ខ្មែរប៉ុស្ដិ៍ Close

ក្រសួងឧស្សាហកម្ម ដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 32
ក្រសួងឧស្សាហកម្ម ដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព ក្រសួងឧស្សាហកម្ម ដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យប្រើប្រាស់សញ្ញាផលិតផលកម្ពុជាមានគុណភាព ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្ម បានឱ្យដឹងថា ក្រសួងបានចាប់ផ្តើមទទួលពាក្យស្នើសុំបញ្ជាក់គុណភាព​សុវត្ថិភាពផលិតផលរបស់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីជំរុញលើកកម្ពស់ ផលិតផលក្នុងស្រុក តាមរយៈការពង្រឹងគុណភាព សុវត្ថិភាពផលិតផល អនុលោមតាមស្តង់ដារ ក្នុងគោលបំណងជ្រៀតចូលទីផ្សារទំនើប ផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ និងអតិថិជន។

ប្រភពដដែលបន្តថា ចំពោះពាក្យស្នើសុំ និងឯកសារភ្ជាប់ មានចែកជូនដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម នៅច្រកចេញ-ចូលតែមួយ​របស់ក្រសួងឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅ ដីឡូត៍លេខ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដូច្នេះម្ចាស់រោងចក្រ សហគ្រាស សិប្បកម្មទាំងអស់ មេត្តារួសរាន់មកដាក់ពាក្យសុំ ដើម្បីក្រសួងពិនិត្យ សម្រេចផ្តល់និមិត្តសញ្ញាតាមនីតិវិធី ដូចបានភ្ជាប់មកជាមួយ សម្រាប់យកទៅបោះពុម្ពលើសំបកវេចខ្ចប់ផលិតផល និងចរាចរផលិតផលនៅលើទីផ្សារទំនើប ដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជន និងអ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ការស្នើសុំបញ្ជាក់ផលិតផលកម្ពុជាមានគុណភាព និងសុវត្ថិភាព ជាសេវាស្ម័គ្រចិត្ត។ ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០១២ ៨៧៨ ៣៥៦។