ខ្មែរប៉ុស្ដិ៍ Close

ក្រុមអ្នកនយោបាយបក្សប្រឆាំង ផ្សព្វផ្សាយដំណឹងក្លែងក្លាយដើម្បីបំភ្លៃការពិត បំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គមដើម្បីបង្កភាពវឹកវរនិងចលាចលនៅក្នុងសង្គម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 60
ក្រុមអ្នកនយោបាយបក្សប្រឆាំង ផ្សព្វផ្សាយដំណឹងក្លែងក្លាយដើម្បីបំភ្លៃការពិត បំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គមដើម្បីបង្កភាពវឹកវរនិងចលាចលនៅក្នុងសង្គម ក្រុមអ្នកនយោបាយបក្សប្រឆាំង ផ្សព្វផ្សាយដំណឹងក្លែងក្លាយដើម្បីបំភ្លៃការពិត បំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គមដើម្បីបង្កភាពវឹកវរនិងចលាចលនៅក្នុងសង្គម

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលកម្ពុជាក៏ដូចជាសកលលោកទាំងមូលកំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភក្រុមអ្នកនយោបាយបក្សប្រឆាំងនិងក្រុមឱកាសនិយមមួយចំនួន ដែលបានប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្ដាញទំនាក់ទំនងសង្គមនានាធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្លៃការពិត បំប៉ោងសភាពការណ៍បំពុលបរិយាកាសសង្គមដើម្បីបង្កភាពវឹកវរនិងចលាចលនៅក្នុងសង្គមហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ហើយអូសទាញប្រទេសជាតិឱ្យធ្លាក់ទៅក្នុងសង្គ្រាមដើម្បីបម្រើមហិច្ឆិតាលោភលន់របស់ពួកគេ។ ការលើកឡើងរបស់លោក ហ៊ុន សែន បានធ្វើឡើងតាមរយៈសារមួយផ្ញើជូនដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសាកលនិងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ប៉ុន្តែរាល់ឧបាយកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនោះ ត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ដោយចំណាត់ការសមស្រប និងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជានិងមានការចូលរួមពីស្ថាប័នសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មាននិងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិនិងពួកឱកាសនិយមជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីសភាពការណ៍ពិតនៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយនូវព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយមដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានាដើម្បីបំពុលបរិយាកាសសង្គម និងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាននិងអ្នកសារព័ត៌មានអាជីពដែលបានអនុវត្តន៍វិជ្ជាជីវៈត្រឹមត្រូវ៕

អត្ថបទទាក់ទង