ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រ ប្រោសព្រះរាជទានអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាឧបសម្ព័ន្ធព្រះខែ ខេត្តកំពង់ស្ពឺ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 52
ព្រះមហាក្សត្រ ប្រោសព្រះរាជទានអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាឧបសម្ព័ន្ធព្រះខែ ខេត្តកំពង់ស្ពឺ ព្រះមហាក្សត្រ ប្រោសព្រះរាជទានអគារសិក្សាមួយខ្នងនៅសាលាបឋមសិក្សាឧបសម្ព័ន្ធព្រះខែ ខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជឫទ័យប្រោសព្រះរាជទានអគារសិក្សាចំនួនមួយខ្នង មាន៦បន្ទប់ ប្រក់ក្បឿង នៅសាលាបឋមសិក្សាឧបសម្ព័ន្ធព្រះខែ ស្ថិតនៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សក្នុងមូលដ្ឋាន ដែលជាកូនចៅ-ចៅទួតរបស់ព្រះអង្គ។

នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានក្រុមសម្តេចឪ ជាព្រះរាជតំណាងរបស់ព្រះមហាក្សត្រ បានចុះពិនិត្យសកម្មភាពកសាងអគារសិក្សាខាងលើនេះ ដែលដំណើរការដោយក្រុមមន្ត្រី បុគ្គលិកនៃក្រុមសម្តេចឪ។

ចំពោះការកសាងសម្រេចបានលទ្ធផលប្រមាណ ៨៥% ហើយ ក្នុងនោះក្រុមសម្តេចឪបានចាប់ផ្តើមដំណើរការសាងសង់តាំងពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០។

សកម្មភាពចុះត្រួតពិនិត្យនេះរួមដំណើរដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង និងលោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង។

អគារសិក្សានេះនឹងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្ស ព្រោះថានៅមូលដ្ឋាននេះ គឺជាតំបន់ឆ្ងាយដាច់ស្រយាល ខ្វះអគារសិក្សា ហើយត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ប្រោសព្រះរាជទានអគារសិក្សានេះតែម្ដង។

ការប្រោសព្រះរាជទាននូវអគារសិក្សា ព្រមទាំងព្រះរាជសមិទ្ធផលនៅសាលាបឋមសិក្សាឧបសម្ព័ន្ធ ព្រះខែ ស្ថិតនៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើឱ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រក្នុងមូលដ្ឋានមានសេចក្តីត្រេកអរដោយឥតឧបមា៕

អត្ថបទទាក់ទង