ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតា ទៅកាន់ប្រទេសអង់គ្លេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 525

កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងផ្ទុះ ដែលរំពឹងថានឹងជួយជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរ។

យោងតាមសារណែនាំរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលយោងទៅលើ ផ្នែកនៃអន្តរកាលនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស (Brexit) វិធានថ្មីសម្រាប់ឆ្នាំ២០២១ ដែលចេញដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់អង់គ្លេសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ប្រទេសដែលមានលក្ខណៈសម្បត្តិជាប្រទេសកំពុងអភិវឌ្ឍ នឹងអាចទទួលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម តាមរយៈប្រព័ន្ធ GSP របស់អង់គ្លេស។

ប្រភពដដែល បញ្ជាក់ថា ប្រព័ន្ធGSPរបស់អង់គ្លេសនេះដំបូងនឹងផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មទៅប្រទេសនានាដូច GSP របស់សហភាពអឺរ៉ុបដែរ ។ ប្រព័ន្ធ GSP របស់អង់គ្លេសនេះ នឹងមានក្របខ័ណ្ឌចំនួន៣ គឺៈក្របខ័ណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។

កម្ពុជាដែលត្រូវបានចាត់ថ្នាក់ដោយអង្គការសហប្រជាជាតិថាជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតនៅក្នុងក្របខ័ណ្ឌ ប្រទេសអភិវឌ្ឍតិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតា ទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធនិងគ្រឿងផ្ទុះ។ នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុប។
សមាគមកំពុងធ្វើការងារជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងសមភាគីអង់គ្លេស ដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្តូរមួយចំនួន នៅក្នុងនីតិវិធីរដ្ឋបាល (ប្រសិនបើមាន) ដូចជាការបញ្ជាក់ប្រភពដើមកំណើតទំនិញ កាលបរិច្ឆេទចូលជាធរមាននៃការអនុវត្ត (ថាតើកាលបរិច្ឆេទនៃការដឹកជញ្ជូនឬកាលបរិច្ឆេទនៃការទៅដល់)៕

អត្ថបទទាក់ទង