ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ ការស្ម័គ្រចិត្តបរិច្ចាគថវិកាជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ គឺជាស្មារតីសាមគ្គីជាតិ ឯកភាពជាតិរបស់ប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 659
ទស្សនៈមិត្តអ្នកអាន៖ ការស្ម័គ្រចិត្តបរិច្ចាគថវិកាជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ គឺជាស្មារតីសាមគ្គីជាតិ ឯកភាពជាតិរបស់ប្រជាជនទស្សនៈមិត្តអ្នកអាន៖ ការស្ម័គ្រចិត្តបរិច្ចាគថវិកាជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ គឺជាស្មារតីសាមគ្គីជាតិ ឯកភាពជាតិរបស់ប្រជាជន

តាមរយៈការថ្លែងសារពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រសិទ្ធិនាមការចូលរួមវិភាគទានថវិកាពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈថាជាចលនាជាតិ និងជាខឿនការពារសុខភាពសាធារណៈរបស់ប្រជាជនយ៉ាងពិតប្រាកដជាពិសេសចលនានេះគឺពិតជាស្មារតីសាមគ្គីជាតិ ឯកភាពជាតិក្នុងចំនួនដ៏ច្រើនលើសលប់ដែលមិនអាចកាត់ថ្លៃបាន។

ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អំពីវិធានការក្នុងការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃក្នុងជំហានដំបូងចំនួន១លានដូសដើម្បីចាក់ជូនអ្នកដែលធ្វើការនៅផ្នែកជួរមុខ និងការងារដែលមានលក្ខណៈប្រឈម៥០ម៉ឺននាក់ដោយឥតគិតថ្លៃរួចមក គេសង្កេតឃើញមានសប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាជាពិសេសអង្គព្រះមហាក្សត្រ សម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជនពិការ និងកុមារផងដែរពោលគឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩។

ផ្ទុយមកវិញ ក្រុមជនអគតិដែលមានជំនាញខាងបំផ្លាញសេដ្ឋកិច្ចកម្ពុជានិងសេចក្តីសុខសាន្តរបស់ប្រជាជនដែលអ្នកវិភាគបញ្ហាសង្គមកម្ពុជាលោក ជេម សុខ តែងឱ្យរហ័សនាមថា «អាបបេរថោក» នោះ បែរជាបានបំភ្លៃចលនាបរិច្ចាគថវិការបស់ប្រជាជននាពេលនេះថាជាការរៃអង្គាស និងរហូតដល់ប្រើពាក្យថារ៉ៃអង្គាសយកមកបើកប្រាក់ខែដោយសារតែគ្មានលុយបើកឱ្យមន្ត្រីរាជការទៅវិញ ស្របពេលដែលនៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មិនបានអំពាវនាវឱ្យមានការចូលរួមរបស់ប្រជាជននោះទេ។ តាមពិតវាជាចរិតរបស់ «អាបបេរថោក» ដែលតែងតែច្រណែនពីប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយប្រឹងគ្រប់មធ្យោបាយដើម្បីតាមឈ្នានីស បង្ទុចបង្អាក់ និងបំផ្លាញភាពរីកចម្រើននិងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយត្បកក្បាល «អាបបេរថោក» ដែលបំភ្លៃរឿងថាជាការរៃអង្គាសយកមកបើកប្រាក់ខែនោះថា ទឹកប្រាក់ដែលទទួលបានពីការបរិច្ចាគពីសំណាក់ប្រជាពលរដ្ឋនិងសប្បុរសជននោះគឺមិនបាន១ភាគ៤នៃប្រាក់ខែដែលត្រូវចំណាយដែលក្នុង១ខែជាង២០០លានដុល្លារនោះទេ ដូច្នេះ សូម «អាបបេរថោក» ឈប់ភូតកុហក់ បោកប្រាស់ប្រជាពលរដ្ឋតទៅទៀតទៅ។

ម្យ៉ាងវិញទៀត សម្តីរបស់ «អាបបេរថោក» ដែលតិះទៀនរឿងការចូលរួមថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩នាពេលនេះ គឺជាការប្រមាថទឹកព្រះទ័យរបស់អង្គព្រះមហាក្សត្រ អង្គព្រះមហាក្សត្រីយ៍មួយកម្រិតថែមទៀត ខណៈព្រះមហាក្សត្របានប្រោសព្រះរាជទាននូវព្រះរាជទ្រព្យចំនួន៥០ម៉ឺនដុល្លារ និងសម្តេចម៉ែចំនួន៥០ម៉ឺនដុល្លារ ព្រមទាំងទឹកព្រះទ័យព្រះសង្ឃ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលបានបរិច្ចាគព្រះរាជទ្រព្យ បច្ច័យ និងថវិកាជាមួយរាជរដ្ឋាភិបាល។ ជាការកត់សម្គាល់ គេមិនបានឃើញ «អាបបេរថោក» និងគូកនរបស់ខ្លួនចូលរួមថវិកាដើម្បីជួយការពារជីវិតប្រជាជនកម្ពុជាសូម្បីតែមួយរយរៀលនោះឡើយ។

គិតត្រឹមថ្ងៃទី១៤ ធ្នូ មានសប្បុរសជនជិតបួនម៉ឺន(៣៨,៤១១)នាក់ បានចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំង និងទទួលបានថវិកាជិតហាសិបលាន (៤៨,០៩៣,៩០៥.១៣) ដុល្លារអាមេរិក និងប្រាក់រៀលជិតបួនពាន់លាន (៣ពាន់ ៩០០លាន) រៀល។ ការស្ម័គ្រចិត្តបរិច្ចាគថវិកាជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩នាពេលនេះ គឺពិតជា «ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងការការពារខឿនសុខភាពសាធារណៈរបស់ប្រជាជន» យ៉ាងពិតៗ។ កាយវិការបរិច្ចាគថវិកាពីសំណាក់សប្បុរសជនដ៏ច្រើនសន្ធឹកសន្ធាប់នាពេលនេះ គឺដោយសារតែប្រជាពលរដ្ឋកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រសិនបើប្រជាពលរដ្ឋមិនមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ច្បាស់ណាស់នឹងមិនមានចលនាចូលរួមបរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្តបែបនេះជាដាច់ខាត៕

ដោយ៖ ពង្ស សុក្រឹត្យ

អត្ថបទទាក់ទង