ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈវិភាគ៖ សារសំខាន់ចំនួន៥ ត្រូវបានបង្ហាញឡើងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 629
    ទស្សនៈវិភាគ៖ សារសំខាន់ចំនួន៥ ត្រូវបានបង្ហាញឡើងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជាទស្សនៈវិភាគ៖ សារសំខាន់ចំនួន៥ ត្រូវបានបង្ហាញឡើងក្នុងព្រឹត្តិការណ៍ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជា

    ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃដំបូងដែលកម្ពុជារៀបចំដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្រោយពីទទួលបានអំណោយវ៉ាក់សាំងនេះពីមិត្តចិនលើកទី១ចំនួន៦០ម៉ឺនដូស បាន៣ថ្ងៃរួចមក។ តំណាងជាន់ខ្ពស់របស់ប្រមុខដឹកនាំកម្ពុជាដែលទៅទទួលការចាក់វ៉ាក់សាំងដំបូងគេបង្អស់គឺលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះ កូនប្រុស២រូបទៀតរបស់លោកគឺលោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី ព្រមទាំងកូនប្រសារប្រុសទាំងពីររូបរបស់លោក គឺលោក ឌី វិជ្ជា និងលោក សុខ ពុទ្ធិវុទ្ធ ក៏បានទៅចាក់វ៉ាក់សាំងនេះព្រមគ្នា ក្នុងថ្ងៃតែមួយផងដែរ។ ជាមួយគ្នានេះ វត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលមានអាយុក្រោម៦០ឆ្នាំ ជាច្រើនរូបរួមមាន ទាំងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី-ខេត្ត និងមន្ត្រីអ្នកនាំពាក្យ អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីក្រសួងការពារជាតិ គឺសុទ្ធតែស្ម័គ្រចិត្ត និងបានទៅចាក់វ៉ាក់សាំងព្រមគ្នា។

    តើព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជាលើកដំបូងនៅកម្ពុជា បង្ហាញពីអ្វីខ្លះ?
    ១/ បង្ហាញពីជំហរនយោបាយដែលបង្កប់ដោយគុណធម៌ខ្ពស់៖ តាមរយៈការគិតគូររៀបចំទាំងការស្វែងរកជំនួយវ៉ាក់សាំង និងការផ្តល់ជូនការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ គឺបានបង្ហាញយ៉ាងច្បាស់ថា គ្រប់ជំហានក្នុងការចាត់ចែងការងាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តែងឱ្យឃើញពីការគិតគូយ៉ាងខ្ពស់បំផុត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនៃការមកដល់នូវវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងចាក់វ៉ាក់សាំងនេះមុនគេដើម្បីបង្ហាញភាពកក់ក្តៅទៅកាន់ប្រជាពលរដ្ឋរបស់លោកអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង។ ប៉ុន្តែដោយសារកត្តាអាយុ លើស៦០ឆ្នាំ ទើបធ្វើឱ្យលោកខកខានមិនទាន់បានចាក់វ៉ាក់សាំងនៅគ្រានេះ។ ទោះជាបែបនេះក្តី លោកនាយករដ្ឋមន្ត្រី ក៏នៅតែបារម្ភពីផ្លូវចិត្តរបស់ប្រជាពលរដ្ឋរបស់ខ្លួន ថាអាចនឹងមានការព្រួយបារម្ភ មិនហ៊ានទទួលយកការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត ខណៈដែលមានជនអគតិខ្លះ បានរិះគន់ពីគុណភាពនៃវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិន។ ដើម្បីជម្រះមន្ទិល និងឈានទៅផ្តល់ទំនុកចិត្តខ្ពស់ដល់ពលរដ្ឋ មេដឹកនាំកម្ពុជា បានឱ្យកូនៗជាទីស្រលាញ់ និងមន្ត្រីជាន់ខ្ពស់ ក្នុងជួររាជរដ្ឋាភិបាលរបស់លោក ទៅទទួលការចាក់វ៉ាក់សាំងនេះជាមុន។ នេះគឺជាគុណធម៌ដ៏ខ្ពស់បំផុត របស់លោកនាយករដ្ឋមន្ត្រី ក្នុងនាមជាមេដឹកនាំកម្ពុជា ដែលតែងតែទទួលខុសត្រូវលើជោគវាសនារបស់ប្រជាពលរដ្ឋខ្លួននៅគ្រប់កាលៈទេសៈ។

    ២/ រដ្ឋាភិបាលលោក ហ៊ុន សែន នឹងរឹតតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង៖ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរយៈពេលជាង១ឆ្នាំមកនេះ គឺចាប់តាំងពីពេលដែលវីរុសកូរូណា (កូវីដ-១៩) បានមានវត្តមានក្នុងពិភពលោក គឺមេដឹកនាំកម្ពុជាបានខិតខំគ្រប់បែបយ៉ាងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ក្នុងគោលដៅការពារឱ្យបាននូវអាយុជីវិតរបស់ប្រជាពលរដ្ឋ។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានចូលរួមយ៉ាងសកម្មជាមួយបណ្តាមេដឹកនាំ និងស្ថាប័នពាក់ព័ន្ធនានាលើពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងសាកលដ៏កាចសាហាវមួយនេះ។ ជាង១ឆ្នាំមកនេះ កម្ពុជាធ្វើបានយ៉ាងល្អ រហូតទទួលបានការវាយតម្លៃខ្ពស់ និងការកោតសរសើរពីស្ថាប័នអន្តរជាតិជាបន្តបន្ទាប់។ ជាមួយគ្នានេះ ការខិតខំស្វះស្វែងរកជំនួយវ៉ាក់សាំង ការត្រៀមរៀបចំថវិកាគិតគូទិញវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺសុទ្ធតែជាសកម្មភាព ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន និងពិតជាទទួលបានប្រជាប្រិយភាពខ្ពស់បំផុតក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ និងជះឥទ្ធិពលជាវិជ្ជមានដល់ប្រជាប្រិយភាពគណបក្សប្រជាជនកម្ពុជាផងដែរ ក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។ នេះគឺជាស្នាដៃដែលចារជាប់ក្នុងដួងចិត្តប្រជាពលរដ្ឋបន្ថែមទៀត លើស្នាដៃដែលមានស្រាប់ ដូចជា ការដឹកនាំកសាងប្រទេសឱ្យស្គាល់នូវសុខសន្តិភាពយ៉ាងពេញបរិបូរណ៍ប្រទេសជាតិរីកចំរើន ជឿនលឿននិងអភិវឌ្ឍន៍ជាបន្តបន្ទាប់។

    ៣/ ប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់មិត្តចិន ត្រូបានបង្ហាញច្បាស់ក្នុងដួងចិត្តពលរដ្ឋកម្ពុជា៖ តាមរយៈវត្តមានកូនៗថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលបានទៅការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ មុនពេលការចាក់ជូនមហាជនទូទៅនេះ ក៏នឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាមានទំនុកចិត្តលើប្រសិទ្ធភាពនៃវ៉ាក់សាំងដែលឧបត្ថម្ភដោយមិត្តចិនផងដែរ។ ជាការពិតណាស់ថា ចង់មិនចង់ប្រជាពលរដ្ឋខ្លះ ហាក់មានអារម្មណភ័យខ្លាច និងកង្វល់មួយចំនួនចំពោះប្រសិទ្ធភាព និងប្រតិកម្មនៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក៏ព្រោះតែកន្លងមកមានជនអគតិខ្លះធ្លាប់បានរិះគន់លើគុណភាពវ៉ាក់សាំងនេះ។ ការចាក់វ៉ាក់សាំងដំបូងដោយកូនៗមេដឹកកម្ពុជា និងមន្ត្រីជាន់ខ្ពស់ គឺជាការបញ្ចប់នូវមន្ទិលសង្ស័យអំពីគុណភាពនៃវ៉ាក់សាំងដែលជាជំនួយសប្បុរសធម៌របស់រាជរដ្ឋាភិបាលចិន តាមរយៈទំនាក់ទំនងដ៏ល្អជាមួយកម្ពុជា។

    ៤/ កសាងបាននូវខែលក៏រឹងមាំមួយ ការពារសុវត្តិភាពជូនដល់ប្រជាពលរដ្ឋកម្ពុជា៖ ការចាក់វ៉ាក់សាំង នឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារួចផុតពីជំងឺឆ្លងដ៏កាចសាហាវដែលកំពុងញាំញី និងសម្លាប់ជីវិតប្រជាពលរដ្ឋជាច្រើនលាននាក់នៅលើពិភពលោក។ ក្រៅពីនេះកម្ពុជានឹងក្លាយជាប្រទេសដែលមានសុវត្ថិភាពមួយក្នុងតំបន់ផងដែរ។ ក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជា ទទួលបានការចាត់វ៉ាក់សាំងជាបន្តបន្ទាប់ហើយនោះ វិបត្តិ និងផលប៉ះពាល់ដែលរងឥទ្ធិពលជំងឺកូវីដ-១៩ ក្នុងសង្គមកម្ពុជា និងត្រូវបានកាត់បន្ថយផងដែរ។ ជាមួយគ្នានេះ ការសំលឹងមើលកម្ពុជាក្នុងភាពវិជ្ជមានលើបញ្ហាសុខភាពសាធារណៈ និងរឹតតែមានខ្លាំងឡើង ប្រសិនបើកម្ពុជានៅតែទទួលបានជំនួយ ឬអាចបញ្ជាទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនបន្តទៀតនោះ។

    ៥/ ឱកាសល្អសម្រាប់កម្ពុជា គឺរឹតតែខ្ពស់ ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ៖ ក្នុងឆ្នាំ២០២០កន្លងទៅនេះ សេដ្ឋកិច្ចកម្ពុជាបានធ្លាប់ចុះក្នុងរង្វង់៣% ដោយសារតែផលប៉ះពាល់នៃជំងឺឆ្លងសាកលកូវីដ-១៩។ ដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួន កុំឱ្យធ្លាក់ចូលក្នុងស្ថានភាពលំបាកខ្លាំង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារពលរដ្ឋក្រីក្រ ដែលត្រូវការជំនួយបន្ទាន់។ រាជជារដ្ឋាភិបាលក៏បានដាក់ចេញយុទ្ធសាស្ត្រទប់ទល់កំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ដោយកាត់បន្ថយចំណាយមិនសូវចាំបាច់ និងបានព្យាយាមធ្វើកំណែទម្រង់គ្រប់វិស័យដើម្បីជួយទ្រទ្រង់ ស្ថានភាពក្នុងគ្រាលំបាកនេះ។ កម្ពុជាក៏បានជួបការលំបាកខ្លះៗផងដែរ ពីការដួល ឬបិទរោងចក្រ និងទាំងក្រុមហ៊ុនមួយចំនួន ក្នុងដំណាក់ដាក់ជំងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកាជួយឧបត្ថម្ភ ក្នុងកំរិតមួយដល់កម្មករ ដែលបាត់បង់ការងារ ហើយមិនមានចំណូលចិញ្ចឹមគ្រួសារ។ ដូច្នេះវត្តមានវ៉ាក់សាំង និងការចាក់ជូនវ៉ាក់សាំងដល់ពលរដ្ឋមិនគិតថ្លៃ គឺជាសញ្ញាណដ៏ល្អមួយដែលកម្ពុជា នឹងលែងរស់នៅក្នុងភាពភ័យខ្លាចព្រោះតែសត្រូវលាក់មុខ ដែលបង្កការពិបាករកស៊ី ជួញដូរ ប្រកបការងារ ឬសិក្សារៀនសូត្រទៀតហើយ។ អាជីវកម្មតូច-ធំ ក៏បង្កើនបាននូវទំនុកចិត្តឡើងវិញព្រោះតែផលរំខាននៃជំងឺឆ្លងកូវីដ-១៩ត្រូវបានកាត់បន្ថយ និងឈានទៅលុបបំបាត់ក្នុងពេលអនាគត។

    សរុបមកវិញ ព្រឹត្តិការណ៍នៃការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩លើកដំបូងនៅកម្ពុជាគឺពិតជាមានសារៈសំខាន់ណាស់សំរាប់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋកម្ពុជា៕

    ដោយ៖ ស ជាតិ

    អត្ថបទទាក់ទង