លោកឧកញ៉ា កុយ សុវណ្ណ៖ ស្ថិតក្រោមដំបូលសន្តិភាព ធ្វើឱ្យប្រជាពលរដ្ឋអបអរសាទរនិងគាំទ្រការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
កំពង់ឆ្នាំង៖ លោកឧកញ៉ា កុយ សុវណ្ណ ក្រុមការងារថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើននៅគ្រប់មូលដ្ឋានដែលនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាពបរិបូណ៌ពេញផ្ទៃប្រទស និងក៏ដោយសារមានការគាំទ្រចូលរួមពីប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងនៅក្រៅប្រទេសផងដែរ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ក្នុងពិធីសម្ពោធមហាកុដិក្នុងវត្តកំពង់ត្រឡាចក្រោមនៅក្នុងភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច។
លោកឧកញ៉ា កុយ សុវណ្ណ បានថ្លែងបន្តថា ដើម្បីឱ្យប្រទេសជាតិមានស្ថិរភាព និងមានសុខសន្តិភាព គឺអាស្រ័យដោយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាអ្នកសម្រេចគឺបើយើងបោះឆ្នោតខុសនោះអាចនាំឱ្យប្រទេសជាតិធ្លាក់ក្នុងភាពវឹកវរ អស្ថិរភាព តែបើយើងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាដែលមានបទពិសោធន៍ជិត៤០ឆ្នាំកន្លងមកហើយនោះដឹកនាំប្រទេសជាតិបន្តទៀត សុខសន្តិភាព និងកាអភិវឌ្ឍប្រាកដជាកើតមានជារៀងរហូត។ លោក ក៏បានសំណូមពរផងដែរដល់ប្រជាពលរដ្ឋទាំងអស់សូមទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសតំណាងរាស្ត្រស្របច្បាប់ការពារផលប្រយោជន៍ឱ្យយើងទាំងអស់គ្នា និងដើម្បីដឹកនាំប្រទេសជាតិទៅកាន់ភាពសំបូរសប្បាយរុងរឿង។
នៅក្នុងពិធីនេះលោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច បានរាយការណ៍ឱ្យដឹងថា ស្ថិតនៅក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជិត៤០ឆ្នាំនេះ វត្តកំពង់ត្រឡាចក្រោមកសាងបាននូវសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ អស់ថវិកាជាង១៤០ម៉ឺនដុល្លារ និងនៅក្នុងពេលថ្មីៗនេះបានកសាងមហាកុដិមួយខ្នងទៀតអស់ថវិកា ៦៧.៥០០ដុល្លារផងដែរ ដែលបានដាក់សម្ពោធក្នុងពេលនេះ។ ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងស្រុកកំពង់ត្រឡាច លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឧកញ៉ា លោក ឡោកស្រី និងសប្បុរសជនក្នុង និងក្រៅប្រទេសដែលបានចូលបច្ច័យកសាងសមិទ្ធផលទាំងអស់ខាងលើនេះ។
នៅក្នុងពិធីនេះផងដែរ លោកឧកញ៉ា កុយ សុវណ្ណ ក៏បានចូលបច្ច័យកសាងវត្តចំនួន៥លានរៀល និងបានចែកសារ៉ុងម្នាក់មួយៗ ជូនប្រជាពលរដ្ឋចំនួន៥០០នាក់ផងដែរ៕