ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករជាង ១២០០នាក់ ធ្វើតេស្តរកកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1301

    រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងចក្រចំនួន ៤ នៅក្នុងស្រុកបាទី និងតម្រូវឲ្យកម្មករនិយោជិតជាង១២០០នាក់ ធ្វើតេស្តរកវីរុសកូវីដ-១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។

    សេចក្តីសម្រេចរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវចង្វាក់ផលិតកម្មក្រុមហ៊ុនចំនួន៤ រួមមាន៖

    ១៖ ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន ៧៦៤ នាក់ក្នុងនោះស្រី៥៣៣នាក់។
    ២៖ ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់ ក្នុងនោះស្រី៨៧នាក់។
    ៣៖ ក្រុមហ៊ុនលូន វៃ ថេកស្តាយ ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៩នាក់ ក្នុងនោះ ស្រី០៨នាក់។
    ៤៖ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង ឯ.ក មានកម្មករកម្មការិនី សរុបចំនួន ២៧៨ នាក់ ក្នុងនោះស្រី១៩៥ នាក់។ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

    រដ្ឋបាលខេត្តតាកែវ បញ្ជាក់ទៀតថា និយោជក និយោជិត និងកម្មករ កម្មការិនីទាំង៤ក្រុមហ៊ុន មានកាតព្វកិច្ចសហការចូលរួមផ្តល់ សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ចំពោះនិយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូល
    រួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាក។

    ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពឃុំពត់សរ ឬមន្ទីរពេទ្យបង្អែកស្រុកបាទី។ ក្នុងករណីកម្មករ កម្មការិនី ឬបងប្អូនណាខកខានមិនបានទៅផ្តល់វត្ថុសំណាក តាមកាលកំណត់ត្រូវទៅផ្តល់សំណាក នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅក្បែរលំនៅស្ថាន។

    និយោជក និយោជិត និងកម្មករ កម្មការិនី នៃក្រុមហ៊ុនទាំង៤ បន្ទាប់ពីបានយកសំណាករួច ត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល៕

    អត្ថបទទាក់ទង