ខ្មែរប៉ុស្ដិ៍ Close

សេចក្តីថ្លែងការណ៍បន្ថែមរបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ លើការជួយសម្រួលដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 35

សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍បន្ថែម​លើការជួយសម្រួលដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដែលជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យោងតាមសេចក្ដីថ្លែងការណ៍នេះ សមាគមទាំងពីរ បានសម្រេចថានឹងលើកលែងការបង់ប្រាក់រយៈពេល ២ខែសម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩។ សម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក នឹងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) ព្រមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ។

លើសពីនេះ សមាគមទាំងពីរ បានបញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះ អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នោះទេ។

សមាគមទាំងពីរ ក៏សូមថ្លែងអំណរគុណដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានគាំទ្រដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩៕