លិខិតមិត្តអ្នកអាន៖ វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន

ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០​ | ទស្សនៈ - នយោបាយ |
លិខិតមិត្តអ្នកអាន៖ វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន លិខិតមិត្តអ្នកអាន៖ វិញ្ញាសា៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្ដាប់ដៃវីរបុរសខ្មែរ សម្ដេចតេជោ សែន

«កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ» គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទីបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ពិតជាមានសំណាងដ៏ធំធេង មិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេស ដែលមានសមត្ថភាពអច្ឆិរយៈប្រកបដោយបេះដូងមនុស្សធំមពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃព្រមទាំងការគោរពស្រឡាញ់និងការយកចិត្តទុកដាក់ជាទីបំផុត លើសុខភាពប្រជាជនទូទៅដែលធ្វើឱ្យប្រទេសកម្ពុជាមិនទាន់មានការចម្លងវីរុសកូវីដ-១៩ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះរហូតមកទល់ពេលនេះនៅឡើយ។

នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមាន ហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗគឺ៖
១៖ ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុជា ចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសាកលលោក
២៖ ព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ
៣៖ ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេសក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការសម្រួលឱ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេសអាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀតចូលមកកាន់កម្ពុជា
៤៖ ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ។

ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ថា សម្ដេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លា ដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត ទោះជានៅក្នុងកាលៈទេសៈណាក៏ដោយ បើមានសម្ដេចតេជោ ហ៊ុន សែន គឺកម្ពុជាឈ្នះ និងជម្នះបាននូវអ្វីៗទាំងអស់ មិនថាសត្រូវអត់ស្រមោលវីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុណ្ណាក៏ដោយ។

ជាក់ស្តែង នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅកម្ពុជា ជាពិសេសតាមរយៈការដោះស្រាយ នូវវិញ្ញាសាដ៏ស្មុគស្មាញទាំង៤ខាងលើ និយាយជាទូទៅ និងនិយាយដោយឡែក វិញ្ញាសា «នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកម្ពុជា» និង «ព្រឹត្តិការណ៍ ៣វិច្ឆិកា» បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសតូចតាចមួយនេះ ក្រោមកណ្ដាប់ដៃដែកថែបរបស់សម្ដេចតេជោ ហ៊ុន សែន គឺពិតជាមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ បានទាន់ពេលវេលាប្រកប ដោយប្រសិទ្ធភាពល្អប្រសើរជាទីបំផុត ដែលធ្វើឱ្យប្រជាជនកម្ពុជា អាចចៀសផុតបាននូវការចម្លងក្នុងលក្ខណៈទ្រង់ទ្រាយធំ ហើយមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ តែបេះដូងមនុស្សធម៌ដ៏ពិតប្រាកដបង្កប់ដោយអត្ថន័យគោរពសិទ្ធិមនុស្ស ក្នុងការជួយដល់អ្នកដំណើរជាប់គាំង ក្នុងនាវាខ្នាតយក្សនិងការផ្តល់ជាជំនួយសម្ភារៈ និងបរិក្ខាពេទ្យ ជួយដល់ប្រជាជនឡាវ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកនេះ បានបង្ហាញដល់សាធារណមតិ បណ្ដាប្រទេសនានា និង ពិភពលោកទាំងមូលថា កម្រមានប្រទេសណាដែលគ្រប់គ្រងស្ថានការណ៍បានរហ័សលឿនទាន់ពេលវេលានិងកាត់ផ្តាច់បាននូវខ្សែចម្លងវីរុសកូវីដ-១៩ នៅក្នុង ប្រទេសបានឆាប់ និងល្អប្រសើរដូចមេដឹកនាំកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ។

ប្រទេសកម្ពុជាតូចតាចពិតមែន តែចិត្តទូលាយ ដែលមនុស្សគ្រប់រូប និងគ្រប់ជាតិសាសន៍អាចជ្រកកោនរស់នៅ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។ ប្រជាជនកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលបានសង្គ្រោះប្រទេសជាតិ បានរួចចេញផុតពីសង្គ្រាមរ៉ាំរៃ និងពីសង្គ្រាមអត់សមោលនៃសត្រូវកូវីដ-១៩ដែលធ្វើឱ្យប្រជាជនទូទៅបានវិលត្រឡប់មករស់នៅសភាពធម្មតាតាមបែបគន្លងថ្មីនៃបរិបទបន្តប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ។

គុណបំណាច់ដ៏ធំធេងនេះ គឺប្រជាជនកម្ពុជាមិនអាចបំភ្លេចបានឡើយ និងសូមគោរពជូនពរ សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ចៅប្រុស ចៅស្រី ទាំងអស់មានសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ស្ថិតនៅក្នុងបេះដូងប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀតរហូតតទៅ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ប្រជាជនកម្ពុជា ក៏សូមថ្លែងអំណរគុណដល់កងទ័ពអាវសទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត សម្រុកទៅមុខ ក្នុងការជួយពិនិត្យព្យាបាលជំងឺកូវីដ-១៩ និងការរុករកស្រាវជ្រាវរកអ្នកដែលប៉ះពាល់ រហូតទទួលបានលទ្ធផលល្អប្រសើរនេះផងដែរ ដែលជាការបង្ហាញថា កម្ពុជាមានមេដឹកនាំល្អ ពូកែ និងខ្លាំង ហើយក៏មានកូនទាហាន ប្រតិបត្តិល្អ រហ័ស និងប្រកបដោយសក្តានុពល វិជ្ជាជីវៈពិតប្រាកដក្នុងការប្រយុទ្ធជាមួយសត្រូវអត់ស្រមោលកូវីដ-១៩នេះផងដែរ៕

ដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

បញ្ចេញមតិ
អត្ថបទទាក់ទង