ខ្មែរប៉ុស្ដិ៍ Close

ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» គ្រោងនឹងត្រូវតភ្ជាប់នៅថ្ងៃ៧ធ្នូ ខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 381
ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» គ្រោងនឹងត្រូវតភ្ជាប់នៅថ្ងៃ៧ធ្នូ ខាងមុខ ស្ពានមិត្តភាពកម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» គ្រោងនឹងត្រូវតភ្ជាប់នៅថ្ងៃ៧ធ្នូ ខាងមុខ

ប្រជាពលរដ្ឋទាំងនៅទីជិតទីឆ្ងាយបានសាទរចំពោះសមិទ្ធផលដ៏ថ្មីសន្លាងមួយទៀតគឺស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គដែលជាស្ពានទី២បន្ទាប់ពីស្ពានគីហ្ស៊ូណា។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យទីតាំងនិងប្រជុំពិភាក្សាត្រៀមផែនការបែងចែកភារកិច្ចរៀបចំពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ«ស្ទឹងត្រង់-ក្រូចឆ្មារ» ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

មន្ត្រីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គ«ស្ទឹងត្រង់-ក្រូចឆ្មារ»
ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិននេះគ្រោងនឹងប្រព្រឹត្តទៅនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ សមិទ្ធផលដ៏ថ្មីសន្លាងនេះធ្វើឱ្យប្រជាពលរដ្ឋទាំងនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក៏ដូចជាខេត្តផ្សេងទៀតសាទរហើយក៏ងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកដោយឆាប់រហ័ស។

គួរបញ្ជាក់ថា សមិទ្ធផលជាប្រវត្តិសាស្ត្រដែលជាចំណងដៃដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំនេះ ត្រូវបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ស្ពាននេះមានបណ្តោយប្រវែង១.១៣១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ ចំណាយថវិកាប្រមាណ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយផលប៉ះពាល់និងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ក្រៅពីស្ពានបេតុងដ៏ប្រណីតឆ្លងកាត់ទន្លេមេគង្គ«ស្ទឹងត្រង់-ក្រូចឆ្មារ» នៅក្បាលស្ពានត្រើយខាងស្រុកស្ទឹងត្រង់ គឺមានការពង្រីកផ្លូវថ្នល់ចាក់កៅស៊ូបន្តរហូតដល់ស្រុកចំការលើដែលគ្រោងនឹងចាប់ផ្ដើមធ្វើនៅក្នុងឆ្នាំខាងមុខនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់ទិសទីធ្វើដំណើរឆ្លងកាត់ ក្នុងការដឹកកសិផលទៅកាន់ទីផ្សារដោយឆាប់រហ័ស។ ចំណែកសាឡាងវិញ ត្រូវបានថ្នាក់លើយកទៅចម្លងនៅតំបន់ផ្សេងក្រោយពីស្ពាននេះបានសាងសង់រួច៕

អត្ថបទទាក់ទង