អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសាងសង់សម្រេចបាន ៤០ភាគរយហើយ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីសាងសង់សម្រេចបាន៤០ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និងរចនាបថអាកាសយានដ្ឋាន។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា មានប្រសាសន៍ថា ការសាងសង់សម្រេចបានប្រមាណ ៤០ភាគរយ ក្នុងចំណោមគម្រោងចំនួន៣ធំៗ រួមមាន សង់សំណង់អគារ សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗ ដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន។
លោកបញ្ជាក់ថា ដំណើរការសាងសង់បានប្រព្រឹត្តទៅដោយរលូន បើទោះបីជាកម្ពុជាក៏ដូចជាសកលលោកបាននិងកំពុងជួបវិបត្ដិកូវីដ-១៩ក៏ដោយ ក៏ការសាងសង់នៅតែដំណើរការជាធម្មតា ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលកម្ពុជាបានគ្រោងទុកឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ។
លោកបន្តថា អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើនការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ពិសេសរួមចំណែកក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។
លោកបញ្ជាក់ថា៖ «ដូចយើងដឹងស្រាប់ហើយ ថាហេតុអ្វីបានកម្ពុជាសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដើម្បីទទួលបាននូវប្រភេទយន្តហោះគ្រប់ប្រភេទ ទីមួយ ហើយទីពីរគឺដើម្បីទទួលបាននូវការទាក់ទាញជាច្រើនទៀតពីការហោះហើររបស់អន្តរជាតិ ដោយយើងគិតថាប្រភេទ 4E គឺជាដំណាក់ កាល ទីមួយ ហើយក្នុងរយៈពេលវែងយើងនឹង Upgrade ទៅ 4F បានគឺយើងអាចទទួលបាននូវយន្តហោះប្រភេទយន្តហោះចម្ងាយឆ្ងាយ បានដូចជាប្រភេទថ្មីៗនេះគឺមានយន្តហោះAirBus 350 ហ្នឹង boeing 777 ដែលហោះឆ្ងាយបានដល់ទៅជិត១ម៉ឺនគីឡូម៉ែត្រ »។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន ( AIAI ) Angkor International Airport Investment (Cambodia)Co., Ltd មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦ កន្លងទៅ៕



