ខ្មែរប៉ុស្ដិ៍ Close

    លោកស្រី ឱ វណ្ណឌីន បញ្ជាក់លក្ខណៈសម្បត្តិវ៉ាក់សាំងស៊ីណូហ្វាម ដែលចិនផ្តល់ឱ្យកម្ពុជា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 849
    លោកស្រី ឱ វណ្ណឌីន បញ្ជាក់លក្ខណៈសម្បត្តិវ៉ាក់សាំងស៊ីណូហ្វាម ដែលចិនផ្តល់ឱ្យកម្ពុជាលោកស្រី ឱ វណ្ណឌីន បញ្ជាក់លក្ខណៈសម្បត្តិវ៉ាក់សាំងស៊ីណូហ្វាម ដែលចិនផ្តល់ឱ្យកម្ពុជា

    តាមគ្រោងទុក វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិន «ស៊ីណូហ្វាម» នឹងមកដល់ប្រទេសកម្ពុជា ក្នុងអំឡុងខែកុម្ភៈ ខាងមុខនេះ ជាមួយចំនួនដំណាក់កាលដំបូងប្រមាណ ៣០ម៉ឺនដូស ក្នុងចំណោមវ៉ាក់សាំង ១លានដូសដែលរដ្ឋាភិបាលចិន ផ្តល់ជូនកម្ពុជានោះ។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបើកមុខចាក់វ៉ាក់សាំងនេះមុនគេ។ វ៉ាក់សាំងនេះ នឹងត្រូវចាក់ជូនប្រជាពលរដ្ឋអាទិភាព មានដូចជាមន្ត្រីព្រះបរមរាជវាំង មន្ត្រីបម្រើការនៅរដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីផងដែរ។

    តើវ៉ាក់សាំងស៊ីណូហ្វាមមានលក្ខណៈសម្បត្តិ និងការអភិវឌ្ឍយ៉ាងណា?

    លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុងបទសម្ភាសន៍ជាមួយ Fresh News នាព្រឹកថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ បានអះអាងថា វ៉ាក់សាំងស៊ីណូហ្វាម ជាវ៉ាក់សាំងមួយដែលមានកម្រិតប្រសិទ្ធភាពរហូតដល់ទៅ ៧៩.៣៤ភាគរយ។ បច្ចុប្បន្ន វ៉ាក់សាំងនេះ ត្រូវបានដាក់ឱ្យអង្គការសុខភាពពិភពលោក (WHO) ហើយអាចនឹងមានការវាយតម្លៃ និងអនុញ្ញាតឱ្យប្រើប្រាស់នាពេលខាងមុខផងដែរ។

    លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា បច្ចុប្បន្ន វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម ត្រូវបានប្រើប្រាស់ជាង ២២៣លានដូសហើយ នៅប្រទេសជាច្រើនលើពិភពលោកទាំងនៅតំបន់អាស៊ី មជ្ឈឹមបូព៌ា អាហ្វ្រិក អាមេរិកឡាទិន និងអឺរ៉ុបផងដែរ។

    លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ក៏បានបញ្ជាក់ដែរថា មកដល់ពេលបច្ចុប្បន្ន វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនស៊ីណូហ្វាម មិនទាន់មានសេចក្តីរាយការណ៍ថា មានបញ្ហាក្រោយចាក់ទៅលើមនុស្សនៅឡើយនោះទេ។

    លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ដូច្នេះ «បើយើងមើលទៅលើប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន និយាយដោយឡែកសម្រាប់ស៊ីណូហ្វាប៉េជីងនេះ គឺប្រសិទ្ធភាពវា ៧៩.៣៤ភាគរយ។ ហើយបើយើងនិយាយពីស្តង់ដារ ដែលអង្គការសុខភាពពិភពលោក គេបានកំណត់សម្រាប់វ៉ាក់សាំងជារួម ហើយក៏ដូចសម្រាប់វ៉ាក់សាំងកូវីដ-១៩ដែរនេះ ឱ្យតែវ៉ាក់សាំងដែលអភិវឌ្ឍទៅប្រសិទ្ធភាពវាពី ៧០ភាគរយឡើងលើ គឺគេកំណត់យកជាការបានហើយ។ អញ្ចឹងវាស្ថិតនៅក្នុងកម្រិតមួយ ៧៩.៣៤ភាគរយ វាស្ទើរតែ ៨០ភាគរយហើយ។ វាជាលទ្ធផលមួយដែលអាចទទួលយកបាន ហើយទន្ទឹមនឹងនោះ ស៊ីណូហ្វាមប៉េជីងនេះ គាត់ក៏បានរៀបចំឯកសារបទដ្ឋានគតិយុត្តិផ្សេងៗ ឯកសារពាក់ព័ន្ធផ្សេងៗ បានដាក់ជូនទៅអង្គការសុខភាពពិភពលោក ដើម្បីឱ្យគេមានការពិនិត្យ ធ្វើការវិភាគ និងធ្វើការទទួលស្គាល់»។

    លោកស្រីបានបញ្ជាក់បន្ថែមថា «បច្ចុប្បន្ននេះគេកំពុងតែប្រជុំគ្នា ក្រុមការងារវាយតម្លៃទៅលើវ៉ាក់សាំងហ្នឹង គឺគេកំពុងតែប្រជុំគ្នាហើយ ដើម្បីធ្វើការវាយតម្លៃ។ អញ្ចឹងយើងគិតថាមិនយូរមិនឆាប់អង្គការសុខភាពពិភពលោកនឹងអាចបញ្ជាក់ហើយ។ ឥឡូវទោះអត់ស្ថិតក្នុងការទទួលស្គាល់ តែអង្គការសុខភាពពិភពលោក បានទទួលយកមកធ្វើការវាយតម្លៃហើយ ហើយគេក៏នឹងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់»។

    លោកស្រី បានបន្ថែមថា វ៉ាក់សាំងស៊ីណូហ្វាម មានលក្ខណៈសម្បត្តិសមស្របជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ជាពិសេសកម្ពុជាតែម្តង។ សមស្របដោយសារការទុកដាក់វ៉ាក់សាំងនេះ ដោយសារអាចរក្សានៅក្នុងស៊ីតុណ្ហភាព ២អង្សា ទៅ ៨អង្សា។

    លោកស្រី បានបន្ថែមថា វ៉ាក់សាំងស៊ីណូហ្វាម តម្រូវឱ្យចាក់ពីរដូសសម្រាប់មនុស្សម្នាក់ ដើម្បីមានប្រសិទ្ធភាពខ្ពស់។ ថេរៈវេលានៃការចាក់ពីដូសទី១ ទៅដូសទី២ ប្រើរយៈពេល ២១ថ្ងៃ៕

    អត្ថបទទាក់ទង