ខ្មែរប៉ុស្ដិ៍ Close

ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញ និងការងារនៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 386
ធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញ និងការងារនៅកម្ពុជាធនាគារអភិវឌ្ឍន៍អាស៊ី៖ ឧស្សាហកម្ម ៤.០ អាចនាំដល់ការផ្លាស់ប្តូរនៃជំនាញ និងការងារនៅកម្ពុជា

បើតាមការសិក្សាថ្មីមួយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កម្ពុជាគួរតែពិចារណាលើការអភិវឌ្ឍផែនទី នៃការផ្លាស់ប្តូរឧស្សាហកម្ម សម្រាប់វិស័យសំខាន់ៗ ដើម្បីជួយដល់ការផ្លាស់ប្តូរទៅរកបដិវត្តឧស្សាហកម្មទី៤ (4 Industrial Revolution) ជាមួយនឹងការវិនិយោគគ្រប់គ្រាន់ ក្នុងការពង្រឹងជំនាញសម្រាប់ការងារថ្មី និងការងារដែលត្រូវផ្លាស់ប្តូរ។

ការរកឃើញខាងលើជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ចំនួន៦ ដែលបានមកពីការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី អំពីការទាញអត្ថប្រយោជន៍ពីឧស្សាហកម្ម ៤.០ តាមរយៈការអភិវឌ្ឍជំនាញនៅកម្ពុជា។ វាជាផ្នែកមួយនៃការសិក្សាដែលផ្តោតលើប្រទេសចំនួនបួន នៃប្រជាជាតិអាស៊ានដែលរួមមាន កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។ ការសិក្សានេះពិនិត្យទៅលើ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជា ព្រោះវិស័យទាំងពីរមានសារៈសំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និង 4IR។ ការសិក្សារកឃើញថា បច្ចេកវិទ្យា 4IR នឹងលុបបំបាត់ការងារនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍ ប៉ុន្តែការបាត់បង់នេះ នឹងត្រូវជំនួសដោយការកើនឡើងនូវតម្រូវការដែលនាំមកដោយផលិតភាពខ្ពស់ជាងមុន ដែលវាអាចបង្កើតកំណើនការងារ ៣៩% សម្រាប់ឧស្សាហកម្មកាត់ដេរ និង ២% សម្រាប់វិស័យទេសចរណ៍។

ខណៈដែលរដ្ឋាភិបាល និងឧស្សាហកម្មចង់លើកកម្ពស់ជំនាញ 4IR ការស្ទង់មតិលើនិយោជក នៅក្នុងឧស្សាហកម្មទាំងពីរ បង្ហាញពីការយល់ដឹងមានកម្រិតលើបច្ចេកវិទ្យា 4IR។ ឧទាហរណ៍មានតែ ២៨% នៃនិយោជករោងចក្រកាត់ដេរ និង៣៥% នៃនិយោជកក្នុងវិស័យទេសចរណ៍ ដែលត្រូវបានស្ទង់មតិ បានឯកភាពឬឯកភាពទាំងស្រុង នៅពេលសួរថាតើពួកគេមានការយល់ដឹងល្អអំពីបច្ចេកវិទ្យា 4IR និងអំពីការពាក់ព័ន្ធ នៃបច្ចេកវិទ្យានេះដល់ក្រុមហ៊ុនរបស់ពួកគេដែរឬទេ។ និយោជកនៅក្នុងប្រទេសកម្ពុជាបង្ហាញការយល់ដឹងទាបជាងអំពី 4IR បើប្រៀបធៀបនឹងនិយោជក ដែលបានធ្វើការស្ទង់មតិ នៅក្នុងប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម។

ទោះបីជាលទ្ធផលនៃការបង្កើតការងារជាទូទៅវិជ្ជមាន ក្នុងវិស័យទាំងពីរក៏ដោយ ការសិក្សានេះព្រមានថាមិនមានការធានាថាកម្មករដែលការងារខ្លួនត្រូវបានផ្លាស់ប្តូរ អាចទៅរកការងារដែលបានបង្កើតថ្មីដោយងាយនោះទេ បើគ្មានការវិនិយោគគ្រប់គ្រាន់ និងទាន់ពេលវេលាក្នុងការអភិវឌ្ឍជំនាញ។ ការផ្លាស់ប្តូរការងារក៏ទំនងជាជះឥទ្ធិពលដល់ស្ត្រី ដែលមានប្រហែល ៨១% ក្នុងឧស្សាហកម្មផលិតសម្លៀកបំពាក់នៅកម្ពុជា។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស នៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា បានមានប្រសាសន៍ថា “ខណៈដែល 4IR អាចនាំដល់បម្រែបម្រួលការងារ និងជំនាញ នៅប្រទេសកម្ពុជា យើងត្រូវតែដោះស្រាយផលប៉ះពាល់ដែលនឹងមានលើស្ត្រី។ យើងត្រូវតែបង្កើនចំណេះដឹងអំពីបច្ចេកវិទ្យា 4IR និងអត្ថប្រយោជន៍របស់វា ជួយសហគ្រាស រួមទាំងសហគ្រាសធុនតូច និងមធ្យម ដើម្បីអាចទទួលយកបច្ចេកវិទ្យាជឿនលឿននេះ និងផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាល ពង្រឹងជំនាញ និងបង្កើតជំនាញ រួមទាំងតាមរយៈការលើកទឹកចិត្ត ដោយការអនុគ្រោះពន្ធ ដើម្បីធានាថាគ្មាននរណាម្នាក់ មិនត្រូវបានគិតគូរដល់។”

ការសិក្សាអំពាវនាវឱ្យមានវិធីសាស្រ្តថ្មីៗ ដើម្បីពង្រឹងបរិយាប័ន្ន និងកិច្ចគាំពារសង្គមសម្រាប់កម្មករទើបចូលបម្រើការងារ កម្មករដែលប្រឈមនឹងហានិភ័យ ដោយមានការផ្លាស់ប្តូរក្នុងការងារ និងកម្មករដែលត្រូវការជំនាញបន្ថែម។ ការសិក្សានេះលើកទឹកចិត្តឱ្យប្រទេសកម្ពុជាអភិវឌ្ឍកម្មវិធីអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយផ្តោតលើការទទួលស្គាល់ 4IR ក្នុងវិស័យផលិតកម្មសម្លៀកបំពាក់ និងទេសចរណ៍ និងផ្តោតលើកម្មវិធីវិញ្ញាបនប័ត្រជំនាញ ប្រកបដោយភាពបត់បែន ដែលអាចទទួលស្គាល់ការបំពេញជំនាញក្រៅប្រព័ន្ធអប់រំប្រពៃណី។

ការសិក្សាក៏អំពាវនាវផងដែរឱ្យអនុវត្តគម្រោងលើកទឹកចិត្តសម្រាប់ក្រុមហ៊ុន ដើម្បីបណ្តុះបណ្តាលនិយោជិករបស់ពួកគេអំពី 4IR ដែលអាចត្រូវបានជួយដោយមូលនិធិអភិវឌ្ឍន៍ជំនាញកម្ពុជា។ នៅក្នុងវិស័យទេសចរណ៍ អ្នកបង្កើតគោលនយោបាយ ត្រូវបានជំរុញឱ្យលើកទឹកចិត្តការរីកចម្រើន នៃការអភិវឌ្ឍ កម្មវិធីស្មាតហ្វូនដើម្បីកសាងការត្រៀមខ្លួនសម្រាប់ 4IR ធានាការបណ្តុះបណ្តាលជំនាញទំនាក់ទំនង និងសង្គម ព្រមទាំងជំរុញឱ្យមានកិច្ចសហការកាន់តែខ្លាំងរវាងស្ថាប័នបណ្តុះបណ្តាល និងនិយោជក។

និយោជកដែលបានស្ទង់មតិ នៅក្នុងផលិតកម្មសម្លៀកបំពាក់ (៩០%) និងទេសចរណ៍ (៧៩%) បានរាយការណ៍ថា និស្សិតបញ្ចប់ការសិក្សា ដែលបានជួលមកធ្វើការក្នុងឆ្នាំកន្លងមក មិនបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់មុខតំណែងការងារដំបូងរបស់ពួកគេទេ។ នេះផ្ទុយពីការយល់ឃើញរបស់ស្ថាប័នបណ្តុះបណ្តាល ដែលបានបង្ហាញថាស្ទើរតែ ៦០% នៃនិស្សិតបញ្ចប់ការសិក្សាត្រូវបានត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ការងារ។

លោកស្រី Shanti Jagannathan អ្នកជំនាញជាន់ខ្ពស់ផ្នែកអប់រំរបស់ ADB មានប្រសាសន៍ថា “នៅពេលបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស ការវិនិយោគយ៉ាងច្រើនលើជំនាញឌីជីថល នឹងជួយបង្កើនឱកាសរបស់យុវជន និងមនុស្សចំណាស់ក្នុងការទទួលបានការងារដែលមានគុណភាពខ្ពស់ និងបន្ថយហានិភ័យនៃការបាត់បង់ការងារ។ ឥឡូវនេះ គឺជាពេលវេលា ដើម្បីគិតឡើងវិញនូវការផ្តល់ជំនាញដោយប្រើវេទិកានិម្មិត និងបច្ចេកវិទ្យាទូរស័ព្ទចល័ត ព្រមទាំងអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាលឱ្យភាពរហ័សរហួនក្នុងការផ្តល់នូវវគ្គសិក្សា និងសញ្ញាបត្រដែលត្រូវនឹងតម្រូវការទីផ្សារ។

ខណៈពេលដែលជំងឺរាតត្បាតកូវីដ-១៩ កំពុងពន្លឿនការផ្លាស់ប្តូរឌីជីថល ការសិក្សាបានរកឃើញ ថាក្រុមហ៊ុនដែលចាប់ផ្តើមអនុវត្តបច្ចេកវិទ្យា 4IR ទំនងជានឹងងើបឡើងវិញលឿនជាងមុនពីវិបត្តិ ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ និងមានភាពធន់ទៅថ្ងៃអនាគត៕