ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សហការជាមួយក្រុមហ៊ុនឯកជនដើម្បីបង្កើតផ្សារបន្លែសុវត្ថិភាព
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបង្កើតផ្សារបន្លែសុវត្ថិភាពខ្មែរ សម្រាប់ទទួលទិញបន្លែពីកសិករដែលខ្វះទីផ្សារ ដោយមានការចុះកិច្ចសន្យាក្នុងការដាំដុះជាមួយកសិករយ៉ាងត្រឹមត្រូវ ហើយធានាដល់ការផ្គត់ផ្គង់ដោយទៀងទាត់ និងរក្សាតម្លៃបានល្អ ។
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពីថ្នាក់ដឹកនាំ ធនាគារធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងដៃគូអភិវឌ្ឍន៍ បានផ្តួចផ្តើមគំនិតបង្កើតទីផ្សារកសិផលមួយ ដែលមានឈ្មោះថា«ផ្សារបន្លែ សុវត្ថិភាពខ្មែរ» ដែលជាភ្នាក់ងារមួយទទួលទិញបន្លែសុវត្ថិភាព ពីកសិករក្នុងតម្លៃទីផ្សារពិតប្រាកដ និងតម្លៃដែលបានព្រមព្រៀងគ្នាក្នុងកិច្ចសន្យា ដើម្បីចូលរួមដោះស្រាយបញ្ហាទីផ្សារ ដែលប្រជាកសិករកំពុងជួបប្រទះ។ លោកបន្តថា ចំពោះកសិករណាដែលមិនទាន់មានទីផ្សារ អាចស្នើសុំកិច្ចសហការជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរ ដោយមានកិច្ចសន្យាកសិកម្មច្បាស់លាស់ ដើម្បីទទួលទិញបន្លែពីកសិករ ដែលបានដើរតួនាទីជាផ្សារបោះដុំ មានការគ្រប់គ្រងតម្លៃ និងគុណភាពបានយ៉ាងត្រឹមត្រូវ។
លោកបានណែនាំដល់អ្នកដាំដុះបន្លែទាំងអស់ ត្រូវគិតគូរពីសុខភាពរបស់ខ្លួន កាលណាមានការគិតគូរខ្ពស់ពីបញ្ហានេះ កសិករនឹងប្រើប្រាស់ជី ថ្នាំកសិកម្ម ទៅតាមការកំណត់ និងគោរពតាមភូតគាមអនាម័យ ហើយត្រូវអនុវត្តន៍ទៅតាមផែនការដាំដុះ ដោយចាប់ផ្ដើមពង្រឹងខ្លួនសម្រាប់ធ្វើឯកទេសកម្ម រើសមុខដំណាំតែមួយមុខឬពីរមុខ ដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការផ្គត់ផ្គង់លើទីផ្សារនេះ។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗ កម្ពុជាត្រូវការបន្លែប្រមាណ ១លាន៤៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចន្លោះ ៧០០ទៅ ៨០០លានដុល្លារ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារ ប៉ុន្ដែកម្ពុជាមានសមត្ថភាពផលិតបន្លែខ្លួនឯងបានតែចន្លោះពី ៦០ទៅ ៦៥ភាគរយប៉ុណ្ណោះ ដែលទាមទារបង្កើនការដាំដុះឱ្យបានច្រើនថែមទៀតដើម្បីឆ្លើយតបតម្រូវការទីផ្សារ៕