គការសង្គមស៊ីវិល និងបណ្តាញសារព័ត៌មានយ៉ាងច្រើនស្អេកស្កះដូចសព្វថ្ងៃបែបនេះ?

ជាក់ស្តែង នៅកម្ពុជាមានសមាគម និងអង្គការសង្គមស៊ីវិលជាង៥ពាន់។ បណ្តាញសារព័ត៌មានទាំងវិទ្យុ និងទូរទស្សន៍រាប់រយរួមទាំងបណ្តាញផ្សព្វផ្សាយសង្គមផង (អ៊ិនធើណេត ហ្វេសប៊ុក យូធូប ទ្វីធើ …..។ល។) រាប់មិនអស់។ ដូច្នេះ អ្វីដែលជនបរទេសមួយក្តាប់ប់តូច «បានចោទប្រកាន់កម្ពុជាថាមានការរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិនោះ គឺគ្រាន់តែជាលេស ដើម្បីចង់ប្រែក្លាយកម្ពុជាឱ្យមានសង្គ្រាមស៊ីវិលវិនាសហិនហោច ដើម្បីពួកគេងាយស្រួលគ្រប់គ្រងត្រួតត្រាដូចបទពិសោធន៍ ដែលបានកើតមាននៅប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ាដូច្នោះដែរ» ។

ជារួម សច្ចៈធម៌នៃការអនុវត្តន៍ច្បាប់នៅកម្ពុជា មិនត្រូវបានក្រុមជនអគតិយកទៅបំភ្លៃក្នុងការចងក្រងគ្នាជាបណ្តាញដើម្បីរួមកម្លាំងគ្នាវាយប្រហារមកលើរាជរដ្ឋាភិបាលបានឡើយ។ ជាក្រឹត្យក្រមនៅក្នុងសង្គម ប្រទេសគឺត្រូវតែមានច្បាប់ គ្រួសារក៏ត្រូវតែមានវិន័យ យ៉ាងណាមិញ ជនដែលបានប្រព្រឹត្តិខុសច្បាប់គឺត្រូវទទួលការកាត់ទោសពីច្បាប់ជាដាច់ខាត ហើយ «ការអនុវត្តច្បាប់មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ»នោះឡើយ៕

ដោយ៖ ពង្ស សុក្រឹត្យ

អត្ថបទទាក់ទង