ខ្មែរប៉ុស្ដិ៍ Close

    ថ្នាក់ដឹកនាំខេត្តបាត់ដំបង និងប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យវិសាខបូជា នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 449

    បាត់ដំបង៖ ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករបានអញ្ជើញចូលរួម ក្នុងពិធីបុណ្យវិសាខបូជា នៅបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង ។

    ថ្ងៃសីល១៥កើត ខែពិសាខ​ ពស២៥៦១ ដែលត្រូវនឹងថ្ងៃទី ២៩ មេសា ២០១៨នេះ គឺជាថ្ងៃបុណ្យវិសាខបូជានេះ មិនថាតែនៅកម្ពុជាទេ គឺពុទ្ធសាសនិកជនទូទាំងពិភពលោកក៏បាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ។

    បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មា សម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

    នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕

    អត្ថបទទាក់ទង